អន្តរជាតិ
លោកប្លីងខិនអំពាវនាវចិន និងអាស៊ានដាក់សម្ពាធយោធាមីយ៉ាន់ម៉ា ដើម្បីត្រឡប់រកប្រក្រតីវិញ
11, Jul 2022 , 11:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នាក្រុងបាងកក ក្នុងថ្ងៃទី១០ ខែកក្កដា។ រូបភាពយកពីTwitter របស់លោកអាន់តូនី ប្លីងខិន
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នាក្រុងបាងកក ក្នុងថ្ងៃទី១០ ខែកក្កដា។ រូបភាពយកពីTwitter របស់លោកអាន់តូនី ប្លីងខិន
ដោយ:
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី១០ ខែកក្កដា បានជំរុញឱ្យចិន និងសមាជិកអាស៊ានដាក់សម្ពាធលើមេដឹកនាំមីយ៉ាន់ម៉ា ដើម្បីឱ្យប្រទេសនេះត្រឡប់ទៅរកប្រជាធិបតេយ្យវិញ។ ទន្ទឹមនេះ ប្រមុខការទូតអាម៉េរិក ក៏បានជំរុញឱ្យមេដឹកនាំរបបសឹក អនុវត្តចំណុចឯកច្ឆន្ទទាំងប្រាំរបស់អាស៊ាន ដែលដាក់ចេញនៅខែមេសា ឆ្នាំ២០២១ ផង។

 
អាស៊ាន បានដាក់ចេញចំណុចឯកភាពចំនួន ៥ចំណុច នៅក្នុងខែមេសា ឆ្នាំ២០២១ ដើម្បីឱ្យមីយ៉ាន់ម៉ាស្វែងរកផ្លូវសន្តិភាព និងវិលទៅអនុវត្តប្រជាធិបតេយ្យវិញ។ យ៉ាងណាមិញ ស្ថានភាពមីយ៉ាន់ម៉ាបច្ចុប្បន្នដូចជាមិនទៅមុខ ដោយអំពើហិង្សានៅតែបន្តកើតមានស្ទើររាល់ថ្ងៃរវាងក្រុមប្រដាប់អាវុធភាគតិច និងយោធា។ 
 
ទាក់ទិននឹងបញ្ហានេះ ក្នុងដំណើរទស្សនកិច្ចនៅថៃ លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានអំពាវនាវឱ្យរបបសឹកអនុវត្តការឯកភាព ៥ចំណុចរបស់អាស៊ាន និងទទូចឱ្យរដ្ឋអាស៊ាន រួមទាំងចិន ដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា ដើម្បីអាចវិលត្រលប់ទៅរកការអនុវត្តប្រជាធិបតេយ្យឡើងវិញ។ 
 
«រដ្ឋអាស៊ានទាំងអស់ ត្រូវជំរុញឱ្យរបបសឹកប្រកាន់ការទទួលខុសត្រូវ, បញ្ឈប់ហិង្សាភ្លាមៗ, ដោះលែងអ្នកនយោបាយ និងស្តារប្រជាធិបតេយ្យឡើងវិញ»។ លោក ប្លីងខិន បានសង្កត់ធ្ងន់បែបនេះ ទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានសួរជុំវិញវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១០ ខែកក្កដា បន្ទាប់ពីជំនួបជាមួយលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ 
 
ទាក់ទិនដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅមីយ៉ាន់ម៉ា​ ប្រមុខកាទូតអាម៉េរិក មិនបានរិះគន់ឡើយ ប៉ុន្តែលោកទទូចឱ្យក្រុងប៉េកាំង គាំទ្រការអំពាវនាវរបស់អន្តរជាតិ ក្នុងការជំរុញឱ្យមីយ៉ាន់ម៉ាត្រឡប់ទៅអនុវត្តប្រជាធិបតេយ្យឡើងវិញ។ 
 
ក្នុងសន្និសីទដដែលនោះ លោក ប្លីងខិន បានទទួលស្គាល់ថា ការដាក់ទណ្ឌកម្មរបស់អាម៉េរិកលើរបបយោធាមិនទាន់ទទួលបានផ្លែផ្កាអ្វីទេ ប៉ុន្តែក្រុងវ៉ាស៊ីនតោននៅតែផ្តោតលើបញ្ហាក្នុងប្រទេសមួយនេះ បើទោះសង្រ្គាមនៅអ៊ុយក្រែនជារឿងអាទិភាពក៏ដោយ។ មិនតែប៉ុណ្ណោះ ប្រមុខការទូតរូបនេះ បានបញ្ជាក់ថា អាម៉េរិក នឹងធ្វើការជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬស្គាល់ថាជារដ្ឋាភិបាលស្រមោល ដើម្បីការអនុវត្តប្រជាធិបតេយ្យនាពេលខាងមុខ។ 
 
បន្ទាប់ចេញពីថៃ លោក ប្លីងខិន បានចេញទៅទីក្រុងតូក្យូ ដើម្បីចូលរួមរំលែកទុក្ខអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក​ អាបេ ស៊ិនហ្សូ ដែលត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងនៅថ្ងៃទី៨ ខែកក្កដា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក៕ 
 

Tag:
 ចិន
  អាស៊ាន
  ថៃ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com