អន្តរជាតិ
លោក ចូ បៃឌិន៖ លោកអាបេជាមេដឹកនាំជ្រោមជ្រែងមិត្តភាពរវាងប្រជាជនអាម៉េរិក និងជប៉ុន
09, Jul 2022 , 11:29 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាពយកពីTwitter របស់លោកចូ បៃឌិន
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាពយកពីTwitter របស់លោកចូ បៃឌិន
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី៨ ខែកក្កដា បានទាក់ទងតាមទូរស័ព្ទទៅនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ដោយរៀបរាប់ពីកំហឹង និងទុក្ខសោករបស់ខ្លួន ចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ។ ទន្ទឹមនេះ លោកបៃឌិនបានចាត់ទុក លោកអាបេ ជាមេដឹកនាំជ្រោមជ្រែងមិត្តភាពរវាងប្រជាជនអាម៉េរិក និងជប៉ុន។

 
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានសម្តែងការខឹងសម្បារ ចំពោះការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ  នៅថ្ងៃទី៨ ខែកក្កដា ដែលជាមេដឹកនាំជប៉ុនដ៏ល្អមួយរូប ក្នុងការពង្រឹងសម្ព័ន្ធភាពអាម៉េរិក-ជប៉ុន ហើយយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រជាជនជប៉ុន និងលទ្ធិប្រជាធិបតេយ្យ។
 
«ប្រធានាធិបតី បៃឌិន បានទាក់ទងទៅនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា តាមទូរស័ព្ទនៅថ្ងៃនេះ ដើម្បីសម្តែងការខឹងសម្បារ ទុក្ខសោក និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការបាញ់ប្រហារដ៏ឃោរឃៅទៅលើអតីតនាយករដ្ឋមន្ត្រី អាបេ ស៊ិនហ្សូ»។ សេតវិមានបានលើកឡើងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី៨ ខែកក្កដា។
 
ប៉ុន្មានម៉ោងក្រោយហេតុការណ៍បាញ់ប្រហារ លោក បៃឌិន ក៏បានបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter របស់លោកដែរថា លោកមានការស្រឡាំងកាំង ខឹងសម្បារ និងសោកស្ដាយជាខ្លាំង ចំពោះព័ត៌មានរបស់មិត្តខ្លួន លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនត្រូវបានបាញ់សម្លាប់នៅពេលកំពុងធ្វើយុទ្ធនាការ។ នេះជាសោកនាដកម្មសម្រាប់ជប៉ុន និងសម្រាប់អ្នកដែលបានស្គាល់លោកអាបេ។ បើតាមលោក បៃឌិន លោកអាបេ ជាមេដឹកនាំជ្រោមជ្រែងមិត្តភាពរវាងប្រជាជនអាម៉េរិក និងជប៉ុន។ 
 
លោក អាបេ ស៊ិនហ្សូ ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងនៅពេលលោកកំពុងឃោសនារកសំឡេងឆ្នោតនៅតំបន់ណារ៉ា សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់។ ប៉ូលិសជប៉ុន បានចាប់ខ្លួនជនសង្ស័យមួយរូប ដែលមានវ័យ ៤១ឆ្នាំ មានឈ្មោះថា Yamagami Tetsuya ជាអតីតអ្នកធ្វើការនៅកម្លាំងស្វ័យការពារជើងទឹកជប៉ុនក្នុងអំឡុងឆ្នាំ ២០០២ ដល់ ២០០៥។ ជនសង្ស័យបានសារភាព មិនពេញចិត្ត និងចង់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន។
 
ឃាតកម្មលើអ្នកនយោបាយដ៏ល្បីរបស់ជប៉ុន បានធ្វើឲ្យប្រទេសនេះ តក់ស្លុត និងបង្កការភ្ញាក់ផ្អើលដល់ពិភពលោកយ៉ាងខ្លាំង ព្រោះកន្លងមកជប៉ុនធ្លាប់តែជាប្រទេសមានសន្និសុខ មានករណីឧក្រិដ្ឋកម្មហិង្សាតិចតួច និងច្បាប់ប្រើប្រាស់កាំភ្លើងដ៏តឹងរ៉ឹង៕
 

Tag:
 អាម៉េរិក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com