កីឡាអន្តរជាតិ
អន្តរជាតិ
Christensen សង្ឃឹមថា ​Azpilicueta និង ​Alonso ផ្លាស់ពី Chelsea ទៅ Barca
08, Jul 2022 , 7:29 pm        
រូបភាព
ខ្សែការពារ Andreas Christensen ថ្ងៃទី៧ ខែកក្កដា បានបង្ហាញក្តីសង្ឃឹមថា រូបគេនឹងមិនមែនជាខ្សែការពារតែម្នាក់ឡើយដែលចាកចេញពី Chelsea សម្រាប់ Barcelona ក្នុងរដូវកាលថ្មីដ៏ឆាប់រហ័សមួយនេះ។

 
Christensen ត្រូវបានបង្ហាញខ្លួនក្នុងនាមជាកីឡាករក្លិប Barca ក្រោយពេលចាកចេញពីទឹកដី Stamford Bridge ដោយសារតែផុតកំណត់កិច្ចសន្យា។ កីឡាករខ្សែការពារប្រចាំក្រុមជម្រើសជាតិអេស្ប៉ាញ Azpilicueta និង Marcos Alonso សុទ្ធសឹងតែជាគោលដៅចាប់អារម្មណ៍របស់ក្រុម Barca ក្នុងរដូវកាលនេះដូចគ្នា។ 
 
អំឡុងពេលធ្វើបទបង្ហាញជាមួយក្លិប Barca ខ្សែការពារសញ្ជាតិដាណឺម៉ាករូបនេះ បានបង្ហើបថា រូបគេបានពិភាក្សាជាមួយអតីតមិត្តរួមក្រុមជាខ្សែការពារទាំងពីររូប អំពីការផ្លាស់មកអេស្ប៉ាញនេះ។
 
«ខ្ញុំបាននិយាយជាមួយពួកគេ ហើយបានប្រាប់ថាខ្ញុំទៅចូលរួមជាមួយ Barca ពួកគេជាមិត្តដ៏ល្អសម្រាប់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចលេងជុំគ្នាជាថ្មីជាមួយពួកគេនៅក្លិបនេះ។ ខ្ញុំមិនទាន់បានចូលរួមជាមួយមិត្តរួមក្រុមថ្មីដែលសំបូរទៅដោយគុណភាពទាំងអស់នេះនៅឡើយទេ ។ ប៉ុន្តែខ្ញុំពិតជាចង់លេងជាមួយ Azpilicueta និង Alonso ខ្លាំងណាស់រដូវកាលក្រោយ។»។
 
មុនពេលចុះកិច្ចសន្យាជាមួយ Christensen ក្លិប Barca កាលពីថ្ងៃទី៦ ខែកក្កដា ក៏បានធ្វើបទបង្ហាញពីការមកដល់របស់ខ្សែបម្រើ Franck Kessie ដែលផ្ទេរមកពីក្លិប AC Milan ក្នុងនាមជាកីឡាគ្មានតម្លៃខ្លួនដូចគ្នា។ លោក Laporta អះអាងថា ដំបូងឡើយ ក្លិបត្រូវធ្វើរួមគ្នាសម្រាប់បទបង្ហាញរបស់កីឡាករទាំងពីរ ប៉ុន្តែដោយសារតែបញ្ហាហិរញ្ញវត្ថុ ក្លិបមិនអាចចុះកិច្ចព្រមព្រៀមកីឡាករពីរ ក្នុងពេលតែមួយបាន។
 
ក្លិបស្ថិតនៅតំបន់ Catalonia មួយនេះកំពុងស្ថិតនៅក្នុងបញ្ហាហិរញ្ញវត្ថុនៅឡើយ Barca ក៏កំពុងតែបន្តដោះស្រាយលើបញ្ហាប្រាក់ឈ្នួលកីឡាករ ដោយបន្តកាត់ប្រាក់ឈ្នួលកីឡាករ ដើម្បីអាចសម្របសម្រួលនាំយកកីឡាករថ្មីមកបាន៕
 
 
 

Tag:
 Barcelona
  Andreas Christensen
© រក្សាសិទ្ធិដោយ thmeythmey.com