កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo អវត្តមានក្នុងការប្រកួតមិត្តភាពត្រៀមបើករដូវកាល នៅថៃ និងអូស្ត្រាលី
08, Jul 2022 , 11:40 am        
រូបភាព
Cristiano Ronaldo នឹងមិនធ្វើដំណើរជាមួយក្រុម Manchester United ទៅកាន់ប្រទេសថៃ និងអូស្ត្រាលីឡើយ សម្រាប់ការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីនៃ ​Premier League។

 
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ កាលពីសប្តាហ៍មុន មានកាសែតកីឡាជាច្រើនរាយការណ៍ ថា រូបគេបានស្នើក្លិបសុំចាកចេញ ប្រសិនបើមានក្លិបណាផ្សេងដាក់សំណើទិញរូបគេ។ តាមពិតទៅ Ronaldo ត្រូវបានរំពឹងថា នឹងវិលត្រលប់មកជំរុំហ្វឹកហាត់កាលពីថ្ងៃ៤ ខែកក្កដា ប៉ុន្តែរូបគេមិនវិលត្រលប់មកជំរុំហ្វឹកហាត់ Carrington វិញ ឡើយដោយលើកហេតុផលបញ្ហាគ្រូសារ។
 
អ្នកវិភាគរួមមានលោក Rio Ferdinand និងលោក Tony Cascarino បានមើលឃើញថា Ronaldo សុំចាកចេញនេះ មានមូលហេតុចម្បងគឺ Ronaldo មិនសប្បាយចិត្តព្រោះ Man United គ្មានកៅអី Champions League រដូវកាលក្រោយ។ រដូវកាល ២០២១-២២ Man United បញ្ចប់ចំណាត់ថ្នាក់លេខ៦ នៃ Premier League មានត្រឹមតែ៥៨ពិន្ទុ ដែលជាពិន្ទុទាបបំផុតលើកដំបូងប្រចាំប្រវត្តិសាស្ត្រក្រុម។
 
បើតាមកាសែត ​Manchester Evening News នាថ្ងៃទី៧ ខែកក្កដា ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ មិនចូលរួមធ្វើដំណើរជាមួយបិសាចក្រហម ទៅកាន់ប្រទេសថៃ និងប្រទេសអូស្ត្រាលី ដោយសារមូលហេតុគ្រួសារដដែល។
 
«Cristiano Ronaldo មិនធ្វើដំណើរជាមួយក្រុម Manchester United ឡើយក្នុងការធ្វើដំណើរទៅប្រកួតមិត្តភាពត្រៀមបើករដូវកាលនៅប្រទេសថៃ និងអូស្ត្រាលី នាថ្ងៃទី៨ ខែកក្កដានេះឡើយ។ ​Ronaldo ទទួលបានពេលវេលាសម្រាកបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាគ្រូសារ។»។ អ្នកនាំពាក្យក្រុម Man United ប្រាប់ទៅកាសែត Manchester Evening News បែបនេះ។
 
អ្នកនាំពាក្យរបស់ Man United ដដែលនេះ ក៏បានអះអាងបន្ថែមថា កិច្ចសន្យារបស់ Ronaldo ជាមួយក្រុមនៅមានរយៈពេល១រដូវកាលទៀត ហើយ Ronaldo មិនមែនសម្រាប់លក់ឡើយ។
 
ចាប់តាំងចូលរួមជាមួយបិសាចក្រហមក្នុងរដូវកាល ២០២១-២២ Ronaldo បានស្វែងរកគ្រាប់បាល់ចំនួន ២៤រាល់គ្រប់ការប្រកួត ប៉ុន្តែមិនអាចជួយក្រុមប្រជែងកៅអី Champions League បានឬក៏ឈ្នះពានរង្វាន់អ្វីមួយឡើយ។ បិសាចក្រហមមិនដែលស្គាល់រសជាតិឈ្នះពានរង្វាន់នានា ចាប់ពីឆ្នាំ ២០១៨ មកបច្ចុប្បន្ន។
 
មកដល់ពេលនេះក្លិបបាល់ទាត់ធំៗដូចជា Bayern Munich, Paris Saint Germain, Chelsea, Napoli និងក្លិបនៅលីគអាម៉េរិក MLS បានបង្ហាញចំណាប់អារម្មណ៍ក្នុងការដាក់សំណើលើ Ronaldo ខណៈពេលអតីតក្លិបចាស់ Real Madrid និង Sporting CP ក៏បង្ហាញចំណាប់អារម្មណ៍ផងដែរ។
 
សូមជម្រាបថា ក្រុមManchester United នឹងត្រូវជួបតទល់ជាមួយ Liverpool ដំបូងគេបង្អស់នៅថ្ងៃទី១២ ខែកក្កដា ដែលជាការប្រកួតមិត្តភាពត្រៀមបើករដូវកាល មុនពេលធ្វើដំណើរទៅអូស្ត្រាលី ដើម្បីប្រកួតទល់ក្រុម Melbourne Victory, Crystal Palace និង Aston Villa៕
 
 
 
 

Tag:
 Cristiano Ronaldo
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com