កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ៖ យើងគោរព Man United ប៉ុន្តែជួប​ពួកគេ យើងត្រូវផ្តួល
11, Jul 2022 , 11:29 pm        
រូបភាព
លោក Jurgen Klopp ថ្ងៃទី១០ ខែកក្កដា និយាយថាជំនួបប្រកួតមិត្តភាពទល់ក្រុម Manchester United គឺជាការធ្វើតេស្តមួយដល់ល្អបំផុត សម្រាប់ត្រៀមបើករដូវកាលថ្មី Premier League។ លោក Klopp អះអាងថា លោកគោរព​ Man United ប៉ុន្តែក្រុមលោកត្រូវយកឈ្នះឱ្យខានតែបាន។

 
ក្រុមហង្សក្រហម ​Liverpool បានធ្វើដំណើរមកដល់ប្រទេសថៃ នាថ្ងៃទី១០ ខែកក្កដា សម្រាប់ត្រៀមខ្លួនប្រកួតក្នុងជំនួបមិត្តភាពទល់ក្រុមបិសាចក្រហម ​Manchester United នៅថ្ងៃទី​១២ កក្កដា ។ បិសាចក្រហមបានធ្វើដំណើរមកដល់ប្រទេសថៃ កាលពីថ្ងៃទី៩ ខែកក្កដា ហើយក្រុមបានត្រៀមខ្លួន និងហ្វឹកហាត់រយៈពេល ២ថ្ងៃរួចមកហើយ មុនក្រុមហង្សក្រហមមកដល់។ 
 
ជាមួយដំណើរប្រកួតមិត្តភាពទេសចរណ៍នៅប្រទេសថៃ ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្រុមទាំងពីរត្រូវបានអ្នកគាំទ្រជាច្រើនរយនាក់ រង់ចាំទទួលស្វាគមន៍ការមកដល់ ហើយអ្នកគាំទ្រជាច្រើនក៏មានឱកាសទទួលបានការថតរូប និងហត្ថលេខាពីកីឡាកររបស់ក្រុមទាំងពីរ។
 
និយាយក្នុងសន្និសីទកាសែត ក្រោយពេលមកដល់សណ្ឋាគារស្នាក់នៅរបស់ក្រុម Liverpool លោក Klopp ថា ក្រុមលោកគោរព Man United ប៉ុន្តែកូនក្រុមលោកត្រូវផ្តួលបិសាចក្រហម ហើយលោកចាត់ទុកការប្រកួតនេះ ជាការធ្វើតេស្តដ៏សំខាន់។
  


«យើងពិតជាគោរព United ខ្លាំងណាស់ ប៉ុន្តែនៅពេលយើងជួបពួកគេ យើងចង់ផ្តួលពួកគេ។ យើងមើលឃើញថាការប្រកួតនេះជាការធ្វើតេស្តដ៏សំខាន់មួយ ព្រោះជាការប្រកួតទល់ Man United ដូច្នេះយើងមិនលេងដោយមិត្តភាពឡើយ។»។ លោក Klopp និយាយបែបនេះ។
 
ចំណែកអ្នកគាំទ្រម្នាក់ឈ្មោះ Chukkrit Watcharasaksilp វ័យ៥៣ឆ្នាំ ដែលទទួលបានហត្ថលេខាលើអាវពីសំណាក់កីឡាករក្រុម Liverpool បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «ហត្ថលេខាពីកីឡាករ ​Firmino , Luis Diaz , Thiago Alcantara និងពី Diogo Jota ខ្ញុំពិតជារីករាយខ្លាំងដែលទទួលបានហត្ថលេខាទាំងនេះ ខ្ញុំនឹងដាក់តាំងអាវនេះនៅលើជញ្ជាំងផ្ទះរបស់ខ្ញុំជារៀងរហូត។»។
 
ដោយឡែកអ្នកគាំទ្ររបស់ក្រុម Manchester United មួយចំនួនបានបង្ហាញអារម្មណ៍ខកចិត្តដែលខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ មិនបានធ្វើដំណើរចូលរួមជាមួយក្រុម។ «ខ្ញុំមានការខកចិត្តបន្តិចដែរ ព្រោះ Ronaldo មិនចូលរួមក្រុមដំណើរប្រកួតទេសចរណ៍របស់ក្រុមបិសាចក្រហម ទោះជាបែបនេះក្តីខ្ញុំក៏នូវតែសរសើរគាត់ និងស្រលាញ់គាត់ព្រោះគាត់ជាដែលខ្ញុំពេញចិត្ត។»។ អ្នកគាំទ្រឈ្មោះ Adthapong O Charoenkul វ័យ៣៧ឆ្នាំ និយាយបែបនេះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
 
សំបុត្រចូលទស្សនាការប្រកួតរវាង Liverpool ទល់បិសាចក្រហម Manchester United ដែលមានតម្លៃជាង ២៥,០០០បាត (៧០០ដុល្លារ) ហើយសំបុត្រមួយចំនួន ត្រូវបានក្រុមហ៊ុនឧបត្ថម្ភការប្រកួតចែកជូនជាពិសេសដល់អ្នកគាំទ្រផងដែរ៕
 

Tag:
 Jurgen Klopp
  Liverpool
  Thailand
© រក្សាសិទ្ធិដោយ thmeythmey.com