អន្តរជាតិ
លោកឡាវរ៉ូវ៖ រុស្ស៊ី និងចិន បានដើរតួយ៉ាងសំខាន់ក្នុងការការពារធម្មនុញ្ញ UN និងច្បាប់អន្តរជាតិ
08, Jul 2022 , 8:29 pm        
រូបភាព
ប្រមុខការទូតរុស្ស៊ី លោកស៊ែហ្គេយ៍ ឡាវរ៉ូវ (ខាងឆ្វេង) ក្នុងជំនួបជាមួយសមភាគីចិន លោកវ៉ាង យី នៅថ្ងៃទី៧ ខែកក្កដា។ រូបភាព៖ Xinhua
ប្រមុខការទូតរុស្ស៊ី លោកស៊ែហ្គេយ៍ ឡាវរ៉ូវ (ខាងឆ្វេង) ក្នុងជំនួបជាមួយសមភាគីចិន លោកវ៉ាង យី នៅថ្ងៃទី៧ ខែកក្កដា។ រូបភាព៖ Xinhua
ប្រមុខការទូតរុស្ស៊ី លោកស៊ែហ្គេយ៍ ឡាវរ៉ូវ ក្នុងជំនួបជាមួយសមភាគីចិន លោកវ៉ាង យី នៅថ្ងៃទី៧ ខែកក្កដា បានលើកឡើងថា ក្រុងប៉េកាំង និងក្រុងមូស្គូ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារធម្មនុញ្ញអង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ, ការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ រុស្ស៊ីគាំទ្រគំនិតផ្តួចផ្តើមចិន ទាក់ទិននឹងការអភិវឌ្ឍ និងសន្តិសុខសកល។

 
អំឡុងចូលរួមកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) នៅកោះបាលី ឥណ្ឌូណេស៊ី ក្នុងថ្ងៃទី៧ ខែកក្កដា ប្រមុខការទូតរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ជួបជាមួយសមភាគីចិន វ៉ាង យី ដើម្បីជជែកពីបញ្ហាប្រឈមផ្សេងៗ។ ក្នុងកិច្ចសន្ទនានោះ លោក ឡាវរ៉ូវ បានលើកឡើងថា ចិន និងរុស្ស៊ី មានតួនាទីសំខាន់ ក្នុងការការពារច្បាប់អន្តរជាតិ រួមទាំងសណ្តាប់ធ្នាប់អន្តរជាតិ។ 
 
«រុស្ស៊ី និងចិន មានតួនាទីយ៉ាងសំខាន់ក្នុងការការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិរួមទាំងលើកតម្កើងសណ្តាប់ធ្នាប់អន្តរជាតិឱ្យមានភាពត្រឹមត្រូវជាងមុន»។ ប្រមុខការទូតរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ក្រុងមូស្គូគាំទ្រគំនិតផ្តួចផ្តើម ដែលដាក់ចេញដោយក្រុងប៉េកាំង រួមទាំងគំនិតផ្តួចផ្តើមអភិវឌ្ឍសកល, គំនិតផ្តួចផ្តើមសន្តិសុខសកល, ពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយចិន។ 
 
ចំណែកប្រមុខការទូតចិនវិញ បានអះអាងថា​ ចិន បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយក្រុមប្រទេស BRICS ដែលមានរុស្ស៊ី ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ក្នុងគោលបំណងពន្លឿនរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ រួមទាំងការពារផលប្រយោជន៍រួមនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ។ 
 
ចំពោះមុខលោក ឡាវរ៉ូវ លោក វ៉ាង បានជំទាស់នឹងការស្វែងរកអនុត្តរភាព ការគំរាមសម្លុត និងឯកតោភាគីពីសំណាក់ប្រទេសមួយចំនួន ជាជាងគោលដៅរួមនៃប្រទេសកំពុងអភិវឌ្ឍ។ ដ្បិតមិនបានសំដៅដល់ប្រទេសណាមួយ ប៉ុន្តែមន្រ្តីជាន់ខ្ពស់ចិនរូបនេះ ទំនងសំដៅដល់អាម៉េរិក និងសម្ព័ន្ធមិត្ត ដែលកន្លងមកចិនតែងចោទថា ចង់បានអនុត្តរភាពលើសពីប្រទេសដទៃ។ 
 
ជុំវិញទំនាក់ទំនងទ្វេភាគី លោក ឡាវរ៉ូវ បានអះអាងថា​ រុស្ស៊ីបានត្រៀមខ្លួនជាស្រេច ក្នុងការពង្រីកទំហំនៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ដើម្បីជួយឱ្យប្រជាជនទទួលបានផលប្រយោជន៍បន្ថែមទៀត។ ការប្តេជ្ញាបែបនេះ ធ្វើឡើងស្របពេលរុស្ស៊ី បានរងទណ្ឌកម្មជាច្រើនពីសំណាក់បណ្តាប្រទេសលោកខាងលិច ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោក ឡាវរ៉ូវ ក៏ប្រាប់លោក វ៉ាង ម្ដងទៀតពីជំហររបស់រុស្ស៊ីលើបញ្ហាអ៊ុយក្រែនផងដែរ
 
បន្ថែមពីនេះ មន្រ្តីជាន់ខ្ពស់នៃប្រទេសជិតខាងទាំងពីរ បានឯកភាពក្នុងការគាំទ្រឥណ្ឌូណេស៊ី ក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ ថ្នាក់រដ្ឋមន្រ្តីការបរទេស ឱ្យទទួលបានជោគជ័យ និងពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ អង្គការកិច្ចសហប្រតិបត្តិក្រុងសៀងហៃ (SCO) ផង។
 
ក្រោយជួបសមភាគីរុស្ស៊ី លោក វ៉ាង នឹងត្រូវជួបសមភាគីអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី៩ ខែកក្កដា។ បញ្ហាអ៊ុយក្រែន ទំនងជារបៀបវារៈសំខាន់ក្នុងជំនួបនេះ៕
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com