អន្តរជាតិ
ប៉ូលិសតំបន់ណារ៉ា នឹងត្រួតពិនិត្យលើការរៀបចំសន្តិសុខចំពោះលោកអាបេឡើងវិញ
09, Jul 2022 , 10:30 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ប៉ូលិសជប៉ុននៅក្នុងតំបន់ណារ៉ា នាសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៨ ខែកក្កដា បានអះអាងថា ពួកគេនឹងពិនិត្យលើការរៀបចំសន្តិសុខ សម្រាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ ឡើងវិញ បន្ទាប់ពីលោកត្រូវបានបាញ់សម្លាប់។

 
លោកអាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងអំឡុងពេលរកសំឡេងឆ្នោត ក្នុងការបោះឆ្នោតសភាជាន់ខ្ពស់។ លោកបានទទួលមរណភាព ក្នុងវ័យ ៦៧ឆ្នាំ។ ប៉ូលិស បានចាប់ខ្លួនជនសង្ស័យមួយរូប។ ប្រភពអ្នកស៊ើបអង្កេតបានប្រាប់ទូរទស្សន៍ NHK ថា កាំភ្លើង ដែលត្រូវបានដកហូតនៅកន្លែងកើតហេតុ ទំនងជាត្រូវបានកែច្នៃដោយដៃ។
 
ទាក់ទិននឹងបញ្ហានេះ ប៉ូលិសតំបន់ណារ៉ា បានបញ្ជាក់ថា ពួកគេ នឹងត្រួតពិនិត្យការរៀបចំសន្តិសុខចំពោះអតីតនាយករដ្ឋមន្រ្តីរូបនេះ ឡើយវិញ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែកក្កដា ប៉ូលិសតំបន់ណារ៉ា បានបញ្ជាក់ថា ពួកគេ បានពង្រាយកម្លាំងសន្តិសុខចំនួន ៩០រូប ក្នុងពេលលោកអាបេចុះឃោសនារកសំឡេងឆ្នោត។ បន្ទាប់ពីករណីស្លាប់របស់អតីតនាយករដ្ឋមន្រ្តី ប៉ូលិសតំបន់ បានសង្កត់ធ្ងន់ថា ពួកគេនឹងបើកការស៊ើបអង្កេតក្នុងករណីនេះ។
 
តាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK ជនសង្ស័យ លោក Yamagami Tetsuya បានសារភាពថា ខ្លួនមានគំនុំជាមួយអង្គការមួយ ដែលជឿថា លោកអាបេមានពាក់ព័ន្ធនឹងអង្គការនោះ។ ជនសង្ស័យ Yamagami បានប្រាប់ប៉ូលិសជប៉ុនថា ម្តាយរបស់លោក បានបរិច្ចាគលុយជាច្រើនទៅអង្គការនោះ ដែលបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរនៅក្នុងគ្រួសារ។
 
ទន្ទឹមនេះ ខ្មាន់កាំភ្លើងបានបន្តថា លោកបានដឹងពីវត្តមានរបស់លោកអាបេនៅតំបន់ណារ៉ា តាមរយៈអ៊ីនធឺណិត ហើយលោកបានជិះរថភ្លើងមក។ បន្ទាប់ពីស៊ើបដឹងពីកន្លែងស្នាក់នៅរបស់ខ្មាន់កាំភ្លើង ប៉ូលិសជប៉ុនរឹបអូសកាំភ្លើងកែច្នៃជាដែក និងឈើ ដែលមានសណ្ឋានដូចកាំភ្លើងយកទៅវាយប្រហារលើលោកអាបេ។ 
 
តាមការសាកសួររបស់ប៉ូលិសជប៉ុន ខ្មាន់កាំភ្លើង ធ្លាប់ធ្វើជាកម្លាំងស្វ័យការពារទ័ពជើងទឹករយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ២០០៥។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ មិនមានការងារធ្វើទេ។ ចំណែកកាំភ្លើង ដែលយកមកវាយប្រហារលោកអាបេ មានប្រវែងប្រមាណ ៤០សង់ទីម៉ែត្រ៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com