ជាតិ
សេដ្ឋកិច្ច
រដ្ឋចាប់ផ្ដើមអនុវត្តប្រាក់សោធននិវត្តន៍ ដល់វិស័យឯកជន
03, Jul 2022 , 11:59 am        
រូបភាព
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ រដ្ឋាភិបាល ចាប់ផ្ដើមអនុវត្តប្រាក់សោធននិវត្តន៍ ដល់វិស័យឯកជន ចាប់ពីខែកក្កដានេះទៅ។ ​ប៉ុន្តែសហជីព កំពុងជំរុញឱ្យរដ្ឋគិតគូរ ប្រាក់សោធននិវត្តន៍នេះ ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀត។



លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បុគ្គលដែលស្ថិតនៅក្រោមបញ្ញតិនៃច្បាប់ស្តីពីការងារ ក្នុងនោះមានអ្នកធ្វើការវិស័យឯកជន អង្គការ និងគ្រឹះស្ថាន ដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម នឹងទទួលបានប្រាក់សោធននិវត្តន៍។ ប៉ុន្តែអង្គការ និងស្ថាប័នទាំងនោះ ត្រូវចុះបញ្ជីការងារផ្នែកសោធននិវត្តន៍ឱ្យបានត្រឹមត្រូវ ទើបអាចទទួលបានប្រាក់ចូលនិវត្តន៍ទាំងនោះ។
 
 «អ្នកដែលទទួលបានប្រាក់សោធននិវត្តន៍ ត្រូវចុះបញ្ជីកាផ្នែកប្រាក់សោធន ហើយត្រូវបង់ភាគទានយ៉ាងតិច ១២ខែ និងមានអាយុយ៉ាងតិច ៦០ឆ្នាំ»។ លោក ហេង​ សួរ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម ។
 
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឱ្យអនុវត្តរបបសន្តិសុខផ្នែកប្រាក់សោធន នៅថ្ងៃទី១ ខែកក្កដា ដែលស្របតាមមាត្រា ៣៩ នៃអនុក្រឹត្យចុះថ្ងៃទី ៤មីនា ឆ្នាំ២០២១ ដែលបានចែងពីការបរិច្ឆេទនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធននិវត្ត សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ នៃច្បាប់ស្ដីពីការងារ ត្រូវកំណត់ដោយប្រកាសរួម រវាងក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
ជុំវិញប្រាក់សោធននិវត្តន៍នេះ លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា គាំទ្ររដ្ឋាភិបាលអនុវត្តបែបនេះ ដើម្បីធានាដល់កម្រិតជីវភាពពលរដ្ឋនៅពេលចូលនិវត្តន៍។
 
« ខ្ញុំគិតថាលុយចូលនិវត្តន៍ វាសំខាន់ណាស់។ បើមិនចាប់ផ្ដើមអនុវត្ត ពេលពួកគាត់ចាស់ទៅគឺ ពិបាក ហើយពេលគាត់អស់អាយុ នឹងមិនបានចាយលុយសោធននិវត្តន៍»។ នេះបើតាមលោក អាត ធន់ ដែលចង់ឲ្យរដ្ឋាភិបាល អនុវត្តប្រាក់សោធន៍នេះ ដល់អ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរ។
 
តែយ៉ាងណាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបន្តថា ចំពោះបុគ្គលដែលស្ថិតនៅក្នុងការងារក្រៅប្រព័ន្ធ ពុំទាន់អាចបង់ភាគទាន បេឡាជាតិសន្តិសុខសង្គមផ្នែកសោធននេះទេ។ ជុំវិញរឿងនេះ រដ្ឋាភិបាល កំពុងសិក្សាស្វែងរកយន្តការដើម្បីពង្រីកការធានារ៉ាប់រងផ្នែកនេះ ដល់កម្មករនិយោជិតផ្នែកក្រៅប្រព័ន្ធ។
 
ជាមួយគ្នានេះ រដ្ឋាភិបាល ក៏កំពុង​រៀបចំ​គោលការណ៍​ប្រាក់​សោធន​និវត្ត សម្រាប់​ពលករ​ដែល​កំ​ពុង​ធ្វើការ​នៅក្រៅ​ប្រទេស ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​អត្ថប្រយោជន៍ ក្រោយពី​អស់​លទ្ធភាព​បំពេញការងារ នាពេល​អនាគត​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​និយាយថា គោលការណ៍​សោធ​និវត្ត ត្រូវបាន​រដ្ឋាភិបាល កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​រៀបចំ​លើ​គោលការណ៍​រួម​នេះ​។​
 
គោលបំណងនៃការអនុវត្តរបបសោធននេះ ដើម្បីឱ្យពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គម ពីប្រទេសមួយទៅប្រទេសមួយ បន្ទាប់ពីចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍។
 
តែយ៉ាងណាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ថា កិច្ចសហការផ្នែកប្រាក់សោធននេះ មិនទាន់មានបណ្តាប្រទេសណាមួយ បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នានៅឡើយ។ បើតាមលោក ហេង សួរ បច្ចុប្បន្នប្រទេសនៅលើសកលលោក កំពុងពិភាក្សាគ្នាពីបញ្ហារបបសោធននេះ ខណៈកម្ពុជាក៏បានចូលរួមជំរុញការពិភាក្សាលើចំណុចនេះ ជាមួយដៃគូរបស់ខ្លួនផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com