អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី៖ ក្រុងមូស្គូ មិនរត់តាមក្រុងវ៉ាស៊ីនតោន ដើម្បីសុំចរចាឡើយ
09, Jul 2022 , 7:59 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅកោះបាលី ឥណ្ឌូណេស៊ី។ រូបភាពយកពី Twitter លោកស្រី Retno Marsudi
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅកោះបាលី ឥណ្ឌូណេស៊ី។ រូបភាពយកពី Twitter លោកស្រី Retno Marsudi
លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅថ្ងៃទី៨ ខែកក្កដា បានបញ្ជាក់ថា លោកមិនរត់តាមក្រុងវ៉ាស៊ីនតោន ដើម្បីស្នើឱ្យមានជំនួបនោះទេ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិនបដិសេដមិនជួបលោក អំឡុងកិច្ចប្រជុំ G20 នៅឥណ្ឌូណេស៊ី។ មិនតែប៉ុណ្ណោះ ក្រោយជំនួប G20 រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ក៏បានច្រានចោលពាក្យរិះគន់លើក្រុងមូស្គូផង ជុំវិញការឈ្លានពានលើក្រុងកៀវ។

 
រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) នៅថ្ងៃទី៨ ខែកក្កដាបានចូលរួមកិច្ចប្រជុំ នៅកោះបាលី ឥណ្ឌូណេស៊ី។ កិច្ចប្រជុំG20 ដើមឡើយរៀបចំឡើង ដើម្បីពិភាក្សាដោះស្រាយវិបត្តិសេដ្ឋកិច្ចសកល ប៉ុន្តែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងផលប៉ះពាល់នៃសង្រ្គាម ក៏ត្រូវបានលើកឡើងដែរ។ 
 
ដោយនេះជាជំនួបទល់មុខគ្នាលើកដំបូងរវាងរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក  ស៊ែហ្គេយ៍ ឡាវរ៉ូវ ត្រូវបានបស្ចិមលោកវាយប្រហារយ៉ាងខ្លាំង។ សម្រែកសួរថាតើពេលណារុស្ស៊ីបញ្ឈប់សង្រ្គាម ហើយហេតុអ្វីបានជារុស្ស៊ីមិនព្រមបញ្ចប់សង្រ្គាមត្រូវបានបន្លឺឡើង នៅពេលលោក ឡាវរ៉ូវ ចាប់ដៃជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅដើមកិច្ចប្រជុំ។
 
ជាសម្ពាធឱ្យរុស្ស៊ីឈប់លុកលុយអ៊ុយក្រែន អាម៉េរិកព្យាយាមផាត់រុស្ស៊ីចេញពីកិច្ចប្រជុំអន្តរជាតិនានា។ បន្ថែមពីនេះ អំឡុងកិច្ចប្រជុំ G20 ជំនួយការរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអាន់តូនី ប្លីងខិន បញ្ជាក់ថា ក្រុងវ៉ាស៊ីនតោនគ្មានហេតុផលអ្វីដែលត្រូវនិយាយទៅកាន់លោក ឡាវរ៉ូវ ទេ ដរាបណាក្រុងមូស្គូនៅតែបន្តសង្រ្គាមនៅអ៊ុយក្រែន។ 
 
ប៉ុន្តែ ក្រុងមូស្គូបានរិះគន់ក្រុងវ៉ាស៊ីនតោនជុំវិញរឿងនេះ ហើយអះអាងថា ខ្លួននឹងមិនរត់តាមប្រទេសណា ដើម្បីស្នើឱ្យមានជំនួបនោះទេ។ តាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក ឡាវរ៉ូវ គ្រោងជួបជាមួយសមភាគី G20 មួយចំនួននៅក្រៅកិច្ចប្រជុំ G20 ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ និងរដ្ឋមន្រ្តីការបរទេសអាម៉េរិកបានច្រានចោលជំនួបនោះ។
 
«វាមិនមែនជាយើងទេ ដែលបោះបង់ទំនាក់ទំនង។ វាជាអាម៉េរិក»។ ប្រមុខការទូតរុស្ស៊ីថ្លែងបែបនេះប្រាប់អ្នកកាសែតនៅថ្ងៃទី៨ ខែកក្កដា។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីរូបនេះក៏បានច្រានចោលការរិះគន់របស់លោកខាងលិចដែលថាវត្តមានរុស្ស៊ីនៅកិច្ចប្រជុំ G20 នាំឱ្យបាត់បង់ឱកាស ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសកលដែរ។ លោក ឡាវរ៉ូវ បែរជាអះអាងវិញថា ដៃគូលោកខាងលិចព្យាយាមចៀសវាងការនិយាយអំពីបញ្ហាសេដ្ឋកិច្ចសកលអំឡុងកិច្ចប្រជុំ ពីព្រោះនៅពេលប្រទេសទាំងនោះចាប់ផ្តើមហាមាត់ គឺរិះគន់រុស្ស៊ីយ៉ាងពេញទំហឹងជុំវិញស្ថានភាពនៅអ៊ុយក្រែន។
 
លោកក៏បានសង្កត់ធ្ងន់ទៀតថា ក្នុងអំឡុងពេលពិភាក្សាគ្នា បណ្ដាប្រទេសលោកខាងលិចព្យាយាម គេចចេញពីប្រធានបទស្នូលនៃក្រុម G20 ដែលត្រូវពិភាក្សាទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច ពិភពលោក។ 
 
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះបានបន្ថែមថា ប្រសិនជាលោកខាងលិចចង់ឱ្យ អ៊ុយក្រែនបញ្ចប់រឿងជាមួយរុស្ស៊ីនោះ វាគ្មាអ្វីដែលរុស្ស៊ីត្រូវនិយាយជាមួយលោកខាងលិចនោះឡើយ ហើយការលូកដៃពីសំណាក់ប្រទេសលោកខាងលិច បានរារាំងក្រុងកៀវ ស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។ លោកឡាវរ៉ូវ បានបង្ហើបថា រុស្ស៊ីបានត្រៀមខ្លួនចរចាជាមួយ អ៊ុយក្រែនចំពោះវិបត្តិមួយនេះ ប៉ុន្តែមិនច្បាស់ថាពេលណាការចរចាអាចនឹងកើតឡើង៕
 
ឥណ្ឌូណេស៊ីដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ G20 នៅឆ្នាំនេះបានជំរុញឱ្យ G20 ជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយភាពខ្វែងគំនិតគ្នាត្រូវតែដោះស្រាយតាមរយៈការចរចារ។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 នេះគឺជាចំណុចចាប់ផ្តើមដល់កិច្ចប្រជុំកំពូលនៃមេដឹកនាំ G20 នៅកោះបាលីក្នុងខែវិច្ឆិកា ដោយផ្តោតលើការដោះស្រាយសន្តិសុខស្បៀង និងថាមពល ក៏ដូចជាសេដ្ឋកិច្ចពិភពលោកក្រោយជំងឺរាតត្បាតកូវីដ-១៩ និងការបំផ្លិចបំផ្លាញដោយសារបម្រែបម្រួលអាកាសធាតុ៕
 

Tag:
 រុស្ស៊ី
  អាម៉េរិក
  G20
© រក្សាសិទ្ធិដោយ thmeythmey.com