កីឡាជាតិ
ជាតិ
CPL៖ បឹងកេត ចាញ់ព្រះខ័នរាជ, ណាហ្គា ស្មើទ័ព, វិសាខា ឈ្នះគីរីវង់, ក្រោន ឈ្នះថាយហ្គឺរ
10, Jul 2022 , 10:59 am        
រូបភាព
ក្រុមបឹងកេត(ប្រភពCambodia Premier League)
ក្រុមបឹងកេត(ប្រភពCambodia Premier League)
ដោយ៖ ហៀក ឆក
 
បឹងកេត ចាញ់ព្រះខ័នរាជ១-០ ក្នុងដីខ្លួននាកីឡដ្ឋានអង្គរអ៊ែវ៉េរ។ ចំណែក គីរីវង់សុខសែនជ័យ ចាញ់វិសាខា ២-១ នាកីឡដ្ឋានគីរីវង់ ម៉ោង៣៖៤៥នាទីរសៀល។ រីឯក្រុមណាហ្គាវើលដ៍ ស្មើ ១-១ ជាមួយម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ(ទ័ព) នាកីឡដ្ឋានស្តាតចាស់ ម៉ោង ៦៖៣០នាទីល្ងាច។ ក្នុងពេលជាមួយគ្នានេះ ភ្នំពេញក្រោន ឈ្នះក្រុមភ្ញៀវ អង្គរថាយហ្គឺរ ៣-២ នាកីឡដ្ឋាន SMART R.S.N ក្នុងជុំទី២ សប្តាហ៍ទី១០ នៃពានរង្វាន់បាល់ទាត់ខេមបូឌាន ព្រីមៀរលីគ ២០២២ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។


 
ក្រុមមិនស្គាល់ពាក្យចាញ់ ព្រះខ័នរាជ ឈ្នះក្រុមម្ចាស់ផ្ទះ បឹងកេត ១-០ នាកីឡដ្ឋាអង្គរអ៊ែវ៉េរ។ ក្នុងវគ្គទី១ ក្រុមទាំងពីររក្សាលទ្ធផល ០-០។ ឈានដល់នាទី៨៨ ក្នុងវគ្គទី២ ខ្សែប្រយុទ្ធក្រុមភ្ញៀវ Marcus Haber តែតបញ្ចូលទី១គ្រាប់ ក្រោយបញ្ជូនបាល់ពីស្លាបខាងឆ្វេងដោយខ្សែបម្រើ Mizuno។ ក្រុមមិនដែលចាញ់មួយនេះមាន ២៨ពិន្ទុ រុញឲ្យគេឡើងកាន់តែដាច់ឆ្ងាយ ឈរកំពូលតារាង ពានខេមបូឌានព្រីមៀរលីគ ២០២២។

ខ្សែប្រយុទ្ធព្រះខ័នរាជ Marcus Haber ពេលកំពុងកំដៅសាច់ដុំ នាកីឡដ្ឋានអង្គរអ៊ែវ៉េរ មុនប្រកួតទល់នឹងក្រុម បឹងកេត(ប្រភព Cambodia Premier League)
 
ចំណែក វិសាខា យកបាន ៣ពិន្ទុពីម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យ នាកីឡដ្ឋានគីរីវង់ យ៉ាងលំបាក ដោយលទ្ធផលប្រទាក់ប្រទងគ្នា ២-១។ វគ្គទី១ ក្រុមទាំងពីរ មិនមានវាសនា ក្នុងការរកគ្រាប់បាល់បានឡើយ។ ចូលដលវគ្គទី២ ក្រុមភ្ញៀវទាត់បញ្ចូលទី១គ្រាប់ ដោយខ្សែបម្រើ គី រីណា នៅនាទី៦១ ដល់នាទី៧១ ក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់វិញ ដោយខ្សែប្រយុទ្ធ អ៊ឹម សំអូន ១នាទីក្រោយខ្សែប្រយុទ្ធ Mirzaev Umidovich បំប៉ោងសំណាញ់ទីគ្រាប់ទី២ ឲ្យក្រុមឈ្នះ គីរីវង់ ដោយលទ្ធផល ២-១។ ចប់ការប្រកួតក្រុមភ្ញៀវបាន៣ ពិន្ទុបន្ថែម ឈរលេខ៣ បណ្តោះអាសន្នមាន ១៦ពិន្ទុ ស្មើ បឹងកេត ឈរលេខ២។ រីឯគីរីវង់ បន្តនៅក្រោមតារាងដោយមាន ២ពិន្ទុ។
 
នាកីឡដ្ឋានស្តាតចាស់ឯណោះវិញ ក្រុមទ័ព ចែក ១ពិន្ទុឲ្យក្រុមភ្ញៀវ ណាហ្គាវើលដ៍។ ក្នុងវគ្គទី១ ខ្សែបម្រើ សុះ ស៊ូហាណា របស់ណាហ្គា បំប៉ោងសំណាញ់ទី ១គ្រាប់នៅនាទី១៤ និងនាទី២៦ ទ័ពវាយបកមកវិញ បានគ្រាប់បាល់តាមស្មើ ១-១ ដោយខ្សែបម្រើ Kinoshita Reiya ទាត់ពីចម្ងាយ។ បញ្ចប់ការប្រកួត ក្រុមណាហ្គា បាន១ពិន្ទុបន្ថែមឈរលេខ៤ ខណៈទ័ព ឈរលេខ៧។
 
នៅឯកីឡដ្ឋាន SMART R.S.N ក្រុមភ្ញៀវអង្គរថាយហ្គឺរ ស្មើ ភ្នំពេញក្រោន ១-១ ក្នុងវគ្គទី១។ គ្រាប់ទី១ កើតឡើងដោយខ្សែបម្រើ IAGO បញ្ជូនបាល់ឲ្យមិត្តរួមក្រុម Jozsef Phelim ជាអ្នកបញ្ចប់ទី និងគ្រាប់តាមស្មើ រកបានដោយខ្សែបម្រើ យឺ មូស្លីម ទាត់ជើងឆ្វេងទម្លាយសំណាញ់ទី ខ្លាសៀមរាប នៅនាទី៣០។ ចុងម៉ោងក្នុងវគ្គទី២ សឹងក្រហម រកបានគ្រាប់ទី២មកវិញ ដោយខ្សែប្រយុទ្ធ Nieto នៅនាទី៨៣។ ៧នាទីក្រោយ ក្រុមភ្ញៀវរកគ្រាប់បាល់តាមស្មើ ២-២ ដោយខ្សែបម្រើ ជួន ចាន់ចាវ បង្កឲ្យបាល់ចូលទីខ្លួនឯង (Owngoal) នៅនាទី៩០ និងគ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ នៅនាទី៩០+២ រកបានដោយខ្សែប្រយុទ្ធដដែល។ បញ្ចប់ការប្រកួតភ្នំពេញក្រោន បាន៣ពិន្ទុ រុញក្រុមឲ្យឡើងមកលេខ៦ ក្នុងតារាង។
 
សូមបញ្ជាក់ថា ព្រះខ័នរាជ ឈរលេខ១ លេខ២ បឹងកេត មាន១៦ ពិន្ទុស្មើ វិសាខា លេខ៣ និងណាហ្គា លេខ៥ មាន១៥ពិន្ទុ នៅលើអង្គរថាយហ្គឺរ ដែលមាន ១១ពិន្ទុ និងភ្នំពេញក្រោន មាន១០ពិន្ទុ ក្រុមទ័ពមាន ៨ពិន្ទុ ឈរលើក្រុមគីរីវង់សុខសែនជ័យមាន ២ពិន្ទុឈរលេខ៨ ក្រោមតារាង។ កីឡាករ ដែលទាត់បញ្ចូលទីបានច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី១០ បានទៅខ្សែប្រយុទ្ធព្រះខ័នរាជ Marcus Haber មាន១៤គ្រាប់ ខណៈខ្សែប្រយុទ្ធទ័ព Takumu មាន១០គ្រាប់៕
 

Tag:
 បាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com