អន្តរជាតិ
ទីភ្នាក់ងារ UN ព្រមានពីគ្រោះមហន្តរាយលើពិភពលោក និងការកើនឡើងភាពអត់ឃ្លាន
08, Jul 2022 , 10:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ចំនួនប្រជាជននៅលើពិភពលោកដែលប្រឈមនឹងភាពអត់ឃ្លានកើនឡើងជាថ្មីម្តងទៀតនៅឆ្នាំ ២០២១ ដោយសារជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន គួបផ្សំនឹងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា។ ទីភ្នាក់ងារ UN ក៏បានចេញការព្រមានពីមហន្តរាយដែលហៀបនឹងកើតឡើងផងដែរ។

 
បន្ថែមពីលើផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានរុញច្រានពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិស្បៀងអាហារ។ រុស្ស៊ី និងអ៊ុយក្រែន ជាប្រទេសនាំចេញធញ្ញជាតិដ៏ធំលើពិភពលោក ហើយសង្រ្គាមរវាងប្រទេសទាំងពីរបានបង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល ដែលបណ្តាលឱ្យការផ្គត់ផ្គង់ស្បៀងអាហារនៅទូទាំងពិភពលោកខ្វះខាត និងកើនឡើងតម្លៃ។
 
យោងតាមរបាយការណ៍សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់អង្គការសហប្រជាជាតិ (UN) ផ្សាយឆ្នាំ២០២២ ជិត១០ភាគរយនៃប្រជាជនទូទាំងពិភពលោក ឬប្រជាជនប្រហែល៨០០លាននាក់ ប្រឈមនឹងការអត់ឃ្លានកាលពីឆ្នាំ ២០២១។ ចំនួននេះច្រើនជាងនៅឆ្នាំ ២០២០​ ប្រហែល៤៦លាននាក់ និងលើសឆ្នាំ២០១៩ ប្រមាណ ១៥០លាននាក់ ខណៈកម្រិតនៃភាពអត់ឃ្លាននៅពិភពលោកចន្លោះឆ្នាំ២០១៥​ និង​ឆ្នាំ២០១៩ មិនសូវជាផ្លាស់ប្តូរប៉ុន្មានទេ។
 
« នេះជាគឺជាគ្រោះថ្នាក់ដ៏ពិតប្រាកដ ដែលតួលេខនេះនឹងកាន់តែឡើងខ្លាំងជាងនេះទៀតនៅប៉ុន្មានខែមុខ»។ លោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក (WFP) លើកឡើងបែបនេះនៅក្នុងរបាយការណ៍ខាងលើ ដោយបន្ថែមថា ការកើនឡើងតម្លៃអាហារ ប្រេងឥន្ធនៈ និងជីដែលកើតចេញពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នាំឱ្យប្រទេសនានាធ្លាក់ក្នុងគ្រោះទុរភិក្ស។
 
លើសពីនេះ ប្រធាន WFP​ ដដែល សង្កត់ធ្ងន់ថា លទ្ធផលនេះនឹងនាំមកនូវអស្ថិរភាព ភាពអត់ឃ្លាន និងការធ្វើចំណាកស្រុកជាសកលដ៏ធំដែលមិនធ្លាប់មានពីមុនមក។ ដូច្នេះ វិធានការត្រូវតែចាប់ផ្តើមនៅពេលនេះដើម្បីបញ្ចៀសមហន្តរាយដែលនឹងជិតកើតឡើង។
 
ជាមួយគ្នានេះ របាយការណ៍ UN ដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែកក្កដា ក៏បានចេញការព្រមានពីផលប៉ះពាល់ដ៏ខ្លាំងក្លាដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភដែរ ខណៈដែលជម្លោះ ការកើនឡើងកម្តៅខ្លាំង វិបត្តិសេដ្ឋកិច្ច និងវិសមភាពនៅតែបន្តដុនដាប។
 
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បញ្ជាក់នៅក្នុងរបាយការណ៍ថា ជារៀងរាល់ឆ្នាំមនុស្ស១១លាននាក់បានស្លាប់ដោយសារតែរបបអាហារមិនល្អ។ លោកព្រមានថា ជាមួយនឹងការកើនឡើងតម្លៃស្បៀង បញ្ហានេះនឹងកាន់តែយ៉ាប់យ៉ឺន៕
 
 
 
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com