ជាតិ
ពីនេះ ពីនោះ
ក្រៅពីខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀង ក៏អាចប៉ះពាល់ខេត្តកោះកុង មណ្ឌលគិរី និងរតនគិរី
12, Jul 2022 , 5:36 pm        
រូបភាព
ជំនន់ទឹកភ្លៀង កំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១១៥ និង ១១៦ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។
ជំនន់ទឹកភ្លៀង កំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១១៥ និង ១១៦ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។
ក្រៅពីខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀង នឹងអាចបន្តប៉ះពាល់ដល់ ខេត្តកោះកុង មណ្ឌលគិរី និងរតនគិរី។ បើតាម លោក សុទ្ធ គឹមកុលមុន្នី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជូនដំណឹងដល់អាជ្ញាធរតាមបណ្ដាខេត្តគោលដៅ ត្រៀមជួយសង្គ្រោះបន្ទាន់រួចរាល់ផងដែរ។

 
ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យកម្ពស់ទឹក ចំណុចស្ពានស្ទឹងសំរោងកើនឡើង និងធ្វើឱ្យជន់លិចផ្នែកខ្លះ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្រៅពីខេត្តព្រះសីហនុ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អះអាងថា អាចនឹងប៉ះពាល់ដល់ខេត្តដទៃមួយចំនួនទៀតផងដែរ។ 
 
លោករៀបរាប់ប្រាប់ ThmeyThmey25 តាមតេឡេក្រាមដូច្នេះ៖ «មកដល់ពេលនេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កំពុងរងការជន់លិច(ជំនន់ទឹកភ្លៀង)កើនឡើងកាន់តែខ្លាំង ហើយខេត្តមួយចំនួនទៀត កោះកុង ហើយអាចជន់លិចនៅខេត្ត រតនគិរី មណ្ឌលគិរី ដោយសារបរិមាណទឹកភ្លៀងច្រើន ហើយនៅតែបន្តធ្លាក់ជាបន្តទៀត។ អាចនឹងមានទឹកជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ទៀត នៅតាមបណ្ដាខេត្តមួយចំនួនទៀត»។ 
 
លោក សុទ្ធ គឹមកុលមុន្នី បន្ថែមទៀតថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានជូនដំណឹងទៅកាន់គ្រប់កងកម្លាំង អាជ្ញាធរមូលដ្ឋាន ដែលកំពុងឈរជើង នៅតាមបណ្ដាខេត្តគោលដៅនីមួយៗ ត្រៀមលក្ខណៈដើម្បីជួយអន្តរាគមន៍បន្ទាន់ផងដែរ។ លោកបន្តទៀតថា អាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏កំពុងតាមដានស្ថានភាពបន្តទៀត។ 
 
បញ្ហាជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យអាជ្ញាខេត្តព្រះសីហនុ សម្រេចផ្អាកចរាចរណ៍បណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ នៅចំណុចកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១១៥ ដល់ ១១៦ ស្ថិតក្នុងភូមិសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ 
 
គួរជម្រាបផងដែរថា យោងតាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតខ្សោយទៅមធ្យម។ តាមរយៈស្ថានភាពទាំងពីរខាងលើនេះ បណ្ដាលឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ 
 
ដោយឡែកតំបន់មាត់សមុទ្រ នៅថ្ងៃទី១៣ និងទី១៤វិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រវិញ នឹងមានភ្លៀងធ្លាក់ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។ ចំណែកចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យមផងដែរ៕
 
 
 
 
 
 

Tag:
 ThmeyThmey25
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com