កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាត់ការ Man United ៖ Ronaldo មិនសម្រាប់លក់ និងស្ថិតនៅក្នុងគម្រោងយើង
12, Jul 2022 , 11:29 am        
រូបភាព
រូបភាព៖ Skysport
រូបភាព៖ Skysport
អ្នកចាត់ការ Manchester United លោក Erik ten Hag ថ្ងៃទី១១ ខែកក្កដា បន្តអះអាងថា​ ខ្សែប្រយុទ្ធ Cristiano Ronaldo មិនមែនសម្រាប់លក់ឡើយ បើទោះជារូបនេះមិនចូលរួមធ្វើដំណើរប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីនៅថៃ និងអូស្ត្រាលីក្ដី។

 
ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ មិនបានវិលត្រលប់ចូលរួមហ្វឹកហាត់ជាមួយក្រុមនៅជំរុំហ្វឹកហាត់ក្នុងទីក្រុង Carrington ជាងពីរសប្តាហ៍ ដោយសារមូលហេតុបញ្ហាគ្រួសារ។ តែ Ronaldo បន្តហ្វឹកហាត់ផ្ទាល់ខ្លួនជាប្រចាំ។ 
 
កីឡាសញ្ជាតិព័រទុយហ្គាល់ ក៏មិនបានធ្វើដំណើរទៅកាន់ថៃជាមួយក្រុមបិសាចក្រហមឡើយ សម្រាប់ការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីឡើយ។ កាសែតកីឡាជាច្រើនបានរាយការណ៍ Ronaldo បានស្នើសុំចាកចេញពីក្លិប Man United ក្រោយពេលក្រុមគ្មានកៅអីលេង Champions League។
 
ក្នុងសន្និសីទកាសែតមុនជំនួបទល់ក្រុម Liverpool នាទីក្រុងបាងកក លោក Ten Hag អះអាងថា Ronaldo មិនមែនសម្រាប់លក់ឡើយ ព្រោះកីឡាករវ័យ ៣៧ឆ្នាំស្ថិតក្នុងគម្រោងរបស់លោក។
 
«យើងមានគម្រោងសម្រាប់ Cristiano Ronaldo សម្រាប់រដូវកាលថ្មី ហើយខ្ញុំសម្លឹងទៅមុខក្នុងការធ្វើការងារជាមួយរូបគេ។ ខ្ញុំបានអានព័ត៌មានទាំងនោះ ប៉ុន្តែខ្ញុំអាចនិយាយថា Cristiano Ronaldo គឺមិនសម្រាប់លក់ឡើយ គេស្ថិតក្នុងគម្រោងការរបស់យើង ហើយយើងចង់ជោគជ័យជាមួយគ្នា។»។ លោក ​Ten Hag និយាយបែបនេះ។
  

រូបភាព Facebook ៖ Manchester United 

មិនត្រឹមតែប៉ុណ្ណោះ​ អ្នកចាត់ការវ័យ ៥២ឆ្នាំ ក៏បានបញ្ជាក់ថាលោកបានសន្ទនាជាមួយម្ចាស់ ​Ballon d’Or ៥សម័យ យ៉ាងល្អ។ ដោយឡែកលោក Ten Hag ក៏បានបញ្ជាក់ច្បាស់ៗទៀតថា ប្រធានក្រុម Man United នៅតែជាខ្សែការពារ Harry Maguire ដដែរល។
 
កាលពីរដូវកាលមុន ​Ronaldo បានជួយរកគ្រាប់បាល់បាន ២៤គ្រាប់ ចាប់តាំងពីវិលត្រលប់ចូលរួមជាមួយក្រុម ក្រោយផ្ទេរពីក្រុម Juventus មក ហើយបានក្លាយជាកីឡាករល្អប្រចាំក្រុម និងឈ្នះពានរង្វាន់ Player of the year។ 
 
Man United បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ នៃ Premier League ដោយមានត្រឹម ៥៨ពិន្ទុដែលជាពិន្ទុទាបបំផុតប្រចាំប្រវត្តិសាស្ត្រក្លិប ហើយក្រុមធ្លាក់ទៅលេងពានរង្វាន់ Europa League រដូវកាលក្រោយ។ នេះជាហេតុផលធ្វើឱ្យ Ronaldo មិនសប្បាយចិត្ត ទើបស្នើក្លិបសុំចាកចេញ។
 
Manchester United ថ្ងៃទី១២ ខែកក្កដានេះ នឹងត្រូវជួបតទល់ជាមួយក្រុម Liverpool សម្រាប់ការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីដណ្តើមពានរង្វាន់ ​Bangkok Century Cup 2022 នាកីឡដ្ឋាន Rajamangala វេលាម៉ោង ៨ យប់៕
 
 
 
 
 
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com