កីឡាអន្តរជាតិ
អន្តរជាតិ
Leclerc ឈ្នះនៅទីលានអូទ្រីស ដើម្បីបន្តប្រជែងពាន F1 ជាមួយ Verstappen
11, Jul 2022 , 7:29 pm        
រូបភាព
កីឡាករ Charles Leclerc របស់ក្រុមប្រណាំង Ferrari ប្រជែងឈ្នះម្ចាស់ការពារតំណែងជើងឯក Max Verstappen ក្នុងកម្មវិធី Austrian Grand Prix។

 
នាកាប្រណាំងនៅទីលានទី១១ នៃព្រឹត្តិការណ៍ប្រណាំងរថយន្តពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនៅអូទ្រីស ថ្ងៃទី១០ ខែកក្កដា អ្នកប្រណាំង Leclerc បានរកឃើញជ័យជម្នះលើកទី៣របស់គេ ដោយប្រើថេរវេលា ១ម៉ោង ២៤នាទី និង២៤វិនាទី។
 
ម្ចាស់ការពារតំណែងជើងឯក Verstappen របស់ Red Bull បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ Lewis Hamilton ដែលបើកបរឱ្យក្រុម Mercedes ទទួលបានលេខរៀងទី៣។​​ Carlos Sainz របស់ក្រុម Ferrari ដែលឈ្នះការប្រណាំងជាលើកដំបូងក្នុងអាជីពនៅអង់គ្លេសសប្តាហ៍មុន មិនស្ថិតក្នុងលំដាប់ពិន្ទុនៅការប្រណាំងនេះទេ ដ្បិតមានបញ្ហាមាស៊ីនរថយន្ត។
 
Leclerc អ្នកបើកបរឱ្យក្រុម Ferrari សញ្ជាតិម៉ូណាកូ ដែលជាគូប្រជែងដ៏លេចធ្លោរបស់អ្នកប្រណាំងហូឡង់ Verstappen នៅរដូវកាលនេះ បង្កើនក្តីសង្ឃឹមឡើងវិញ តាមរយៈជ័យជម្នះនៅប្រទេសអូទ្រីសនេះ។ Leclerc បានកាត់បន្ថយការនាំមុខរបស់ Verstappen មកត្រឹម៣៨ពិន្ទុវិញ។
 
ឆ្លងកាត់ការប្រណាំង១១លើក Verstappen នាំមុខកំពូលតារាង F1 ដដែលជាមួយពិន្ទុសរុប ២០៨ពិន្ទុ តាមពីក្រោយដោយ Leclerc ដែលមាន១៧០ពិន្ទុ។ Perez​ មិត្តរួមក្រុម Red Bull ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន១៥១ពិន្ទុ ខណៈម្ចាស់ជើងឯក៧សម័យ Hamilton នៅលេខ៦មាន១០៩ពិន្ទុ។
 
ផ្នែកគ្រឿងម៉ាស៊ីនវិញ Ferrari​ ក៏បានបន្ថយពិន្ទុនាំមុខរបស់ Red Bull ផងដែរសម្រាប់ការប្រណាំងនៅទីលានទី១១នេះ។ Red Bull ឈកំពូលតារាង​ F1 ៣៥៩ពិន្ទុ នាំមុខគូប្រជែង Ferrari ចំនួន៥៦ពិន្ទុ។ Mercedes រក្សាលេខ៣ដដែលដោយរកបាន២៣៧ពិន្ទុ៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com