អន្តរជាតិ
តៃវ៉ាន់ បង្ហាញយន្តហោះហ្វឹកហាត់ថ្មីមានសមត្ថភាពខ្ពស់ដែលផលិតក្នុងស្រុក
07, Jul 2022 , 2:33 pm        
រូបភាព
យន្តហោះហ្វឹកហាត់របស់តៃវ៉ាន់។ រូបថត៖ ទីភ្នាក់ងារព័ត៌មានចិន
យន្តហោះហ្វឹកហាត់របស់តៃវ៉ាន់។ រូបថត៖ ទីភ្នាក់ងារព័ត៌មានចិន
កងទ័ពអាកាសរបស់កោះតៃវ៉ាន់នៅថ្ងៃទី៦ ខែកក្កដា បានបង្ហាញយន្តហោះថ្មីដែលបានរចនា និងផលិតក្នុងស្រុកថ្មីរបស់ខ្លួន​ និងមានសមត្ថភាពប្រយុទ្ធកាន់តែទំនើបដើម្បីជំនួសយន្តហោះចាស់ៗ និងងាយបង្កគ្រោះថ្នាក់។


ខណៈពឹងផ្អែកខ្លាំងលើគ្រឿងបរិក្ខារអាវុធពីអាម៉េរិក តៃវ៉ាន់ក៏ប្រឹងអភិវឌ្ឍសមត្ថភាពក្នុងស្រុកដែរដោយប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ីងវិន បានចាប់ផ្តើមដាក់ការអភិវឌ្ឍវិស័យការពារជាតិជឿនលឿនក្នុងស្រុកជាអាទិភាពមួយ ជាមួយនឹងការបង្កើនកិច្ចខិតខំធ្វើទំនើបកម្មយោធា ខណៈចិនតែងព្យាយាមឈ្លានពានខ្លួន​។ 
 
យន្តហោះ AT-5 Brave Eagle ថ្មីដែលផលិតដោយក្រុមហ៊ុនរដ្ឋ Aerospace Industrial Development Corp ប្រើប្រាស់ថវិកាក្នុងទំហំ ២,៣ ពាន់លានដុល្លារ បានហោះហើរសាកល្បងជាលើកដំបូងនៅឆ្នាំ២០២០។ 
 
យន្តហោះនេះ ជាយន្តហោះដំបូងរបស់តៃវ៉ាន់ដែលផលិតក្នុងស្រុកចាប់តាំងពីយន្តហោះចម្បាំង F-CK-1 Ching-kuo បានដាក់ឱ្យដំណើរការជាងបីទសវត្សរ៍មុន។ យន្តហោះទាំងពីរនេះ មានលក្ខណៈស្រដៀងគ្នា និងមានសមត្ថភាពប្រដំគ្នាផងដែរ។ 
 
នៅឯមូលដ្ឋានទ័ពអាកាស Chihhang ក្នុងទីក្រុង Taitung យន្តហោះ Brave Eagle បីគ្រឿងបានហោះលើអាកាសឆ្ពោះទៅលើឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ ដើម្បីបង្ហាញពីសមត្ថភាព​។ មន្ត្រីហ្វឹកហ្វឺនជើងហោះហើរ Chang Chong-hao និយាយថា យន្តហោះ Brave Eagle សក្ដិសមសម្រាប់គោលបំណងហ្វឹកហាត់ប្រយុទ្ធពីអាកាស ហើយអាចចុះចតរួមហោះឡើងដោយប្រើផ្លូវរត់ខ្លី។
 
យន្តហោះហ្វឹកហាត់ Brave Eagle នេះក៏អាចត្រូវបានបំពាក់ដោយសព្វាវុធទោះបីជាវាស្ថិតក្នុងដំណាក់កាលសាកល្បងក៏ដោយ ហើយយន្តហោះនេះត្រូវបានរចនាឡើងដោយមានមុខងារជំនួយនៅពេលមានសង្រ្គាម។
 
កងទ័ពអាកាសរបស់តៃវ៉ាន់ គ្រោងទទួលយន្តហោះនេះចំនួន៦៦គ្រឿងនៅឆ្នាំ ២០២៦ ដើម្បីជំនួសយន្តហោះហ្វឹកហ្វឺន AT-3 និង F-5 ដែលមានវ័យចំណាស់ និងបានធ្លាក់ជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យន្តហោះ AT-3 ដែលជាម៉ូដែលដែលបានហោះហើរលើកដំបូងក្នុងឆ្នាំ១៩៨០ បានធ្លាក់ក្នុងខែឧសភា ខណៈដែលយន្តហោះ F-5 ចំនួន ៣ គ្រឿងបានធ្លាក់កាលពីឆ្នាំមុន៕
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com