កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន៖ កំពត , ឬទ្ធីសែន,ឧត្តរមានជ័យ សុទ្ធតែប្រកួតក្រៅដី
06, Jul 2022 , 2:56 pm        
រូបភាព
ក្រុមបាល់ទាត់ព្រៃវែង ក្នុងជំនួបជាមួយ ក្រុមបាល់ទាត់ខេត្តកំពត រូបពី ពានសម្ដេច ហ៊ុន សែន
ក្រុមបាល់ទាត់ព្រៃវែង ក្នុងជំនួបជាមួយ ក្រុមបាល់ទាត់ខេត្តកំពត រូបពី ពានសម្ដេច ហ៊ុន សែន
ការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៦ ថ្នាក់ជាតិ សប្ដាហ៍ទី១៧ នៅថ្ងៃទី៦ ខែកក្កដា កំពត អេហ្វស៊ី, ឬទ្ធី សែន និងឧត្ដរមានជ័យ មានសម្ពាធកាន់តែខ្លាំង ដោយជាការប្រកួតក្រៅដី។ សម្រាប់ការប្រកួតក្នុងដី នាសប្ដាហ៍ទី១៦ ថ្ងៃទី២១ ខែមិថុនា ក្រុមទាំងបី ចាញ់ទាំងអស់។


ព្រៃវែង អេហ្វស៊ី ត្រូវស្វាគមន៍ កំពត អេហ្វស៊ី នៅកីឡដ្ឋានខេត្តព្រៃវែង ម៉ោង៣:៣០រសៀល។ កំពត រងសម្ពាធខ្លាំងចំពោះការប្រកួតក្រៅដី ដោយជើងទី១ កំពត ចាញ់ ព្រៃវែង ៥-២។ ដូចនេះ កំពត ត្រូវយកឈ្នះ ព្រៃវែង យ៉ាងហោចណាស់ ត្រូវស៊ុតបញ្ចូលទី ព្រៃវែង ឲ្យបានលើស៣គ្រាប់ ដើម្បីឡើងទៅវគ្គបន្ដ។ ដោយឡែក ព្រៃវែង នឹងអវត្តមានកីឡាករ សំខាន់បីរូបមាន ស៊ិនសុវណ្ណមករា, វឿន វ៉ា និង សឿន រិទ្ធិវរៈវឌ្ឍនា។ តែសម្រាប់ការប្រកួតនេះ ព្រៃវែង ដូចជាមានប្រៀបច្រើន ដោយមានគ្រាប់បាល់ឈ្នះ ៣គ្រាប់ និងជាពិសេស ការប្រកួតនេះ នៅក្នុងកីឡដ្ឋានរបស់ខ្លួន។ 
 
ទន្ទឹមពេលជាមួយគ្នានេះ កោះកុង អេហ្វស៊ី ត្រូវប៉ះជាមួយ ក្លិបបាល់ទាត់ ឬទ្ធិសែន នៅមន្ទីរ អ.យ.ក ខេត្ដកោះកុង។ ក្លិបឬទ្ធិសែន បានចាញ់ កោះកុង អេហ្វស៊ី ៣-២ នៅទឹកដីខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី២១ ខែមិថុនា ក្នុងជើងទី១។ បើទោះជាមានគ្រាប់ចំណេញ១ ក៏ដោយ កោះកុង មិនអាចធ្វេសប្រហែសបានទេ។
 
ក្រុមបាល់ទាត់ ខេត្តឧត្តរមានជ័យ អាចធ្លាក់ត្រឹមវគ្គជម្រុះ ប្រសិនចាញ់ អាយ អេស អាយ ដង្កោសែនជ័យ ជើងទី២នេះ។ កីឡដ្ឋាន Smart R S N នឹងក្លាយជាកន្លែងកាត់សេចក្ដីរបស់ក្រុមទាំង២ ទៅវគ្គបន្ដ។ នៅជើងទី១ ឧត្ដរមានជ័យ ចាញ់ក្នុងទឹកដីខ្លួន ក្នុងលទ្ធផល៣-១។ 
 
ការប្រកួត សប្ដាហ៍ទី១៧ នឹងឈានទៅដល់ថ្ងៃទី២០ ខែកក្កដា ដោយការប្រកួតរវាង អាស៊ីអ៊ឺរ៉ុបយូណាយធីត និងភ្នំពេញហ្គាឡាក់ស៊ី ត្រូវពន្យាពេល ព្រោះ អាស៊ីអ៊ឺរ៉ុបយូណាធីត មានកីឡាករមួយចំនួនចូលរួមជាមួយជម្រើសជាតិ​ ប្រកួត AFF U-19 Championship ។
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com