កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ប្ដេជ្ញាជួយ Man City ឱ្យឈ្នះ Champions League
11, Jul 2022 , 2:56 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
Erling Haaland ថ្ងៃទី១០ ខែកក្កដា បានប្តេជ្ញាចិត្តជួយក្រុម Manchester City ឱ្យឈ្នះតំណែងជើងឯកពានរង្វាន់ក្លិបកំពូលប្រចាំអឺរ៉ុប UEFA Champions League ដែលជាពានរង្វាន់ដែលរូបគេចង់ប្រកួតប្រជែងបំផុតសម្រាប់រដូវកាលថ្មី។

 
ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ សញ្ជាតិន័រវែស ត្រូវបានក្លិប Man City ធ្វើកម្មវិធីបង្ហាញជាផ្លូវការនៅចំពោះមុខអ្នកគាំទ្រជាង៥០០០នាក់ ក្រៅកីឡដ្ឋាន Etihad ។ Haaland ផ្ទេរមកក្រុមរហ័សនាមមេឃខៀវ ពីក្រុមចាស់នៅអាល្លឺម៉ង់ Borussia Dortmund ក្នុងតម្លៃខ្លួន៦០លានអឺរ៉ូ (៦៣លានដុល្លារ)។
 
និយាយចំពោះមុខអ្នកគាំទ្រជាង ៥០០០នាក់ ខ្សែប្រយុទ្ធសញ្ជាតិន័រវែស បានសន្យាថា នឹងជួយក្រុម Man City ឈ្នះពានរង្វាន់កាន់តែច្រើនតាមតែអាចធ្វើបាន ជាពិសេសពានរង្វាន់ Champions League។
 
«Champions League ជាការប្រកួតប្រជែងមួយដែលខ្ញុំចូលចិត្តបំផុត ខ្ញុំគិតថាខ្ញុំនឹងមានចម្លើយខ្លះនៅទីនេះ។ ពេលខ្លះខ្ញុំឃើញកីឡាករដ៏ទៃបង្ហោះរូបជាមួយពានរង្វាន់ ខ្ញុំគិតថាខ្ញុំគួរតែធ្វើបែបនោះដូចគ្នា ហើយខ្ញុំក៏បានហ្វឹកហាត់ និងត្រៀមខ្លួនរួចរាល់ សង្ឃឹមថាពេលអនាគតខ្ញុំនឹងអាចលើកពានរង្វាន់ទាំងនោះ។» Haaland និយាយបែបនេះ។

អំឡុងពេលស្ថិតនៅក្លិបចាស់ Dortmund ខ្សែប្រយុទ្ធរូបនេះ កគ្រាប់បាល់រហូតដល់ទៅ ៨៦គ្រាប់ ពីចំណោមការបង្ហាញខ្លួន៨៩ប្រកួត។ ទោះបីមានគ្រាប់បាល់ច្រើនជាមួយ Dortmund រយៈពេលកន្លងមក ​Haaland ឈ្នះពានរង្វាន់តែមួយប៉ុណ្ណោះគឺពាន ​German Cup ក្នុងឆ្នាំ ២០២១។
 
ចំណែកស្ថិតិនៅ Champions League ខ្សែប្រយុទ្ធសញ្ជាតិន័រវែសអាចរកបានរហូតដល់ទៅ២៣គ្រាប់ ត្រឹមចំណោមការបង្ហាញខ្លួនតែ១៩ប្រកួត អំឡុងនៅជាកីឡាករ RB Salzburg និង Dortmund។ ក្នុង Champions League រូបគេក៏ជាកីឡាករឈរលំដាប់កំពូលនៃកំណត់ត្រា ជាកីឡាករដែលរកបានរហូត ២៣គ្រាប់ ត្រឹមអាយុ ២១ឆ្នាំ។
 
សូមជម្រាបថា Man City ជាក្រុមឈ្នះពានរង្វាន់ Premier League ៤លើក ក្នុងរយៈពេល ៥រដូវកាលចុងក្រោយនេះក្រោមការគ្រប់គ្រងរបស់ Pep Gaurdiola ហើយក្រុមមេឃខៀវក៏ធ្លាប់បានឈានជើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ក្នុងរយៈពេល២រដូវកាលចុងក្រោយ៕
 
 

Tag:
 Erling Haaland
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com