អន្តរជាតិ
លោក ស៊ី ជិនភីង៖ លោកអាបេ តែងប្រឹងប្រែងកែលម្អទំនាក់ទំនងរវាងចិន និងជប៉ុន
09, Jul 2022 , 4:59 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី៩ ខែកក្កដា បានផ្ញើសាររំលែកទុក្ខទៅនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ចំពោះមរណភាពរបស់អតីតមេដឹកនាំ លោក អាបេ ស៊ិនហ្សូ។ ក្នុងសាររំលែកទុក្ខនោះ លោក ស៊ី បានលើកសរសើរពីការប្រឹងប្រែងកន្លងមក របស់លោក អាបេ ដែលតែងជួយជ្រោមជ្រែងឱ្យទំនាក់ទំនងរវាងចិន និងជប៉ុន ល្អប្រសើរឡើង ក្នុងអំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្រ្តី។

 
ក្រោយមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ នៅថ្ងៃទី៩ ខែកក្កដា ប្រធានាធិបតីចិន ស៊ី ជិនភីង បានផ្ញើសាររំលែកទុក្ខ និងសម្ដែងការសោកស្ដាយទៅនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ។ ក្នុងសាររំលែកទុក្ខនោះ លោក ស៊ី បានថ្លែងសរសើរអតីតមេដឹកនាំជប៉ុនថា លោក អាបេ បានខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការកែលម្អទំនាក់ទំនងចិន និងជប៉ុនឱ្យកាន់តែប្រសើរឡើង ក្នុងអំឡុងពេលលោក អាបេ កាន់តំណែងជានាយករដ្ឋមន្ត្រី និងរួមចំណែកយ៉ាងវិជ្ជមានចំពោះកិច្ចខិតខំនោះ។ 
 
ប្រធានាធិបតីចិនរូបនេះ ក៏បានបញ្ជាក់ផងដែរថា លោកសោកស្តាយយ៉ាងខ្លាំងចំពោះការទទួលមរណភាពភ្លាមៗ របស់លោក អាបេ និងត្រៀមខ្លួនជាស្រេចធ្វើការជាមួយនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងចិន និងជប៉ុន ក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពល្អ និងកិច្ចសហប្រតិបត្តិការ ស្របតាមគោលការណ៍របស់ឯកសារនយោបាយទាំងបួនរវាងចិន និងជប៉ុន។ លោក ស៊ី និងភរិយា បានផ្ញើសាររំលែកទុក្ខផ្សេងទៀត ទៅកាន់ភរិយារបស់លោក អាបេ ផង។ នេះបើតាមទូរទស្សន៍ CGTN។ 
 
គួរបញ្ជាក់ថា លោក អាបេ ត្រូវបានប្រកាសមរណភាពនៅថ្ងៃទី៨ ខែកក្កដា បន្ទាប់ពីត្រូវខ្មាន់កាំភ្លើងបាញ់ពីក្រោយចំដៃឆ្វេងផ្នែកខាងលើ បណ្ដាលឱ្យបាត់បង់ឈាមយ៉ាងច្រើន។ នៅព្រឹកថ្ងៃទី៩ ខែកក្កដា សាកសពលោក អាបេ បានដឹកចេញពីមន្ទីរពេទ្យតំបន់ណារ៉ា ទៅដល់ផ្ទះនៅតូក្យូ ដើម្បីត្រៀមរៀបចំពិធីបុណ្យសព៕ 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com