កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ក្លាយជាអ្នកចាត់ទូទៅការក្រុម DC United លីគកំពូលអាម៉េរិក
11, Jul 2022 , 4:19 pm        
រូបភាព
អតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Wayne Rooney បានយល់ព្រមទៅធ្វើជាអ្នកចាត់ការទូទៅនៅក្លិប DC United របស់លីគកំពូលអាម៉េរិក Major League Soccer។ បើតាមទូរទស្សន៍ ESPN ថ្ងៃទី១០ ខែកក្កដា។

 
Rooney ធ្លាប់ក្លាយជាកីឡាកររបស់ក្រុម DC United ចាប់ពីរដូវកាលឆ្នាំ ២០១៨ ដល់ ២០១៩ ក្រោយពេលចាកចេញពីក្លិប Everton ពេលបញ្ចប់រដូវកាល ២០១៧-១៨ រួច។ កាលពីដើមខែមិថុនា Rooney បានប្រកាសលាលែងពីតំណែងជាអ្នកចាត់ការក្រុម Derby County ក្រោយគ្រប់គ្រងរយៈពេល ១៧ខែ ហើយក្លិប Derby County បានជួបបញ្ហាហិរញ្ញវត្ថុត្រូវបានកាត់ឱ្យទៅលេងនៅក្របខណ្ឌលំដាប់ទី៣នៅអង់គ្លេស។
 
Wayne Rooney ចូលរួមជាមួយក្រុម Derby County ក្នុងនាមជាកីឡាករ និងគ្រូបង្វឹកក្នុងឆ្នាំ ២០២០ មុនត្រូវបានចូលកាន់តំណែងពេញសិទ្ធិក្នុងឆ្នាំ ២០២១​។
 
Rooney បានពិភាក្សាជាមួយក្លិបរបស់អាម៉េរិករយៈពេលជាង១សប្តាហ៍ ហើយរូបគេក៏បានយល់ព្រមលើសំណើរកិច្ចព្រមព្រៀង ពេលនេះអ្នកចាត់ការវ័យ ៣៦ឆ្នាំរូបនេះ កំពុងរង់ចាំធ្វើឯកធ្វើដំណើររួចរាល់។ នេះបើតាមទូរទស្សន៍ ESPN ថ្ងៃទី១០។ អតីតកីឡាករក្រុមបិសាចក្រហមមួយនេះ នឹងចូលកាន់តំណែងជំនួសលោក Chad Ashton ដែលជាគ្រូបង្វឹកបណ្តោះអាសន្នចូលកាន់តំណែងកាលពីខែមេសាមក។
 
អំឡុងនៅជាកីឡាកររបស់ Man United លោក Rooney បានជួយរកគ្រាប់បាល់រហូតដល់ទៅ ២៥៣គ្រាប់ដល់ក្រុម ហើយជួយបិសាចក្រហមឈ្នះពានរង្វាន់ Premier League ៥លើក និង ​Champions League ១លើក។
 
បច្ចុប្បន្នក្លិប DC United កំពុងជាក្រុមស្ថិតនៅលំដាប់ទី១៤ បាតតារាង ដោយមានត្រឹមតែ ១៧ពិន្ទុពីការប្រកួតចំនួន ១៧ ហើយជំនួបចុងក្រោយគេបង្អស់កាលសប្តាហ៍មុន ​DC United បានចាញ់ក្រុម Philadelphia Union រហូតដល់លទ្ធផល ៧-០៕
 

Tag:
 Wayne Rooney
  DC United
© រក្សាសិទ្ធិដោយ thmeythmey.com