សុខភាព
អន្តរជាតិ
ការសិក្សា៖ ស្ត្រីមានទម្ងន់ក្រោមស្តង់ដា អាចបង្កគ្រោះថ្នាក់ដល់សុខភាពកូននៅថ្ងៃអនាគត
11, Jul 2022 , 8:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ការសិក្សារបស់អ្នកស្រាវជ្រាវជប៉ុនមួយក្រុមបានបង្ហាញថា ស្ត្រីដែលមានទម្ងន់ក្រោមស្តង់ដាអាចសម្រាលកូនមិនគ្រប់ទម្ងន់ ហើយប្រឈមហានិភ័យជំងឺមហារីក បេះដូង និងទឹកនោមផ្អែមនៅពេលពេញវ័យ។ ការសិក្សានេះ បានប្រើដើម្បីកាត់បន្ថយអត្រាស្ត្រីវ័យក្មេងដែលមានទម្ងន់ក្រោមស្តង់ដា នៅជប៉ុន។ នៅឆ្នាំ ២០១៩ ស្ត្រីវ័យក្មេងជប៉ុនមានអាយុខ្ទង់ ២០ឆ្នាំ ជាង២០ភាគរយឯណោះមានទម្ងន់មិនគ្រប់តាមស្ដង់ដា។ ស្ដង់ដាទម្ងន់ត្រូវបានគិតតាមក្បួនគណនាសន្ទស្សន៍ម៉ាសរាងកាយ (BMI)។

 
រដ្ឋាភិបាលជប៉ុនបានបង្កើតក្រុមអ្នកស្រាវជ្រាវលើបញ្ហារូបរាងកាយ របបអាហារ និងទម្លាប់រស់នៅដែលសុទ្ធតែជាផ្នែកពាក់ព័ន្ធនឹងស្តង់ដាទម្ងន់មនុស្ស។ នេះដោយសាររដ្ឋាភិបាលចង់កាត់បន្ថយអត្រាស្ត្រីមិនគ្រប់ទម្ងន់នៅក្នុងប្រទេស តាមរយៈការបង្ហាញពីផលប៉ះពាល់នៅថ្ងៃអនាគត។ ការសិក្សាបង្ហាញថា ការមានទម្ងន់ក្រោមស្តង់ដាអាចបង្កហានិភ័យផ្នែកសុខភាពដល់ខ្លួនឯង និងអាចបង្កគ្រោះថ្នាក់ដល់កូននៅថ្ងៃអនាគត។
 
ការកំណត់របបអាហារអាចនាំឱ្យមនុស្សខ្វះអាហារូបត្ថម្ភ និងស្លេកស្លាំង ហើយមានអ្នកខ្លះចង់ស្គមរហូតដល់កើតជំងឺមិនឃ្លានអាហារទៀតផង។ ក្រៅពីផលប៉ះពាល់លើខ្លួនឯង វាក៏ប៉ះពាល់ដល់កូននៅថ្ងៃអនាគតដែរ។ ស្ត្រីដែលមានទម្ងន់មិនគ្រប់មានហានិភ័យខ្ពស់ក្នុងការសម្រាលកូនមិនគ្រប់ទម្ងន់ដែរ។ ទារកអាចមានទម្ងន់ត្រឹម ២,៥ គីឡូក្រាម ឬតិចជាងនេះ។ យោងតាមអ្នកជំនាញ ទារកដែលកើតមកមិនគ្រប់ទម្ងន់ គឺងាយនឹងកើតជំងឺដូចជាមហារីក ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមនៅពេលពេញវ័យ។ នេះបើតាមសារព័ត៌មាន South China Morning Post។
 
ក្រសួងសុខាភិបាលជប៉ុននៅថ្ងៃទី៤ ខែកក្កដា បានប្រកាសថា ខ្លួនមានបំណងប្រើប្រាស់ការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការរក្សាទម្ងន់ធម្មតាឱ្យត្រឹមត្រូវតាមស្តង់ដា ដែលជាដំណោះស្រាយកាត់បន្ថយអត្រាស្ត្រីមានទម្ងន់ក្រោយស្តង់ដា។ 
 
ស្ដង់ដាទម្ងន់ត្រូវបានគិតតាមក្បួនគណនាសន្ទស្សន៍ម៉ាសរាងកាយ (BMI)។ BMI អាចជួយឱ្យមនុស្សដឹងពីស្ថានភាពសុខភាពតាមរយៈសមាមាត្ររវាងកម្ពស់ និងទម្ងន់។ ដើម្បីដឹងថាបុគ្គលមួយមានទម្ងន់លើស ឬខ្វះ គេត្រូវយកទម្ងន់ខ្លួនធៀបនឹងកម្ពស់លើកជាការេ (BMI = kg/m2)។ 
 
បើចម្លើយក្រោយការគណនាឃើញនៅចន្លោះ ១៨,៥ដល់២៥ នោះមានន័យថាបុគ្គលនោះមានទម្ងន់ធម្មតា។ បើឃើញចាប់ពី ២៥ ឡើងទៅមានន័យថាលើសទម្ងន់ ហើយបើក្រោម ១៨,៥ មានន័យថាមិនគ្រប់ទម្ងន់។ 
 
តាមការស្ទង់មតិសុខភាព និងអាហារូបត្ថម្ភជាតិជប៉ុននៅឆ្នាំ ២០១៩ ស្ត្រីវ័យក្មេងជប៉ុនមានអាយុខ្ទង់ ២០ឆ្នាំ ជាង២០ភាគរយឯណោះ មានទម្ងន់មិនគ្រប់តាមស្ដង់ដា គឺ BMI ក្រោម ១៨,៥។ ខណៈដែល ៧០,៤ភាគរយមាន BMI ចន្លោះពី ១៨,៥ ទៅ ២៤,៩ ចាត់ទុកថាមានទម្ងន់ធម្មតា ហើយ ៨,៩ភាគរយមាន BMI ចាប់ពី ២៥ ឡើងទៅដែលចាត់ទុកថាលើសទម្ងន់។ 
 
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៣ រដ្ឋាភិបាលជប៉ុន បានបង្កើតគម្រោងការកាត់បន្ថយអត្រាស្ត្រីមានអាយុខ្ទង់ ២០ឆ្នាំ ដែលមានទម្ងន់ក្រោមស្តង់ដាឱ្យសល់ក្រោម ២០ភាគរយ។ តែវាបានបរាជ័យ ដោយការស្ទង់មតិចុងក្រោយ ជប៉ុននៅតែមានអត្រាស្ត្រីមិនគ្រប់ទម្ងន់ជាង ២០ភាគរយ។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវជប៉ុនមានគោលបំណងស្ទង់មតិឡើងវិញម្តងទៀតមុនខែមីនាឆ្នាំ ២០២៣ ដើម្បីដឹងអំពីទម្លាប់នៃការទទួលទានអាហារ និងអាហារូបត្ថម្ភរបស់ស្ត្រី៕
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com