ជាតិ
សង្គមជាតិ
ជនសង្ស័យ៦រូបត្រូវបានចាប់ខ្លួន ក្នុងករណីកាប់ប្លន់ម៉ូតូនៅខណ្ឌសែនសុខ
10, Jul 2022 , 4:59 pm        
រូបភាព
រូបភាពពីវីដេអូ ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។
រូបភាពពីវីដេអូ ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។
ដោយ:
ភ្នំពេញ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានចាប់ខ្លួនជនសង្ស័យ៦រូប ក្នុងនោះមានសិស្ស៣រូប លើករណីដេញកាប់ប្លន់ម៉ូតូពីប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី៨កក្កដា។ នេះបើតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។


 
យោងតាមទំព័រហ្វេសប៊ុក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមចោរ ៨នាក់ បានធ្វើសកម្មភាពកាប់ប្លន់បុរសម្នាក់ យកម៉ូតូ ១គ្រឿងម៉ាក Dream C១២៥ ពណ៌ខ្មៅសេរី ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ ១IJ ១០៤៧ នៅម៉ោងប្រមាណ ៣ យប់ថ្ងៃទី៨កក្កដា ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា។
 
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវ និងចាប់បានក្រុមចោរ៤នាក់នៅ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ នៅម៉ោង ១រសៀលថ្ងៃទី ៨កក្កដា និងចាប់បានចោរចំនួន ២នាក់ទៀតនៅជិតផ្សារទំនើប អ៊ីអន២។ ចំណែកជនសង្ស័យ ២រូបទៀតបានរត់គេចខ្លួន។ ក្នុងការចាប់ខ្លួននោះ សមត្ថកិច្ចប្រមូលបានវត្ថុតាង ម៉ូតូ៤គ្រឿង និងដាវ ១ដើម។
បើតាមកងរាជអាវុធហត្ថខណ្ឌសែនសុខ  ជនសង្ស័យទាំង ៦រូបដែលត្រូវបានចាប់ខ្លួន គឺសុទ្ធតែមានអាយុក្រោម ១៨ឆ្នាំហើយ ក្នុងនោះមាន៣នាក់ គឺជាសិស្ស។ 

 រូបភាពពីវីដេអូ ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។
 
បច្ចុប្បន្នជនសង្ស័យទាំង ៦រូបនោះត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ  កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយអាជ្ញាធរកំពុងស្រាវជ្រាវរកជនសង្ស័យ២នាក់ទៀតដែលបានរត់គេចខ្លួន។ 
 
សូមជម្រាបថា សម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ អាចទាក់ទងទៅកាន់លេខ ១២៩១ ឬ ០៣១ ៥៥៥៥ ៦៦៩ ពេលមានបញ្ហាណាមួយដែលត្រូវការអន្តរាគមពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com