កីឡាជាតិ
ជាតិ
សល់៣០០ថ្ងៃទៀត កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ជាលើកដំបូង
08, Jul 2022 , 10:19 am        
រូបភាព
សល់៣០០ថ្ងៃទៀត កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ រូបពី Camsoc
សល់៣០០ថ្ងៃទៀត កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ រូបពី Camsoc
គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣  កម្ពុជា សល់ត្រឹមតែ៣០០ថ្ងៃទៀត នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។



គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Camsoc) ក្នុងវេទិការជួបជុំប្រព័ន្ធផ្សព្វផ្សាយ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា កន្លងមក បានអំពាវនាវដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដូចជាទូរទស្សន៍ វិទ្យុ និង ស្ថាប័នផ្សព្វផ្សាយនានា ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។ 
 
ជាមួយការផ្សព្វផ្សាយនេះដែរ Camsoc អនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ផលិតនូវបទចម្រៀង និងវីឌីអូ ដែលទាក់ទងទៅនិងព្រឹត្តិការណ៍ស៊ីហ្គេម ការប្រើប្រាស់ Logo និង Mascot របស់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមផងដែរ។ ប៉ុន្ដែ រាល់បទចម្រៀងដែលពាក់ព័ន្ធ និងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវឆ្លងកាត់ការត្រួតពិនិត្យខ្លឹមសារ និងទំនុកច្រៀងពី Camsoc។ 
 


គួររំលឹកផងដែរថា Camsoc បានដាក់អនុវត្តនូវយុទ្ធនាការ៤ចំណុច រួមមាន កីឡារស់ក្នុងសន្ដិភាព, ប្រជាជនម្នាក់លេងកីឡាមួយមុខអស់មួយជីវិត, កម្ពុជាស្អាត និងកម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន។ កម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ ជាលើកទីមួយហើយ បើគិតចាប់ពីឆ្នាំ១៩៥៩។ តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជា មានឱកាសផ្សព្វផ្សាយឲ្យប្រទេសក្នុងតំបន់ និងពិភពលោក ស្គាល់កាន់តែច្បាស់ពីអរិយធម៌ និងវប្បធម៌របស់កម្ពុជា៕
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com