អន្តរជាតិ
លោកឡាវរ៉ូវ ដើរចេញពីកិច្ចប្រជុំG20 នៅពេលប្រទេសលោកខាងលិចរិះគន់សង្រ្គាមនៅអ៊ុយក្រែន
09, Jul 2022 , 3:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
ដោយ:
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី៨ ខែកក្កដា បានដើរចេញពីកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20)នៅឥណ្ឌូណេស៊ី ខណៈរដ្ឋមន្រ្តីការបរទេស G20 អំពាវនាវឱ្យក្រុងមូស្គូបញ្ឈប់សង្រ្គាម និងបើកច្រកផ្លូវឱ្យអ៊ុយក្រែននាំគ្រាប់ធញ្ញជាតិ។

 
បញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន និងផលប៉ះពាល់នៃសង្រ្គាមលើថាមពល និងសន្តិសុខស្បៀង បានក្លាយជាប្រធានបទដ៏ក្តៅគគុក ក្នុងអំឡុងកិច្ចប្រជុំបិទទ្វាររបស់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) នៅថ្ងៃទី៨ ខែកក្កដា នាកោះបាលី ឥណ្ឌូណេស៊ី។ កិច្ចប្រជុំកំពូលនេះធ្វើឡើងដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសកល ប៉ុន្តែត្រូវបានបញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម និងគ្មានការប្រកាសពីក្តីសម្រេចនៃកិច្ចព្រមព្រៀងណាមួយឡើយ។ 
 
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ត្រូវបានលោកខាងលិចរិះគន់យ៉ាងចាស់ដៃជុំវិញសង្រ្គាមនៅអ៊ុយក្រែន ចាប់តាំងពីលោកបានចាប់ដៃជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅដើមកិច្ចប្រជុំ។ លោក ឡាវរ៉ូវ ប្រាប់អ្នកកាសែតថា លោកបានឮពាក្យតិះដៀលច្រើនណាស់ពីសមភាគីលោកខាងលិចដោយហៅលោកថាជាអ្នកឈ្លានពាន និងអ្នកលុកលុយឥតឈប់ឈរ។
 
« អ្វីដែលយើងបានឮថ្ងៃនេះគឺជាសំឡេងបន្ទរដ៏ខ្លាំងមកពីជុំវិញពិភពលោក…ដែលទាមទារឱ្យបញ្ចប់ការឈ្លានពាន»។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិនប្រាប់អ្នកកាសែតបែបនេះ។ លោក ប្លីងខិន និងលោក ឡាវរ៉ូវ បានចូលរួមប្រជុំជាមួយប្រមុខការទូត G20 ផ្សេងទៀត ដែលជាជំនួបទល់មុខគ្នាដំបូងតាំងពីសង្រ្គាមនៅអ៊ុយក្រែនចាប់ផ្តើម។ 
 
យ៉ាងណាមិញ ប្រមុខការទូតរុស្ស៊ីបានដើរចេញពីកិច្ចប្រជុំនៅពេលព្រឹកដោយអស់ទ្រាំនឹងពាក្យតិះដៀល ខណៈរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Annalena Baerbock កំពុងរិះគន់ក្រុងមូស្គូជុំវិញការឈ្លានពាននៅអ៊ុយក្រែន។ លោក ឡាវរ៉ូវ ក៏បានដើរចេញពីកិច្ចប្រជុំពេលថ្ងៃផងដែរ មុនពេលរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ថ្លែងទៅកាន់រដ្ឋមន្រ្តីក្នុងកិច្ចប្រជុំតាមរយៈវីដេអូ ហើយលោក ឡាវរ៉ូវ ក៏មិនបានបង្ហាញវត្តមាន នៅពេលលោកប្លីងខិនថ្កោលទោសរុស្ស៊ីដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។ 
 
មិនតែប៉ុណ្ណោះ នៅក្រៅកិច្ចប្រជុំ G20 លោក ប្លីងខិនលើកឡើងថាការឈ្លានពានរបស់រុស្ស៊ីនាំឱ្យបញ្ហាប្រឈមដូចជាកើនឡើងថ្លៃស្បៀងអាហារ និងប្រេងឥន្ទនៈកាន់តែយ៉ាប់យ៉ឺន។ លោកព្រមទាំងប្រាប់ប្រតិភូថា ដើម្បីឱ្យ G20 រក្សាគោលដៅរបស់ខ្លួន G20 ត្រូវតែឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះរឿងនេះ។ 
 
បើតាមលោកស្រី Retno លោក ឡាវរ៉ូវ និងលោក ប្លីងខិនបាននិយាយគ្នាដោយផ្ទាល់ដែរនៅក្នុងបន្ទប់ប្រជុំ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ទេថាលោកទាំងពីរពិភាក្សាពីអ្វីខ្លះ។ កន្លងមក លោកប្លីងខិនបានបដិសេធមិនជួបជាមួយលោក ឡាវរ៉ូវ ក្រៅកិច្ចប្រជុំ G20 ឡើយ ដរាបណាក្រុងមូស្គូនៅតែបន្តសង្រ្គាមនៅអ៊ុយក្រែន៕ 
 

Tag:
 G20
  ប្រទេសលោកខាងលិច
© រក្សាសិទ្ធិដោយ thmeythmey.com