អន្តរជាតិ
បាតុករស្រីលង្កាប្តេជ្ញាបន្តប្រឆាំង រហូតប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីចុះចេញពីតំណែងជាផ្លូវការ
11, Jul 2022 , 1:29 pm        
រូបភាព
ទោះបីជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីស្រីលង្កាបានសន្យាលាលែងពីតំណែងក្ដី មេដឹកនាំចលនា​តវ៉ានៅថ្ងៃទី១០ ខែកក្កដា ប្រកាសថា ក្រុមអ្នកតវ៉ានឹងនៅបន្តកាន់កាប់លំនៅដ្ឋានរបស់​ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរហូតដល់មេដឹកនាំទាំងពីររូបចុះចេញពីតំណែងជាផ្លូវការ។

 
ដោយខឹងសម្បារនឹងភាពអសមត្ថភាពរបស់មេដឹកនាំក្នុងការស្រោចស្រង់វិបត្តិសេដ្ឋកិច្ចដ៏ដុនដាប ក្រុម​បាតុកររាប់ពាន់នាក់បានសម្រុកចូលផ្ទះនិងការិយាល័យរបស់ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa និងលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe នៅថ្ងៃទី៩ ខែកក្កដា។ ប្រឈមមុខនឹងសម្ពាធដ៏ខ្លាំង មេដឹកនាំទាំងពីរ ក៏សម្រេចលាលែងពីតំណែងនៅថ្ងៃទី១៣ ខែកក្កដាខាងមុខ។
 
«ប្រធានាធិបតីត្រូវលាលែង នាយករដ្ឋមន្ត្រីត្រូវលាលែង ហើយរដ្ឋាភិបាលរបស់ពួកគេក៏ត្រូវចុះ ចេញដូចគ្នា»។ មេដឹកនាំបារុករ Ruwanthie de Chickera បានថ្លែងបែបនេះអំឡុង សន្និសីទ​កាសែត​មួយនៅ​កន្លែង​តវ៉ា​ដ៏ធំមួយ​ក្នុង​ទីក្រុង​កូឡុំបូ។ អមដោយមេដឹកនាំចលនាតវ៉ាផ្សេងទៀត​ដែល​ជួយ​សម្របសម្រួលចលនាប្រឆាំងនឹងរដ្ឋាភិបាល លោកស្រីក៏បន្តថា អ្នកតវ៉ានឹងមិនរំសាយចេញ​ពី​លំនៅដ្ឋានផ្លូវការរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីស្រីលង្កានោះឡើយរហូតដល់​មេដឹកនាំទាំងពីរ​ចុះចេញពីតំណែងជាផ្លូវការ។
 
ទោះបីជាភាពស្ងប់ស្ងាត់បានវិលមកតាមផ្លូវក្នុងទីក្រុងកូឡុំបូវិញនៅថ្ងៃទី១០ ខែកក្កដាក៏ដោយក្រុមបាតុករស្រីលង្កា បានប្រមូលផ្ដុំគ្នាឡើងកុះកុញនៅវិមានប្រធានាធិបតី។ កងកម្លាំងសន្តិសុខខ្លះដែល​បំពាក់កាំភ្លើង បានឈរនៅខាងក្រៅបរិវេណនោះ ប៉ុន្តែមិនបានរារាំងមនុស្សមិន​ឱ្យ​ចូល​ទៅ​ក្នុង​នោះទេ។
 
ជុំវិញការលាលែងពីតំណែងរបស់មេដឹកនាំកំពូលៗ ប្រធានសភាស្រីលង្កា Mahinda Yapa Abeywardena បានអះអាងថា នាយករដ្ឋមន្ត្រី Wickremesinghe បានសន្យា​នឹង​ចុះចេ​ញ​ពី​តំណែងដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលបណ្តោះអាសន្នគ្រប់ភាគីចូលកាន់តំណែង។ 
 
ប្រសិនបើប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលាលែង ជំហានបន្ទាប់គឺប្រធានសភានឹងត្រូវបានតែង តាំងជាប្រធានាធិបតីស្តីទីមួយរយៈ ហើយសភានឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុង​រយៈពេល៣០ថ្ងៃ។
 
ភាពចលាចលនយោបាយខាងលើ បានបង្កភាពស្មុគស្មាញបន្ថែមទៀតដល់កិច្ចខិតខំ​ដើម្បីទាញ​ស្រីលង្កាចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំពីរទសវត្សរ៍ដែល​បង្កឡើង​ដោយកង្វះខាតរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរដែលបានបញ្ឈប់ការនាំចូលសម្ភារ​សំខាន់ៗ​ដូចជា​ប្រេង​ឥន្ធនៈ អាហារ និងថ្នាំពេទ្យ។ បន្ថែមពីនេះ​ ​​បំណុលរដ្ឋាភិបាលដ៏ធំ ក៏បន្តរីកឡើង ឯការ​កើន​ឡើង​តម្លៃប្រេង និងការហាមឃាត់រយៈពេលប្រាំពីរខែលើការនាំចូលជីគីមីកាលពីឆ្នាំមុន​ដែលបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម ក៏ធ្វើឱ្យសេដ្ឋកិច្ចប្រទេសមួយនេះធ្លាក់ខ្លួនដុនដាបបំផុត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com