កីឡាជាតិ
ជាតិ
កម្ពុជា ត្រូវអន្ដរជាតិទទួលស្គាល់ពីសក្ដានុពលកីឡាប៊ូល និងប៉េតង់
09, Jul 2022 , 3:29 pm        
រូបភាព
ប្រតិភូកីឡាប៊ូល និងប៉េតង់កម្ពុជា ចេញដំណើរទៅប្រកួត World Games នៅ សហរដ្ឋអាមេរិក រូបពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
ប្រតិភូកីឡាប៊ូល និងប៉េតង់កម្ពុជា ចេញដំណើរទៅប្រកួត World Games នៅ សហរដ្ឋអាមេរិក រូបពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
កម្ពុជា ត្រូវបានចាត់ទុកជាប្រទេស មានសក្ដានុពលលើកីឡាប៊ូល និងប៉េតង់ តាមរយៈសមិទ្ធផលរបស់អត្ដពលិកជម្រើសជាតិ ដណ្ដើមបានលើឆាកអន្ដរជាតិ។ ជម្រើសជាតិកម្ពុជា២រូប នឹងចូលរួមប្រកួតកីឡានេះ ក្នុង World Games នៅទីក្រុង Birmingham សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា។


 
លោក ហ៊ឹម ខេមរា មន្ត្រីលេខាធិការដ្ឋានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេលេក្រាមថា ប្រទេសកម្ពុជា ត្រូវសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក ឲ្យអាទិភាពចូលរួមប្រកួតព្រឹត្តិការណ៍ World Games។ ប្រទេស៤ ដែលសហព័ន្ធកីឡាប៊ូល និងប៉េត់ងពិភពលោកឲ្យអាទិភាពចូលរួម មាន កម្ពុជា, ថៃ, ឡាវ និងបារាំង។
 
ជុំវិញការទទួលស្គាល់នូវភាពខ្លាំងរបស់កម្ពុជា និងផ្ដល់អាទិភាពនេះដែរ លោក ហ៊ឹម ខេមរា បានបញ្ជាក់បន្ថែមថា ប្រទេសទាំង៤នេះ គឺធ្លាប់ជាជើងឯកពិភពលោក និងគ្រងជ័យលាភី លេខ១ដល់លេខ៤ លើវិញ្ញាសានារី។ ដូចនេះប្រទេសទាំង៤នេះ ត្រូវបានអនុញ្ញាតឲ្យចូលរួមដោយស្វ័យប្រវត្តិ ដោយមិនមានការប្រកួតជម្រុះក្នុងតំបន់ទេ។ ដោយឡែក ការប្រកួតនេះ ក៏មានការចូលរួមពីប្រទេសផ្សេងៗទៀតដែរ ទាំងពីតំបន់អាស៊ី និងអឺរ៉ុប ប៉ុន្ដែការចូលរួមរបស់ប្រទេសទាំងនោះ ត្រូវឆ្លងកាត់ការប្រកួតជម្រុះក្នុងតំបន់។
 
នេះគឺជាលើកទី១ហើយ ដែលកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ World Games។ មន្ដ្រីលេខាធិការដ្ឋានរូបនេះ បញ្ជាក់ថា៖«ការចូលរួម World Games 2022 នៅសហរដ្ឋអាម៉េរិក គឺដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក មើលលទ្ធផលរបស់កម្ពុជា ក្នុងឆ្នាំ២០១៩ ជាគោល។ កាលនោះ កម្ពុជាទទួលបានមេដាយមាសពិភពលោក ដោយវីរកីឡាការិនី កែ ឡែង។»។
 
កម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក យុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩។  កីឡាការិនី កែ ឡែង បានឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ ហើយទទួលបានមេដាយមាសពិភពលោកជំនាន់ទី៤។ ម្ចាស់ជ័យលាភីជើងឯកពិភពលោក ៤សម័យកាលរូបនេះ ទទួលបាន ក្នុងឆ្នាំ២០១៣, ២០១៥, ២០១៧ និង ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជ័យលាភី និងការប្រឹងប្រែងរបស់កីឡាការិនីកម្ពុជា ធ្វើឲ្យអន្ដរជាតិទទួលស្គាល់ និងជួយលើកមុខមាត់កម្ពុជា។ 
 
គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍ World Game នៅ Birmingham សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដានេះ កម្ពុជា នឹងប្រកួត២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសា២ទល់២។ កីឡាការិនី អ៊ុក ស្រីមុំ ប្រកួត២វិញ្ញាសា គឺវាយកពិន្ទុផង និង វិញ្ញាសា ២ទល់២ ជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា ផងដែរ៕ 
 

Tag:
 កីឡាប៊ូល និងប៉េតង់
  World Games
© រក្សាសិទ្ធិដោយ thmeythmey.com