កីឡាអន្តរជាតិ
អន្តរជាតិ
FA ចោទប្រកាន់ក្លិប Everton លើករណីអ្នកគាំទ្រចូលអុកឡុកក្នុងទីលានប្រកួត
12, Jul 2022 , 4:55 pm        
រូបភាព
ក្លិប Everton ថ្ងៃទី១១ ខែកក្កដា រងការចោទប្រកាន់ពីសំណាក់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) លើរឿងអ្នកគាំទ្រចូលអុកឡុកក្នុងទីលានប្រកួត អំឡុងការប្រកួតទល់ក្រុម ​Crystal Palace កាលពីខែមីនា។

 
ក្រុម Everton ដែលដឹកនាំដោយលោក Frank Lampard បានការពារកៅអីលេងនៅក្នុង Premier League ក្រោយពេលប្រកួតយកឈ្នះដោយការវាយបកលើក្រុម Crystal Palace ក្នុងលទ្ធផល ៣-២ នាទឹកដី Goodison Park។
 
គ្រាប់បាល់ទី៣ ដែលជាការស៊ុតបាននៅចុងម៉ោងដោយកីឡាករ ​Dominic Calvert-Lewin កាលនោះ បានធ្វើឱ្យអ្នកគាំទ្រ Everton ច្រើនរយនាក់បានរត់ចូលក្នុងទីលានប្រកួត ដើម្បីអបអរក្រុមរបស់ពួកគេបានឈ្នះការប្រកួត និងការពារកៅអីលេងនៅក្នុង Premier League រយៈពេលជាង ៦៨ឆ្នាំរបស់ខ្លួន។ ប៉ុន្តែក្រោយពេលរឿងនេះបានកើតឡើង សហព័ន្ធបាល់ទាត់ FA និង មន្ត្រីប៉ូលីសតំបន់ Merseyside មិនបានចាត់វិធានការអ្វីឡើយ។
 
ទើបតែមកដល់ថ្ងៃទី១១ កក្កដា នេះ FA បានប្រកាសចោទប្រកាន់ទៅលើក្រុម Everton នៅលើមាត្រាពីរផ្សេងគ្នាក្នុងច្បាប់ E20 របស់សហព័ន្ធបាល់ទាត់មួយនេះ។ មាត្រាទាំងពីរនោះទៀតសោត សំដៅលើអាកប្បកិរិយារបស់អ្នកគាំទ្រ និងការការពារសុវត្ថិភាព។
 
«Everton ត្រូវបានរងការចោទប្រកាន់លើករណីពីរ នៃច្បាប់ E20 របស់ FA ដោយសារតែបញ្ហាអំឡុងការប្រកួតទល់ក្រុម Crystal Palace កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២។ Everton បរាជ័យក្នុងការធានាសុវត្ថិភាពអ្នកទស្សនារបស់ខ្លួន និងមនុស្សទាំងអស់។ អ្នកគាំទ្របានការប្រើប្រាស់អាកប្បកិរិយាគំរាមកំហែង និងហិង្សា ខណៈពេលរត់ចូលអុកឡុកក្នុងទីលានប្រកួត។»។ បើតាមសេចក្តីថ្លែងការណ៍ FA។
 
សហព័ន្ធបាល់ទាត់ប្រចាំអង់គ្លេសមួយនេះ ក៏បានទុកពេលវេលាឱ្យក្លិប Everton ឆ្លើយតបចំពោះការចោទប្រកាន់បែបនេះ រហូតដល់ ថ្ងៃទី១៩ ខែកក្កដា។
 
សូមជម្រាបថា កាលពីរដូវកាល ២០២១-២២ ក្រុម Everton បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ១៦ នៃ Premier League ដោយមានត្រឹមតែ ៣៩ពិន្ទុពីការប្រកួតចំនួន ៣៨ប្រកួត ក្នុងនោះក្លិបរហ័សនាមស្ករគ្រាប់មួយនេះ រកជ័យជម្នះបានត្រឹមតែ ១១ប្រកួតប៉ុណ្ណោះ ហើយប្រកួតស្មើ៦លើក និងចាញ់រហូតដល់ទៅ២១លើក៕
 

Tag:
 ​​FA
  Everton
© រក្សាសិទ្ធិដោយ thmeythmey.com