ជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងពិភាក្សាដើម្បីថ្វាយមតិដល់ព្រះរាជា ជុំវិញការកែប្រែរដ្ឋធម្មនុញ្ញលើកទី១០
11, Jul 2022 , 9:59 pm        
រូបភាព
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
ដោយ៖ វ៉ន ស៊ីចេន 
 
ភ្នំពេញ៖ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងដឹកនាំកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីរៀបចំមតិថ្វាយព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា  ជុំវិញសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលចេញនៅថ្ងៃទី១១ ខែកក្កដា។

 
ផ្អែកលើសេចក្តីប្រកាសព័ត៌មានដដែល ក្រុមប្រឹក្សាធម្មនុញ្ញ ដាក់កាលបរិច្ឆេទនៃកិច្ចប្រជុំរបស់ខ្លួន បន្ទាប់ពីទទួលបានព្រះរាជសារពីព្រះករុណាជាម្ចាស់ជីវិតលើត្បូង។ ព្រះរាជា ទ្រង់ប្រទានព្រះរាជសារទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឲ្យពិភាក្សាគ្នា ហើយថ្វាយមតិទៅទ្រង់វិញ អំពីការធ្វើវិសោធនកម្មនេះ។ 
 
រដ្ឋធម្មនុញ្ញ ចែងថា ព្រះមហាក្សត្រ ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចំពោះ​សេចក្ដី​ស្នើ​ទាំងឡាយ ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ ចែងទៀតថា ការ​ផ្ដើម​គំនិត​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ​ របស់​នាយករដ្ឋមន្ត្រី​ និង​របស់​ប្រធាន​រដ្ឋសភា តាម​សេចក្ដី​ស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន។ 
 
បន្ទាប់ពីព្រះមហាក្សត្រ ទ្រង់ទទួលបានមតិពីក្រុមប្រឹក្សាធម្មនុញ្ញហើយ ទ្រង់នឹងប្រទានដំណឹងទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាល នឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ទៅរដ្ឋសភា ដើម្បីពិនិត្យបន្ត។ តាមនីតិវិធី ពេលរដ្ឋសភា អនុម័តយល់ព្រមហើយ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះ នឹងត្រូវបញ្ជូនទៅកាន់ស្ថាប័នកំពូលចំនួន២ទៀត គឺទៅព្រឹទ្ធសភា ហើយចេញពីព្រឹទ្ធសភា ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយចុងក្រោយ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។
 
វាជាលើកទី១០ហើយ ដែលរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានលើកយកមកធ្វើវិសោធនកម្ម ដោយគិតចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៣មក។ សម្រាប់លើកនេះ មិនមែនតែរដ្ឋធម្មនុញ្ញនោះទេ ច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវបានលើកយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ។  
 
មាន៦មាត្រាក្នុងរដ្ឋធម្មនុញ្ញ និង២មាត្រាក្នុងច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវបានធ្វើវិសោធនកម្ម។ មាត្រាទាំង៦ក្នុងរដ្ឋធម្មនុញ្ញ គឺ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី រីឯ២មាត្រាក្នុងច្បាប់ធម្មនុញ្ញបន្ថែម គឺ មាត្រា៣ថ្មី និងមាត្រា៤ថ្មី។
 
សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងតាមរយៈកិច្ចប្រជុំ ក្រោមអធិបតីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សរសេរថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមលើកនេះ មានគោលបំណងធំៗ២ គឺទី១ ដើម្បីធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអង្គនីតិប្រតិបត្តិ ដំណើរការដោយរលូន និងមាននិរន្តរភាពគ្រប់កាលៈទេសៈ ទី២ ដើម្បីធានាស្ថិរភាពនយោបាយរបស់ប្រទេសគ្រប់កាលៈទេសៈ។ 
 
សូមរម្លឹកថា រដ្ឋធម្មនុញ្ញកម្ពុជា ទើបនឹងត្រូវបានធ្វើវិសោធនកម្មលើកទី៩ កាលពីចុងឆ្នាំ២០២១ ដោយកំណត់ថា មេដឹកនាំកំពូលទាំង៤រូប គឺប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី ត្រូវមានសញ្ញាតិខ្មែរតែមួយគត់៕ 
 
 
 
 
 
 

Tag:
 លោក អ៊ឹម ឈុនលឹម
  ក្រុមប្រឹក្សាធម្មនុញ្ញ
  វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
© រក្សាសិទ្ធិដោយ thmeythmey.com