អន្តរជាតិ
តើអ្វីទៅជាការទូតអន្ទាក់បំណុល?
10, Jul 2022 , 9:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ការទូតអន្ទាក់បំណុល ជាពាក្យបច្ចេកទេសផ្នែកហិរញ្ញវត្ថុអន្តរជាតិដែលពិពណ៌នាអំពីយុទ្ធសាស្ត្ររបស់ប្រទេស ឬស្ថាប័នជាម្ចាស់បំណុល បង្កើតឱកាសឱ្យកូនបំណុលខ្ចីលុយបន្ថែមពីលើបំណុលចាស់កាន់តែច្រើនរហូតផុងខ្លួន លែងមានសមត្ថភាពសង។ ពាក្យការទូតអន្ទាក់បំណុល ត្រូវបានបង្កើតឡើងដំបូង ដើម្បីពណ៌នាអំពីយុទ្ធសាស្ត្រផ្តល់ប្រាក់កម្ចីរបស់ចិនទៅឱ្យប្រទេសក្រីក្រក្នុងទំហំច្រើន លើសពីសមត្ថភាពអាចសងបាន ហើយបង្ខំឱ្យពួកគេផ្តល់ប្រយោជន៍ផ្សេងៗទៅឱ្យចិនវិញ។

 
ការទូតអន្ទាក់បំណុល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយសាស្ត្រាចារ្យយុទ្ធសាស្ត្រភូមិសាស្ត្រឥណ្ឌា Brahma Chellaney ដើម្បីពន្យល់ពីយុទ្ធសាស្ត្រផ្តល់ប្រាក់កម្ចីយ៉ាងច្រើនលើសលប់របស់ចិនទៅឱ្យប្រទេសក្រីក្រ។ វាជាយុទ្ធសាស្ត្រការទូត ដែលប្រើដើម្បីផលប្រយោជន៍ប្រទេសម្ចាស់បំណុល ពិសេសដើម្បីពង្រឹងឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយខ្លួន។ ពាក្យនេះត្រូវបានប្រើតៗគ្នា និងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងរដ្ឋាភិបាលលោកខាងលិច។ 
 
លោក John Adams ដែលជាអតីតប្រធានាធិបតីអាម៉េរិកពីឆ្នាំ ១៧៩៧ ដល់ឆ្នាំ ១៨០១ បានបន្សល់ទុកប្រសាសន៍ដ៏ល្បីល្បាញមួយថា៖ «វិធីពីរយ៉ាងដើម្បីគ្រប់គ្រងប្រទេសមួយឱ្យស្ថិតក្រោមអំណាច និងយកធ្វើជាទាសករនោះ ទីមួយគឺដោយការធ្វើសង្គ្រាម និងមួយទៀតគឺប្រើបំណុល»។ ស្របតាមប្រសាសន៍នេះ ចិនកំពុងជ្រើសរើសផ្លូវទីពីរ ដើម្បីពង្រីកអំណាចនយោបាយ និងឥទ្ធិពលរបស់ខ្លួន។ 
 
ពាក្យអន្ទាក់បំណុលត្រូវបានប្រើភាគច្រើនទៅលើចិន។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ចិនជាម្ចាស់បំណុលដ៏ធំបំផុតក្នុងពិភពលោកជាមួយទំហំទឹកប្រាក់ច្រើនលើសពីស្ថាប័ន អន្តរជាតិដែលតែងផ្ដល់ប្រាក់កម្ចី ទៅឱ្យប្រទេសនានា ដូចជាធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងរដ្ឋាភិបាលម្ចាស់បំណុលនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ទៀតផង។ គិតត្រឹមចុងឆ្នាំ ២០២០ ចិនផ្ដល់កម្ចី ប្រមាណ ១៧០ពាន់លានដុល្លារឱ្យបណ្ដាប្រទេសមានចំណូលទាប និងមធ្យម។ ប្រទេសដែលបានជាប់បំណុលរបស់ចិនរួមមាន កេនយ៉ា នីហ្សេរីយ៉ា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ ឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា និងបណ្ដាប្រទេសជាច្រើនទៀតពិសេសប្រទេសស្ថិតក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ 
 
នាពេលថ្មីៗនេះ ប្រទេសដែលកំពុងរងគ្រោះដោយការទូតអន្ទាក់បំណុលចិន គឺឡាវ។ ឡាវមានបំណុលសរុបរបស់ខ្លួនជាមួយចិនប្រមាណ ៦៤,៨ភាគរយនៃផលិតផលក្នុងស្រុបសរុប ដែលក្នុងនោះមាន ៣៥,៤ភាគរយគឺជាបំណុលសំងាត់ដែលកើតចេញពីគម្រោងសាងសង់ផ្លូវរថភ្លើងចិន-ឡាវ។ នៅឆ្នាំ ២០២១ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់សម្បទានរយៈពេល ២៥ឆ្នាំអនុញ្ញាតឱ្យក្រុមហ៊ុនចិនគ្រប់គ្រងបណ្តាញថាមពលក្នុងប្រទេស រួមទាំងការនាំចេញអគ្គិសនីទៅកាន់ប្រទេសជិតខាង ដើម្បីដោះបំណុលខ្លះពីចិន។ 
 
នេះជាឧទាហរណ៍មួយនៃការប្រើយុទ្ធសាស្ត្រការទូតអន្ទាក់បំណុលចិន ទៅលើប្រទេសមានចំណូលទាប និងមធ្យម ដើម្បីពង្រីកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងនយោបាយជាដើម។ មួយវិញទៀត ការប្រគល់កំពង់ផែ Hambantota របស់ស្រីលង្កាទៅឱ្យចិនគ្រប់គ្រង ៩៩ឆ្នាំ ជាថ្នូរនឹងការបន្ធូរបន្ថយបំណុល ក៏ជាឧទាហរណ៍នៃការប្រើយុទ្ធសាស្ត្រការទូតអន្ទាក់បំណុលដែរ។ 
 
យ៉ាងណាមិញ ចិនបានបដិសេដចំពោះយុទ្ធសាស្ត្រការទូតអន្ទាក់បំណុលដែលត្រូវបានគេចោទប្រកាន់កន្លមក។ ចិនបានអះអាងថា គ្មានប្រទេសណាមួយ បានជាប់អន្ទាក់បំណុលក្រោយខ្ចីលុយខ្លួនឡើយ។
 
គួរបញ្ជាក់ថា ប្រទេសនីមួយៗមានទំហំផលិតផលក្នុងស្រុកសរុប និងស្ថានភាពសេដ្ឋកិច្ចខុសគ្នា ដូច្នេះមានតែប្រទេសអ្នកខ្ចីផ្ទាល់ទើបអាចដឹងថាកម្ចីក្នុងកម្រិតណាដែលលើសពីសមត្ថភាពខ្លួនអាចសងបាន។ ហេតុនេះ អន្ទាក់បំណុលមិនអាចកំណត់ជារួមបានទេថាកម្ចីលុយត្រឹមចំនួនប៉ុន្មាន អាចចាត់ទុកជាការជាប់ក្នុងអន្ទាក់បំណុល។ លើសពីនេះលក្ខខណ្ឌ និងកិច្ចសន្យានៃការខ្ចីលុយពីចិន ក៏ដូចជាលក្ខខណ្ឌពន្យារពេលសងលុយរបស់ប្រទេសជាច្រើនមិនត្រូវបានបង្ហាញជាសាធារណៈទេ។ 
 
ដោយឡែក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនគេអាចកំណត់ពីកម្រិតនៃការជាប់អន្ទាក់បំណុល ដោយមើលលើការបង់បំណុល និងចំណូលក្នុងរយៈពេលច្បាស់មួយ។ ប្រសិនបើអ្នកត្រូវបង់បំណុលប្រចាំខែច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូល នោះអ្នកនឹងស្ថិតក្នុងអន្ទាក់បំណុល៕ 
 

Tag:
 ចិន
  កម្ពុជា
  ឡាវ
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com