អន្តរជាតិ
ចិនធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ក្នុងពេលសមាជិកព្រឹទ្ធសភាអាម៉េរិកធ្វើទស្សនកិច្ចនៅតៃប៉ិ
09, Jul 2022 , 9:29 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
យោធាចិន នៅថ្ងៃទី៨ ខែកក្កដា បានប្រកាសថា ថ្មីៗនេះ ខ្លួនបានធ្វើសមយុទ្ធត្រៀមប្រយុទ្ធរួមគ្នា សមយុទ្ធនៅសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ខណៈដែលសមាជិកព្រឹទ្ធសភាជាន់ខ្ពស់អាម៉េរិកបានធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ ដើម្បីជួបជាមួយប្រធានាធិបតី សៃ អ៊ីងវេន (Tsai Ing-wen)។

 
ចិន ដែលតែងទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួន តែងជំទាស់រាល់ទំនាក់ទំនងក្រុងតៃប៉ិ និងក្រុងវ៉ាស៊ីនតោន ដោយសំអាងថា វាជាការផ្តល់សញ្ញាខុសទៅកម្លាំងគាំទ្រឯករាជ្យរបស់តៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៨ ខែកក្កដា បានលើកឡើងថា សមយុទ្ធដែលត្រូវបានប្រកាសដោយ កម្លាំងយោធាភូមភាគខាងកើតនៃកងទ័ពរំដោះប្រជាជននេះ ត្រូវបានរៀបចំឡើង ក្នុងការឆ្លើយតបទៅនឹងការឃុបឃិតគ្នា និងការបង្កហេតុរវាងអាម៉េរិកនិងតៃវ៉ាន់។
 
យន្តហោះចម្បាំងចិនជាច្រើនគ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់នៅល្ងាចថ្ងៃទី៨ ខែកក្កដា។ នេះបើតាមប្រភពតៃវ៉ាន់ បានប្រាប់ទីភ្នាក់ងារព័ត៌មានReuters។ ប្រភពពីតៃវ៉ាន់ដដែលបានបន្ថែមថាយន្តហោះទាំងនេះមិនបានចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់ទេ។
 
«វាគឺជាសារច្បាស់លាស់នៃការបង្កហេតុ»។ នេះបើតាមប្រភពពីតៃវ៉ាន់ស្រង់សម្តីសមាជិកព្រឹទ្ធសភាអាម៉េរិក Rick Scott ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិនៅថ្ងៃជាមួយគ្នាដែលចិនធ្វើសមយុទ្ធ។ លើសពីនេះ កងទ័ពអាកាសតៃវ៉ាន់បាននិយាយថា ខ្លួនយល់ឃើញពេញលេញនៃស្ថានភាពនៅក្នុងតំបន់ និងកំពុងការពារយ៉ាងសកម្មចំពោះសន្តិសុខជាតិ។
 
ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យចិន លោក Wu បានរិះគន់ថា ដំណើរទស្សនកិច្ចរបស់លោក Scott ទៅកាន់កោះតៃវ៉ាន់ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាម៉េរិក និងបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។
 
«កងទ័ពរំដោះប្រជាជនចិនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្រ្គាមគ្រប់ពេលវេលា ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីរារាំងយ៉ាងម៉ឺងម៉ាត់នូវការជ្រៀតជ្រែករបស់កងកម្លាំងខាងក្រៅ និងការប៉ុនប៉ងផ្តាច់ខ្លួនឯករាជ្យរបស់តៃវ៉ាន់ និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»។ លោក Wuបានបន្តបែបនេះ។ 
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពតានតឹងរវាងអាម៉េរិក និងចិន មានកម្រិតខ្ពស់លើបញ្ហាមួយចំនួន ដូចជាតៃវ៉ាន់ សមុទ្រចិនខាងត្បូង ពាណិជ្ជកម្ម និងការបដិសេធរបស់ចិនក្នុងការរិះគន់លើមេដឹកនាំរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន៕
 

Tag:
 ចិន
  តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com