កីឡាអន្តរជាតិ
អន្តរជាតិ
Bruno Fernandes ទទួលបានអាវលេខ៨ ដែលខ្លួនពេញចិត្តសម្រាប់រដូវកាលក្រោយ
08, Jul 2022 , 4:38 pm        
រូបភាព
 រូបភាព Facebook ៖ Manchester United
រូបភាព Facebook ៖ Manchester United
ខ្សែបម្រើ Bruno Fernandes នឹងពាក់អាវលេខ៨ ដែលខ្លួនពេញចិត្តបំផុតនៅក្លិប Manchester United សម្រាប់រដូវកាលក្រោយ ខណៈពេលកីឡាករចំណូលថ្មី Tyrell Malacia ទទួលបានអាវលេខ១២ នៅ Old Trafford។

 
ចាប់តាំងចូលរួមជាមួយក្រុម Manchester United ដោយផ្ទេរពីរក្រុម Sporting CP របស់ព័រទុយហ្គាល់កាលពីខែមករា ឆ្នាំ ២០២០ មក Bruno ទទួលបានអាវលេខ១៨។ លេងបាន២រដូវកាល Bruno ជួយរកគ្រាប់បាល់ឱ្យបិសាចក្រហមបានចំនួន ៥០គ្រាប់ នៅទូទាំងការបង្ហាញខ្លួនចំនួន១២៦ប្រកួតនៅគ្រប់កម្មវិធី។
 
សម្រាប់រដូវកាល ២០២២-២៣ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ទទួលបានជម្រើសពីគ្រូបង្វឹកថ្មីគឺលោក Erik ten Hag ដោយអាចផ្លាស់ប្តូរយកអាវដែលមានលេខ ៨ ដែលគេស្រលាញ់និងចូលចិត្ត ក្រោយពេលកីឡាករខ្សែបម្រើវ័យចំណាស់ Juan Mata បានចាកចេញពីក្លិបពេលបញ្ចប់រដូវកាល។ ទទួលបានអាវលេខ៨ សម្រាប់រដូវកាលថ្មីជារឿងដ៏រំភើបមួយដែល Bruno ចង់បានដូចទៅនឹងការសាក់លើដៃខាងស្តាំរបស់គេដែលមានរូបលេខ៨។ 
 
កីឡាករវ័យ២៧ឆ្នាំ នឹងបង្ហាញខ្លួនឱ្យក្រុមបិសាចក្រហមលើកដំបូងក្នុងឯកសណ្ឋានលេខ៨ នាការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មី ក្នុងប្រទេសថៃ ក្រុមបិសាចក្រហមថ្ងៃទី៨ កំពុងតែធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីត្រៀមការប្រកួតមិត្តភាពទល់ Liverpool នាថ្ងៃទី១២ ខែកក្កដា។
 
Bruno Fernandes ក្លាយជាកីឡាករទី៦ហើយប្រចាំ Man United ដែលបានពាក់អាវលេខ៨ នេះនៅក្នុងទឹកដី Old Trafford ចាប់តាំងពីឆ្នាំ ១៩៩៣ មក។ កីឡាករ៥​ រូបដែលធ្លាប់ពាក់អាវលេខ៨នេះ រួមមាន លោក Paul Ince, លោក Nicky Butt, Wayne Rooney, Anderson និង Juan Mata។
 
ចំណែកខ្សែការពារស្លាបចំណូលថ្មី Tyrell Malacia ក៏នឹងទទួលបានអាវលេខ១២ ដែលខ្លួនធ្លាប់បានប្រើអំឡុងនៅជាកីឡាកររបស់ Feyenoord។ ខ្សែការពារស្លាបឆ្វេងវ័យ២២ឆ្នាំរូបនេះ បានចុះកិច្ចសន្យា៤ឆ្នាំជាមួយបិសាចក្រហម ហើយរូបគេក៏ជាកីឡាករដំបូងដែល Man United បានចុះកិច្ចសន្យាយកមកសម្រាប់រដូវកាល ២០២២-២៣ ក្រោមការគ្រប់គ្រងរបស់លោក ​Erik ten Hag៕
 

Tag:
 Bruno Fernandez
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com