កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ឈ្នះ Wimbledon លើកទី៧ និងជា Grand Slam ទី២១ក្នុងអាជីព
11, Jul 2022 , 11:29 am        
រូបភាព
Novak Djokovic ដណ្តើមបានពាន Wimbledon ជាលើកទី៧ តាមរយៈការយកឈ្នះ Nick Kyrgios នៅវគ្គផ្តាច់ព្រ័ត្រ។ Wimbledon ជា Grand Slam លើកទី២១ ដែល Djokovic ទទួលបានក្នុងអាជីពកីឡាវាយកូនបាល់ផងដែរ។

 
នាជំនួបវគ្គផ្តាច់ព្រ័ត្រការប្រកួតវាយកូនបាល់នៅប្រទេសអង់គ្លេស ក្នុងទីលាន Center Courtនាថ្ងៃទី១០ ខែកក្កដា Djokovic ទទួលជ័យជម្នះលើកីឡាករអូស្ត្រាលី Kyrgios ក្នុងលទ្ធផល ៣សិតទល់១សិត ៤-៦, ៦-៣, ៦-៤ និង ៧-៦ (៧/៣)។ ជ័យជម្នះនេះ បានជួយកីឡាករស៊ែប៊ីតាមស្មើកំណត់ត្រារបស់ Pete Sampras ដែលឈ្នះ Wimbledon ៧លើក និងកំពុងតាមពីក្រោយកំណត់ត្រាឈ្នះពាននេះច្រើនជាងគេរបស់ Roger Federer ចំនួន៨សម័យ។ 
 
Djokovic វ័យ៣៥ឆ្នាំ បានកើនការលើកពានកម្រិត Grand Slam ចំនួន២១លើក ដោយនាំមុខ Federer ចំនួនមួយលើក តែនៅតាមពីក្រោយ Rafael Nadal ដែលឈ្នះជាកំណត់ត្រាច្រើនជាងគេចំនួន២២លើក។ Nadal បានដកខ្លួនចេញពីព្រឹត្តិការណ៍ Wimbledon ឆ្នាំ២០២២នេះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសារជឺពោះ។
 
Djokovic ក៏ជាកីឡាករទី៤ ដែលមានប្រវត្តិឈ្នះ Wimbledon ៤សម័យជាប់គ្នាបន្ទាប់ពី Federer, Sampras និង Bjorn Borg៕
 

Tag:
 Wimbledon
  Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com