អន្តរជាតិ
លោកចនសុន សន្យាមិនផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ ក្នុងនាមជានាយករដ្ឋមន្រ្តីចាំផ្ទះ
08, Jul 2022 , 10:46 am        
រូបភាព
លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស ធ្វើសុន្ទរកថា លាលែងពីតំណែងប្រធានបក្សអភិរក្សនិយម នៅថ្ងៃទី៧ ខែកក្កដា។ រូបភាពយកពីវេបសាយរដ្ឋាភិបាលអង់គ្លេស
លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស ធ្វើសុន្ទរកថា លាលែងពីតំណែងប្រធានបក្សអភិរក្សនិយម នៅថ្ងៃទី៧ ខែកក្កដា។ រូបភាពយកពីវេបសាយរដ្ឋាភិបាលអង់គ្លេស
លោក បូរីន ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស នៅថ្ងៃទី៧ ខែកក្កដា បានប្រកាសចុះចេញពីតំណែងមេដឹកនាំបក្សអភិរក្សនិយមហើយ ដែលនេះនឹងត្រួសត្រាយផ្លូវដល់ការរើសនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីជំនួសលោក។ បន្ទាប់ពីចុះចេញជាប្រធានបក្ស លោកចនសុន បានសន្យាមិនផ្លាស់ប្តូរគោលនយោបាយសំខាន់ៗឡើយ មុនពេលចុះចេញពីតំណែងជាប្រមុខរដ្ឋាភិបាលអង់គ្លេស។

 
បន្ទាប់ពីមានរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងការបំពានវិធានជំងឺកូវីដ-១៩ ក្នុងអំឡុងបិទខ្ទប់ប្រទេស ការការពារសមាជិកសភាម្នាក់​ដែលបាន​បំពានច្បាប់បញ្ចុះបញ្ចូល និងការតែងតាំងតំណាងរាស្រ្ត​ម្នាក់ដែលមានពាក់ព័ន្ធរឿង​អាស្រូវ​ផ្លូវភេទ លោក បូរីស ចនសុន ប្រមុខរដ្ឋាភិបាលអង់គ្លេស បានប្រកាសចុះចេញពីតំណែងប្រធានបក្សអភិរក្សនិយម តាមការស្នើសុំរបស់សមាជិកសភា និងរដ្ឋមន្រ្តីមួយចំនួន។ 
 
លោកចនសុន ត្រូវធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះសិន រហូតដល់ប្រធានបក្សអភិរក្សនិយមថ្មី ត្រូវបានរកឃើញ ដើម្បីជំនួសតំណែងជាប្រមុខរដ្ឋាភិបាលអង់គ្លេសថ្មី។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយនៅថ្ងៃទី៧ ខែកក្កដា ប្រមុខរដ្ឋាភិបាលរូបនេះ បានសន្យាមិនផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ ឬធ្វើសេចក្តីសម្រេចទាក់ទិនហិរញ្ញវត្ថុធំៗឡើយ។ 
 
«ខ្ញុំមិនរំពឹងថា អ្នកនឹងត្រូវបង្ខំដោយការិយាល័យនាយករដ្ឋមន្រ្តីឱ្យធ្វើគោលនយោបាយថ្មីឡើយ»។ លោកចនសុន បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខរដ្ឋមន្រ្តីថ្មី និងចាស់ ដោយបន្ថែមថា វានឹងគ្មានលេសសម្រាប់រដ្ឋមន្រ្តី ក្នុងការបន្ថយកិច្ចខិតខំទាក់ទិននឹងការងារនៅក្នុងប្រទេសឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។  
 
ក្នុងអំឡុងសុន្ទរកថា នៅបរិវេនខាងក្រៅការិយាល័យនាយករដ្ឋមន្រ្តី Downing Street លោក ចនសុន បានបញ្ជាក់ថា វាច្បាស់ណាស់ នៅក្នុងពេលនេះ ដែលសមាជិកសភាមកពីបក្សអភិរក្សនិយម ចង់បានមេដឹកនាំបក្សថ្មី និងនាយករដ្ឋមន្រ្តីថ្មី។ បើតាមប្រមុខរដ្ឋាភិបាលអង់គ្លេស នីតិវិធីក្នុងការជ្រើសរើសមេដឹកនាំបក្សថ្មី ចាប់ផ្តើមពីពេលលោកលាលែងចេញពីតំណែង។ 
 
ពីបរិវេនខាងក្រៅការិយាល័យ Downing Street ដដែល លោកចនសុន បានអរគុណដល់ប្រជាជន ដែលបោះឆ្នោតឱ្យខ្លួនកាលពីឆ្នាំ២០១៩ រួមទាំងបញ្ជាក់ពីស្នាដៃរបស់រដ្ឋាភិបាលខ្លួន ដែលបានសម្រេចនាពេលកន្លង ក្នុងនោះមានដូចជាការប្រឆាំងជំងឺកូវីដ-១៩ និងការលើកចោលការបិទខ្ទប់។ មេដឹកនាំរូបនេះ ក៏បានប្តេជ្ញាបន្តជួយអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ីផង។ 
 
តើនីតិវិធីក្នុងការជ្រើសរើសប្រធានបក្សអភិរក្សនិយមថ្មីត្រូវធ្វើឡើងបែបណា? 
 
នៅពេលប្រធានបក្សអភិរក្សនិយម ចុះចេញពីតំណែង ការបោះឆ្នោតរើសប្រធានបក្សថ្មី នឹងត្រូវធ្វើឡើង។ តាមវិធានបក្សក្នុងពេលបច្ចុប្បន្ន បេក្ខភាពប្រជែងតំណែងជាប្រធានបក្សអភិរក្សនិយម ចាំបាច់ត្រូវគាំទ្រពីសមាជិកសភារបស់បក្សចំនួន ៨រូប ទើបអាចចូលរួមប្រកួតប្រជែងបាន។ បើសិនបើបេក្ខភាពចូលរួមមានច្រើន នីតិវិធីមួយចំនួន នឹងត្រូវរៀបចំ ដើម្បីចម្រាញ់យកបេក្ខជនតែចំនួនពីររូបប៉ុណ្ណោះ ដើម្បីយកមកប្រកួតជុំចុងក្រោយ ដើម្បីធ្វើជាប្រធានបក្ស។ 
 
នៅជុំដំបូងនៃការបោះឆ្នោតនោះ បេក្ខជនមួយរូបៗ ត្រូវតែទទួលបានសំឡេងគាំទ្រ ៥ភាគរយឬ១៨សំឡេង ពីសមាជិកសភារបស់បក្សអភិរក្សនិយម។ បេក្ខជន ដែលមិនទទួលបានសំឡេងគាំទ្រក្នុងចំនួននោះ នឹងត្រូវជម្រុះចោល។ នៅដំណាក់កាលទីពីរ បេក្ខជននីមួយៗ ត្រូវទទួលបានសំឡេងគាំទ្រពីសមាជិកសភាចំនួន ១០ភាគរយ ឬ៣៦សំឡេង។ នៅដំណាក់បន្ទាប់ពីនេះ បេក្ខជន ដែលទទួលបានសំឡេងតិចជាងគេ នឹងបាត់បង់ឱកាសបន្ត។ សមាជិកសភាមកពីបក្សអភិរក្សនិយម នឹងធ្វើបែបនេះ រហូតដល់បេក្ខជនប្រជែងតំណែងប្រធានបក្សសល់តែពីររូប។ 
 
ក្នុងការបោះឆ្នោតជុំចុងក្រោយ ដែលមានបេក្ខជនតែពីររូប សមាជិកបក្សអភិរក្សនិយមទាំងអស់នៅអង់គ្លេស នឹងបោះឆ្នោតសម្រេច។ បុគ្គលដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ នឹងក្លាយជាប្រមុខបក្សអភិរក្សនិយម បន្តពីលោក ចនសុន។ ប្រមុខបក្សអភិរក្សនិយម នឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស លុះត្រាតែមានការគាំទ្រភាគច្រើនពីសមាជិកសភា។ ក្នុងពេលបច្ចុប្បន្ន បក្សអភិរក្សនិយម មានសំឡេងភាគច្រើននៅក្នុងសភាស្រាប់។ បន្ទាប់ពីការបោះឆ្នោតពីសភា ម្ចាស់ក្សត្រីអង់គ្លេស នឹងស្នើឱ្យមេដឹកនាំបក្សនយោបាយនោះ រៀបចំរដ្ឋាភិបាលថ្មីមួយ។ 
 
តើលោកចនសុន នឹងកាន់តំណែងនាយករដ្ឋមន្រ្តីអង់គ្លេសដល់ពេលណា? 
 
លោកបូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស នឹងកាន់តំណែងរហូតទាល់តែប្រធានបក្សអភិរក្សនិយមថ្មីត្រូវបានកំណត់។ យ៉ាងណាមិញ ក្នុងពេលនេះ គេមិនទាន់ដឹងឡើយ ថាតើនរណានឹងក្លាយជាប្រធានបក្សអភិរក្សនិយម។ តាមច្បាប់ លោក ចនសុន ដែលនៅតែកាន់តំណែងជានាយករដ្ឋមន្រ្តី មានអំណាចដូចដើម ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង មេដឹកនាំរូបនេះ អាចនឹងពិបាកក្នុងការដាក់ចេញគោលនយោបាយផ្សេងៗ ដោយសារបាត់បង់សំឡេងគាំទ្រ។ 
 
ប្រសិនបើលោកចនសុន ចង់លាលែងពីតំណែងក្នុងពេលនេះ ម្ចាស់ក្សត្រីអង់គ្លេស នឹងតែងតាំងសមាជិកគណៈរដ្ឋមន្រ្តីណាមួយ ធ្វើជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន។ ប៉ុន្តែស្ថានភាព អាចនឹងប្រឈមការលំបាក៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com