អន្តរជាតិ
ឥណ្ឌូណេស៊ី បង្កើនបរិមាណប្រេងដូងក្នុងការផលិតម៉ាស៊ូត ខណៈប្រេងដូងលើសតម្រូវការ
10, Jul 2022 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ឥណ្ឌូណេស៊ី គ្រោងបង្កើនបរិមាណប្រេងឥន្ធនៈធម្មជាតិ (ប្រេងដូង) ដែលត្រូវផ្សំនៅក្នុងការផលិតប្រេងម៉ាស៊ូត។ ពីមុនបរិមាណឥន្ធនៈប្រេងដូងមាន ៣០ភាគរយក្នុងម៉ាស៊ូត។ គម្រោងថ្មីនេះមានឈ្មោះថា B៣៥ ដែលឥណ្ឌូណេស៊ីនឹងបង្កើនបរិមាណឥន្ធនៈប្រេងដូងឱ្យដល់ ៣៥ភាគរយក្នុងការផលិតម៉ាស៊ូត ចាប់ពីថ្ងៃទី២០ ខែកក្កដាខាងមុខនេះតទៅ ដើម្បីជួយកាត់បន្ថយប្រេងដូងដែលលើសតម្រូវការ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងថាមពលឥណ្ឌូណេស៊ីលើកឡើងនៅថ្ងៃទី៨ ខែកក្កដា។

 
ឥណ្ឌូណេស៊ីជាប្រទេសផលិតប្រេងដូងដ៏ធំបំផុតរបស់ពិភពលោក ដែលកំពុងជួបបញ្ហាសល់ប្រេងដូងលើសតម្រូវការ ក្រោយប្រទេសនេះបិទការនាំចេញ ៣សប្តាហ៍ ចំរដូវកាលប្រមូលផល។ ការបិទការនាំចេញនេះធ្វើ ដើម្បីគ្រប់គ្រងតម្លៃប្រេងឆាក្នុងស្រុក។ ក្រោយបិទការនាំចេញ ស្ដុកប្រេងដូងកើនដល់ជាង ៦លានតោន ដែលធ្វើឱ្យសល់លើសតម្រូវការ។
 
ឥណ្ឌូណេស៊ី គ្រោងផលិតម៉ាស៊ូត ដែលផ្សំពីឥន្ធនៈប្រេងដូងក្នុងបរិមាណច្រើនជាងមុន ពោលគឺបង្កើនពី ៣០ភាគរយ ទៅ៣៥ភាគរយ គិតចាប់ពីថ្ងៃទី២០ ខែកក្កដា តទៅដើម្បីកាត់បន្ថយប្រេងដូងដែលលើសតម្រូវការ។ នេះបើតាមប្រសាសន៍មន្ត្រីជាន់ខ្ពស់ក្រសួងថាមពលឥណ្ឌូណេស៊ី លោក Dadan Kusdiana នៅថ្ងៃទី៨ ខែកក្កដា។
 
ក្រសួងថាមពលឥណ្ឌូណេស៊ី ក៏កំពុងធ្វើតេស្តគម្រោង B៤០ បង្កើនបរិមាណប្រេងដូងក្នុងការផលិតម៉ាស៊ូតឱ្យដល់ ៤០ភាគរយផងដែរនៅជំហានបន្ទាប់ពីគម្រោង B៣៥ ដើម្បីគាំទ្រតម្លៃដូងប្រេងក្នុងប្រទេស និងយកប្រេងដូងដែលលើសទៅប្រើប្រាស់។ 
 
«ខណៈពេលដែលយើងរង់ចាំលទ្ធផលនៃការធ្វើតេស្ត B៤០ រដ្ឋាភិបាលនឹងអនុវត្តគម្រោង B៣៥»។ លោក Dadan បានលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ។ 
 
ទេសរដ្ឋមន្ត្រីឥណ្ឌូណេស៊ី លោក Luhut Pandjaitan បានប៉ាន់ប្រមាណថា ប្រេងដូង ២,៥លានតោនអាចត្រូវប្រើប្រាស់ប្រសិនបើឥណ្ឌូណេស៊ីឈានទៅអនុវត្តគម្រោង B៤០ ដែលប្រើប្រេងដូង ៤០ភាគរយក្នុងការផលិតម៉ាស៊ូត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
លើសពីនេះ អាជ្ញាធរឥណ្ឌូណេស៊ីកំពុងពិចារណាកាត់បន្ថយពន្ធលើការនាំចេញប្រេងដូង ដើម្បីជំរុញការនាំចេញឡើងវិញ៕ 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com