ជាតិ
សេដ្ឋកិច្ច
គិតត្រឹម​ចុងឆមាសទី១ ម៉ូតូជិត៥,៥លានគ្រឿងត្រូវបានចុះបញ្ជី ភាគច្រើន​នៅភ្នំពេញ
12, Jul 2022 , 10:13 am        
រូបភាព
ទិដ្ឋភាពម៉ូតូក្នុងរាជធានីភ្នំពេញ ថតដោយ សុង សុធាវី និងរូបក្នុងរង្វង់ គឺលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន (រូបពីក្រសួង)
ទិដ្ឋភាពម៉ូតូក្នុងរាជធានីភ្នំពេញ ថតដោយ សុង សុធាវី និងរូបក្នុងរង្វង់ គឺលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន (រូបពីក្រសួង)
គិតត្រឹមឆមាសទី១ឆ្នាំ២០២២ កម្ពុជាមានយានយន្តជិត៦,៥លានគ្រឿង ក្នុងនោះម៉ូតូជិត៥,៥លានគ្រឿង ត្រូវបានចុះបញ្ជីប្រើប្រាស់នៅទូទាំងប្រទេស។ នេះបើតាមការអះអាងរបស់លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

 
អះអាងប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាម កាលពីថ្ងៃទី៨ ខែកក្កដា កន្លងមក លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា រថយន្តដែលបានចុះបញ្ជីសរុបដោយគិតដល់ត្រឹមចុងឆមាសទី១ឆ្នាំ២០២២ គឺមានចំនួន ៦ ៤៦១ ០០០គ្រឿង ក្នុងម៉ូតូមាន៥ ៤៦៨ ០០០ ឬ៨៤,៦ភាគរយ។ 
 
ក្នុងរយៈពេលដូចគ្នានេះ អ្នកនាំពាក្យក្រសួងសាធារណការ បានអះអាងថា រាជធានីភ្នំពេញ ទទួលបានការចុះបញ្ជីយានយន្តជិតពាក់កណ្តាលនៃចំនួនយានយន្តសរុប ដោយមានចំនួន ២ ៨១៨ ០០០គ្រឿង ហើយម៉ូតូ មានដល់ទៅ២ ០៩០ ០០០គ្រឿង។
 



ក្រៅពីចំនួនជាក់លាក់ទាក់ទងនឹងតួលេខនៃការចុះបញ្ជីម៉ូតូ លោក ហ៊ាង សុទ្ធាយុត្តិ មិនបានបញ្ជាក់លំអិតអំពីតួលេខនៃប្រភេទយានយន្តផ្សេងទៀតនោះឡើយ ដែលក្នុងនោះមានរថយន្តធុនស្រាល ធុនធ្ងន់ និងប្រភេទផ្សេងទៀត។
 
នៅកម្ពុជា ការចុះបញ្ជីយានជំនិះ ត្រូវបានតម្រូវតាមនីតិវិធីច្បាប់ដែលបានកំណត់។ ចំពោះការចុះបញ្ជីរថយន្ត ម្ចាស់យាន អាចស្នើសុំចុះបញ្ជីដោយខ្លួនឯងបាន តាមរយៈប្រព័ន្ធ ស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ដែលមានអាសយដ្ឋាន https://vehicle.mpwt.gov.kh ដោយអាចជ្រើសរើសផ្លាកលេខដែលលោកអ្នកពេញចិត្ត ហើយធ្វើការបំពេញព័ត៌មានចុះបញ្ជីដោយខ្លួនឯង ដោយមិនចាំបាច់ធ្វើការចំណាយក្រៅផ្លូវការផ្សេងៗ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com