កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag បញ្ជាក់ច្បាស់ថា Maguire នៅតែជាប្រធានក្រុមបិសាចក្រហម
11, Jul 2022 , 6:21 pm        
រូបភាព
រូបភាព Facebook ៖ Manchester United
រូបភាព Facebook ៖ Manchester United
លោក Erik ten Hag នា​ថ្ងៃទី១១ ខែកក្កដា បានបញ្ជាក់ច្បាស់ៗថា ខ្សែការពារ Harry Maguire នៅតែបន្តតួនាទីជាប្រធានក្រុមរបស់ Manchester United ដដែល។

 
Harry Maguire គឺជាខ្សែការពារដ៏មានបទពិសោធន៍មួយរូប ហើយរូបគេត្រូវបានក្លិបបិសាចក្រហម ប្រគល់ស្លាកប្រធានក្រុមឱ្យ ក្រោយពេលផ្ទេរមកពីក្រុម Leicester City ក្នុងឆ្នាំ ២០១៩។ មុនពេលលោក Ten Hag ចូលកាន់តំណែងជាអ្នកចាត់ការទូទៅនៅក្រុម Man United ខ្សែការពារសញ្ជាតិអង់គ្លេសត្រូវបានកាសែតជាច្រើនរាយការណ៍ថា តំណែងប្រធានក្រុមរបស់គេនឹងអាចត្រូវបាត់បង់។
 
ទោះបែបនេះក្តី និយាយក្នុងសន្និសីទកាសែតមុនការប្រកួតទល់ក្រុម Liverpool លោក ​Ten Hag បានបញ្ជាក់ប្រាប់នៅមុខអ្នកកាសែតជាច្រើននាក់ថា ខ្សែការពារជាប្រធានក្រុមជម្រើសជាតិអង់គ្លេសនៅតែជា ប្រធានក្រុមបិសាចក្រហម។
 
«Harry Maguire គឺជាប្រធានក្រុម ពិតណាស់ខ្ញុំបានស្គាល់កីឡាករទាំងអស់នៅពេលនេះ ហើយរឿងនេះវាត្រូវការពេលវេលា។ ប៉ុន្តែគាត់ធ្លាប់ធ្វើជាប្រធានក្រុមរយៈពេល ២ ឬ៣ឆ្នាំមកនេះ ហើយគាត់បានជួយក្រុមជោគជ័យជាច្រើន ខ្ញុំមិនសង្ស័យអ្វីឡើយអំពីបញ្ហានេះ។»។ លោក Ten Hag និយាយបែបនេះ។
 
Manchester United បានធ្វើដំណើរទៅដល់ប្រទេសថៃកាលពីថ្ងៃទី៩ ខែកក្កដា ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពដណ្តើមពានរង្វាន់ Bangkok Century Cup 2022 ទល់ក្រុម Liverpool នៅថ្ងៃទី១២ នាកីឡដ្ឋាន Rajamangala Stadium វេលាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា)។ Liverpool បានធ្វើដំណើរទៅដល់ប្រទេសថៃក្រោយក្រុមបិសាចក្រហមមួយថ្ងៃ។
 
​សំបុត្រសម្រាប់ចូលទស្សនាការប្រកួតរវាងក្រុមយក្សអង់គ្លេសទាំងពី នាកីឡដ្ឋានក្នុងទីក្រុងបាងកក មានតម្លៃដល់ទៅ ៧០០ដុល្លារ (២៥,០០០បាត) ក្នុងមួយសំបុត្រ។ 
 
គួររំលឹកដែរក្រោយការប្រកួតបញ្ចប់ក្រុមបិសាចក្រហមនឹងធ្វើដំណើរចាកចេញពីប្រទេសថៃសំដៅទៅប្រទេសអូស្ត្រាលី ចំណែកឯក្រុម Liverpool នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីប្រកួតមិត្តភាពបន្តជាមួយក្រុម Crystal Palace នៅថ្ងៃទី១៥ ខែកក្កដា៕
 
 

Tag:
 Erik ten Hag
  Harry Maguire
© រក្សាសិទ្ធិដោយ thmeythmey.com