ជាតិ
សេដ្ឋកិច្ច
កម្មករនិយោជិតបង់តែ ២ភាគរយនៃប្រាក់ឈ្នួល នឹងទទួលបានប្រាក់សោធននិវត្តន៍
11, Jul 2022 , 3:49 pm        
រូបភាព
រូបតំណាង៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈរជជែកលេងជាមួយកម្មកររោងចក្រ កាលពីឆ្នាំ២០១៩។ រូបថត ពីហ្វេសប៊ុកសម្ដេច ។
រូបតំណាង៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈរជជែកលេងជាមួយកម្មកររោងចក្រ កាលពីឆ្នាំ២០១៩។ រូបថត ពីហ្វេសប៊ុកសម្ដេច ។
ដោយ ៖ ធន់ សេងហុង 

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឱ្យអនុវត្តរបបសន្តិសុខផ្នែកប្រាក់សោធននិវត្តន៍ សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ នៃច្បាប់ស្ដីពីការងារ។ កម្មករនិយោជិតបង់តែ ២ភាគរយនៃប្រាក់ឈ្នួល នឹងទទួលបានប្រាក់សោធននិវត្តន៍ ។

 
លោក អ៊ុក សមវិទ្យា អគ្គនាយកបេឡាជាតិសន្តិសុខសង្គម បាននិយាយថា របបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ​ បង្កើតឡើងក្នុងគោលបំណងធានាសន្តិសុខ ស្ថេរភាពប្រាក់ចំណូល និងការទទួលបានសេវាធានារ៉ាប់រងសុខភាព (health Care ) ពេលសមាជិក ប.ស.ស ចូលវិត្តន៍ ។ 
 
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នាព្រឹកថ្ងៃទី១១ខែកក្កដា លោក អ៊ុក សមវិទ្យា បានពន្យល់ថា ៖«ការបង់ភាគទានផ្នែកប្រាក់សោធនតាមរបបភាគទាន​ជាកាតព្វកិច្ច​ត្រូវបង់ ២ភាគរយ សម្រាប់និយោជក និង២ភាគរយទៀតសម្រាប់កម្មករនិយោជិតនៃប្រាក់ឈ្នួល សរុប៤ភាគរយ ក្នុងរយៈពេល៥ឆ្នាំដំបូង។ ប្រាក់ឈ្នួលដែលជាប់វិភាគទាន ត្រូវបង់ គឺស្ថិតនៅចន្លោះ ៤០ម៉ឺនរៀល រហូតដល់ ១លាន២០ម៉ឺនរៀល  ហើយ១លាន២០ម៉ឺននេះ គឺជាពិតានដែលអនុវត្តបច្ចុប្បន្ន »។ 
 
សម្រាប់ការបង់ប្រាក់វិភាគទានសោធននិវត្តន៍ នា៥ឆ្នាំដំបូង គឺតម្រូវតែ៤ភាគរយ ពីខាងនិយោជក និងកម្មករនិយោជិតប៉ុណ្ណោះ ប៉ុន្តែតម្លៃនៃការបង់នេះ នឹងកើតឡើងជាបន្តបន្ទាប់ នាឆ្នាំទៅមុខទៀត។លោក អ៊ុក សមវិទ្យា ថ្លែងដូច្នេះ៖
 
អគ្គនាយកបេឡាជាតិសន្តិសុខសង្គមរូបនេះបានបន្តថា ៖ «សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ កម្មករនិយោជិត និងនិយោជកត្រូវបង់៨ភាគរយ  ហើយ១០ឆ្នាំបន្ទាប់ទៀតត្រូវបង់ ១០,៧៥ភាគរយ រហូតដល់១០ឆ្នាំបន្តបន្ទាប់ទៀតត្រូវបង់បូក ២,៧៥ភាគរយ សម្រាប់ការបង់វិភាគទានកាតព្វកិច្ចរបស់និយោជន និងកម្មករនិយោជិត»។
 
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរបបភាគទាន​សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញត្តិនៃច្បាប់ការងារ រយៈពេល ៩០ថ្ងៃ គឺចាប់ខែកក្កដា ដល់ដំណាច់ខែកញ្ញា នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹស្ថានទូទាំងប្រទេស ។ 
 
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បាននិយាយថា ៖ «ផលប្រយោជន៍ និយោជកនឹងទទួលបានទឹកចិត្តរបស់កម្មករ ។ កម្មករកាលណាមានប្រាក់សោធន គាត់នឹងស្រលាញ់ការងារ ហើយមានក្តីសង្ឃឹមសម្រាប់ពេលអនាគត ប្រសិទ្ធភាពនៃការងាររបស់កម្មករល្អ មានវិន័យ ហើយអាចមានផលិតភាពខ្ពស់។ ចំណែកកម្មករវិញ ពេលចាស់ទៅធ្វើការងារលែងកើត និងមានប្រាក់សោធននិវត្តន៍នេះ សម្រាប់ចិញ្ចឹមពួកគាត់»។ 
 
សម្រាប់ការផ្សព្វផ្សាយនេះ ក្រសួងការងារ នឹងស្នើសុំបណ្តារោងចក្រ សហគ្រាស រយៈពេល ២ម៉ោងក្នុងមួយពេល ដើម្បីឱ្យកម្មករ និយោជិតបានចូលរួមយល់ដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃការចូលរួមក្នុងផ្នែកប្រាក់សោធន ។ ក្រសួងដាក់ផែនការផ្សព្វផ្សាយដល់កម្មករនិយោជិតតាមរោងចក្រ សហគ្រាស ឱ្យបាន៨០ភាគរយ នៃកម្មកសរុប ក្នុងរយៈពេល៣ខែនេះ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងការងារ។ 
 
ប្រាក់សោធននេះមានវិសាលភាពអនុវត្តចំពោះ បុគ្គលនៅក្នុងវិស័យសាធារណៈ(កំពុងតែរៀបចំ) ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ការងារ រួមបញ្ជូលទាំងអ្នកធ្វើការតាមផ្លូវអាកាស នាវា និងអ្នកបម្រើការងារក្នុងផ្ទះ និងអ្នកដែលប្រកបរបរដោយខ្លួនឯង។ នេះបើតាមលោក សមវិទ្យា។
 
មិនតែប៉ុណ្ណោះអ្នកនៅក្នុងបន្ទុក ឬអ្នកចាត់ចែងបូជាសពដែលមានប្រាក់សោធននិវត្តន៍ នឹងទទួលបានប្រាក់យ៉ាងតិចបំផុត ២លានរៀល ហើយអាចទទួលបានលើសនេះទៅតាមប្រាក់អតីតភាព ៥ខែចុងក្រោយរបស់សមាជិកគ្រួសារ។ លោក សមវិទ្យា បន្ថែម។
 
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងអនុវត្តការបង់វិភាគទាន នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរបបភាគទានជាកាតព្វកិច្ច និងរបបភាគទានដោយស្ម័គ្រចិត្ត នាថ្ងៃ១ តុលា ឆ្នាំ២០២២តទៅ៕
 
 

Tag:
 ប្រាក់សោធន
© រក្សាសិទ្ធិដោយ thmeythmey.com