កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកវិភាគ ៖ Ronaldo ចង់ចាកចេញព្រោះបិសាចក្រហមដូចជាទូកកំពុងលិច
08, Jul 2022 , 8:29 am        
រូបភាព
Cristiano Ronaldo ចូលរួមជាមួយក្រុម Manchester United ក្នុងពេលវេលាដ៏សំខាន់មួយកាលពីរដូវកាលមុន ។ តែពេលនេះរូបគេចង់ចាកចេញវិញ ព្រោះគេគិតថាបិសាចក្រហមដូចជាទូកកំពុងតែលិច។ នេះបើតាមការវិភាគលោក Jamie O’Hara ក្នុងកម្មវិធី TalkSPORT ថ្ងៃទី៦​ ខែកក្កដា។

 
ខ្សែប្រយុទ្ធវ័យ៣៧ កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលនិងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរឿងអនាគតជាមួយក្រុម Man United។ កាលពីសប្តាហ៍មុនខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ ត្រូវបានសារព័ត៌មានច្រើនផ្សាយថា បានស្នើសុំក្លិបចាកចេញ ប្រសិនបើមានក្រុមណាផ្សេងដាក់សំណើទិញរូបគេ។
 
រដូវកាល ២០២១-២២ ជារដូវកាលដ៏អាម៉ាស់ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមបិសាចក្រហម ដោយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី៦ នៃ Premier League ហើយមានត្រឹមតែ៥៨ពិន្ទុប៉ុណ្ណោះក្នុងដៃ។ ជារដូវកាលទី៤ ចាប់តាំងពីឆ្នាំ ២០១៨ មក Man United មិនដែលស្គាល់រស់ជាតិឈ្នះពានរង្វាន់អ្វីមួយឡើយ ហើយក្រុមមួយនេះបាន ប្តូរគ្រូបង្វឹកដល់ទៅ២រូបមានដូចជាលោក Ole Gunnar Solskjaer ដែលដឹកនាំបាន ២រដូវកាល និងលោក Ralf Rangnick រយៈពេល៦ខែ។
 
គ្មានកៅអីលេង Champions League បានក្លាយជាបញ្ហាចោទនិងផលពិបាកទៅឱ្យ Man United ក្នុងការបញ្ចុះបញ្ចូលនាំយកកីឡាករថ្មីមកចូលរួមក្រុម។ ហេតុផលនេះ ហើយជារឿងចម្បងមួយ ជំរុញចិត្តខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ ដែលជាកីឡាករសំខាន់ស្នើក្លិបសុំចាកចេញ។
 
សម្រាប់ការហ្វឹកហាត់សប្តាហ៍ទីពីររបស់ក្រុមបិសាចក្រហម ខ្សែប្រយុទ្ធឈ្នះ Ballon d’Or ៥លើករូបនេះ មិនបានវិលត្រលប់មកចូលរួមឡើយ ដោយលើកហេតុផលគ្រួសារ។ ក្លិបបិសាចក្រហមផ្ទាល់ទៀតសោត ក៏ធ្លាប់បានប្រកាសថា ពួកគេនឹងមិនលក់ Ronaldo ជាដាច់ខាត។ រឿងរ៉ាវរបស់ Ronaldo បានក្លាយជាប្រធានបទក្តៅកគុកមួយ ទាក់ទងនឹងការចង់ចាកចេញនេះ ។ បើតាមលោក Fabrizio Romano អ្នកកីឡាដ៍ល្បីមួយរូប បានបង្ហើបថាក្លិបធំៗបីកំពុងតែចរចាជាមួយលោក Jorge Mendes ដែលជាភ្នាក់ងារលើរឿង Ronaldo។
 
វិភាគអំពី Ronaldo សុំក្លិបចាកចេញ លោក Jamie O’Hara អតីតកីឡាករ Tottenham Hotspur បានជំរុញឱ្យ Man United ព្យាយាមបញ្ចុះបញ្ចូលកីឡាករល្អប្រចាំក្រុមឱ្យស្នាក់នៅបន្ត តែលោកក៏ពន្យល់ពីហេតុផលការចង់ចេញរបស់ Ronaldo មុនចាប់ផ្តើមរដូវកាល ២០២២-២៣។ 
 
«Cristiano Ronaldo ជាកីឡាកររកគ្រាប់បាល់ច្រើនជាគេប្រចាំក្រុមរដូវកាលមុន គេបានចូលរួមជាមួយបិសាចក្រហមក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ក្លិប ហើយគេចាកចេញព្រោះគិតថាក្រុមដូចជាទូកមួយកំពុងតែលិច។ វាជារឿងអាម៉ាស់ដែលត្រូវឱ្យគេចាកចេញ Ronaldo ជួយក្រុមសឹងទាំងអស់ចាប់តាំងពេលចូលរួមប៉ុន្មានចុងក្រោយនៃ Premier League ហើយរូបគេគិតថាអនាគតមិនភ្លឺស្វាងឡើយជាមួយ Man United។»។លោក O’Hara និយាយក្នុងកម្មវិធី TalkSPORT បែបនេះ។
 
អ្នកវិភាគរូបគេក៏បានអះអាងបន្ថែមថា ការសុំចាកចេញរបស់ Ronaldo ជារឿងត្រឹមត្រូវ ព្រោះគេចង់ឈ្នះពានរង្វាន់។ 
 
សូមជម្រាបថា Chelsea, Barcelona និង Bayern Munich បាននិយាយថាពួកចាប់អារម្មណ៍ក្នុងការចុះកិច្ចសន្យាយក Ronaldo ទៅចូលរួមក្រុម ក្រោយទទួលដំណឹងចង់ចាកចេញ។ ក្នុងពេលថ្មីៗនេះម្ចាស់ក្លិប Chelsea លោក Todd Boehly ក៏បានជួបជាមួយភ្នាក់ងារផ្ទាល់របស់ Ronaldo លោក Mendes ដើម្បីពិភាក្សាលើរឿងកិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ៕
 

Tag:
 Cristiano Ronaldo
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com