អន្តរជាតិ
រដ្ឋាភិបាលជប៉ុន៖ លោក អាបេ ត្រូវបានគេបាញ់ ខណៈស្ថានភាពមិនទាន់ដឹងច្បាស់
08, Jul 2022 , 11:55 am        
រូបភាព
រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី៨ ខែកក្កដា បានបញ្ជាក់ថា លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានគេបាញ់ ខណៈស្ថានភាពលោកពេលនេះ មិនទាន់ដឹងច្បាស់នៅឡើយ។

 
«អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ត្រូវបានបាញ់នៅម៉ោង១១ និង៣០នាទីព្រឹក នៅតំបន់ណារ៉ា»។ ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន លោក Hirokazu Matsuno បានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែកក្កដា ដោយបន្ថែមថា ប៉ូលិស បានចាប់ខ្លួនបុរសម្នាក់ ដែលសង្ស័យបានបាញ់លោកអាបេ។ 
 
ទន្ទឹមនេះ មន្រ្តីរដ្ឋាភិបាលជប៉ុន បានបន្ថែមថា មកទល់ពេលនេះ គេមិនទាន់ដឹងពីស្ថានភាពរបស់លោក អាបេ នៅឡើយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក អាបេ បាត់បង់ស្មារតី ហើយបេះដូងលែងដើរនៅពេលបញ្ជូនទៅមន្ទីរពេទ្យ។
 
តាមការចុះផ្សាយរបស់ទូរទស្សន៍ NHK ជនសង្ស័យមានឈ្មោះ Yamagami Tetsuya មានវ័យប្រមាណ ៤១ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន និងចោទពីបទប៉ុនប៉ងធ្វើឃាតកម្ម ប៉ុន្តែមានមូលហេតុដែលនៅពីក្រោយនៅឡើយ។ ទន្ទឹមនេះ បូលិសជប៉ុន ក៏បានដកហូតកាំភ្លើងមួយដើមផង។ ប្រភពមន្រ្តីប៉ូលិស បានអះអាងថា លោកអាបេ ត្រូវបានបាញ់ពីផ្នែកខាងក្រោយ ដោយកាំភ្លើង Shotgun៕
 
 
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com