អន្តរជាតិ
ចិន វាយបកទៅប្រធានផ្នែកស៊ើបអង្កេតអង់គ្លេសនិងអាម៉េរិកដែលចោទខ្លួនជុំវិញការធ្វើចារកម្ម
08, Jul 2022 , 9:29 pm        
រូបភាព
ដោយ:
ចិន នៅថ្ងៃទី៧ ខែកក្កដា វាយបកទៅអាម៉េរិក និងអង់គ្លេសដែលចោទខ្លួនថា ធ្វើចារកម្មលើក្រុមហ៊ុនលោកខាងលិច។ អ្នកនាំពាក្យក្រសួងការបរទេសចិន លើកឡើងថា អាម៉េរិក ជាប្រទេសដែលបង្កហានិភ័យយ៉ាងខ្លាំងដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ពិភពលោក ខណៈអង់គ្លេសបែរជាបង្វែរសកម្មភាពចារកម្មដ៏មិនសមរម្យរបស់ខ្លួនទម្លាក់លើក្រុងប៉េកាំង។

 
អំឡុងសុន្ទរកថាដ៏កម្ររួមមួយនៅថ្ងៃទី៦ ខែកក្កដា នាយកសេវាសន្តិសុខផ្ទៃក្នុងអង់គ្លេស (M15) លោក Ken McCallum និងនាយកការិយាល័យសហព័ន្ធស៊ើបអង្កេតអាម៉េរិក (FBI) លោក Chris Wray បានព្រមានដល់ធុរជន និងមន្រ្តីលោកខាងលិចពីការប៉ុនប៉ងរបស់ក្រុងប៉េកាំងក្នុងការលួចបច្ចេកវិទ្យារបស់ក្រុមហ៊ុនពួកគេដើម្បីក្តោបក្តាប់ទីផ្សារអន្តរជាតិ។ បន្ថែមពីនេះ ប្រធាន M15 និងFBI ក៏បានថ្លែងដែរថា ការស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលចិនបានដាក់សម្ពាធដល់សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់អង់គ្លេស អាម៉េរិក ក៏ដូចជាប្រទេសអឺរ៉ុបផ្សេងទៀតដែរ។ 
 
តបនឹងការការចោទប្រកាន់បែបនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅថ្ងៃទី៧ ខែកក្កដា ឆ្លើយតបថា អង់គ្លេសកំពុងតែទម្លាក់ទង្វើដ៏អាប់ឱនកិត្តិយសរបស់គេមកលើចិន រីឯអាម៉េរិកកំពុងព្យាយាមវាយប្រហារ និងលាបពណ៌ចិនតាមរយៈលេសថាក្រុងប៉េកាំងបានគំរាមសណ្តាប់ធ្នាប់អន្តរជាតិ។
 
«ការពិតបានបង្ហាញយ៉ាងច្បាស់ថា អាម៉េរិកគឺជាប្រទេសគំរាមដ៏ធំបំផុតចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិភពលោក»។ លោក Zhao ថ្លែងបែបនេះអំឡុងសន្និសីទកាសែតនៅក្រុងប៉េកាំង។ 
 
អ្នកនាំពាក្យក្រសួងការបរទេសចិនក៏បានជំរុញឱ្យប្រធាន FBI ប្រកាន់យកទស្សនវិស័យឱ្យបានត្រឹមត្រូវ មើលឃើញពីការវិវឌ្ឍរបស់ចិនឱ្យសមហេតុផល​ និងមិនលម្អៀង ហើយឈប់ផ្សព្ធផ្សាយការភូតភរ ក៏ដូចជាឈប់ធ្វើសុន្ទរកថាដែលមិនគិតមុខគិតក្រោយបែបនោះ។ ទន្ទឹមនេះ លោក Zhao និយាយថាប្រធាន M15 គួរតែបញ្ឈប់ការគិតដែលជាលទ្ធផលនាំឱ្យមានអ្នកចាញ់ និងអ្នកឈ្នះ ឬក៏បង្កើតសត្រូវដែលមិនមាននោះដែរ។
 
ភាពតានតឹងជុំវិញរឿងចារកម្មនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យីនៅឥណ្ឌូណេស៊ីដែលនឹងផ្តោតលើទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ៕
 

Tag:
 ចិន
  អង់គ្លេស
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com