កីឡាអន្តរជាតិ
អន្តរជាតិ
Bale ថាលីគកំពូលអាម៉េរិក MLS មិនមែនជាលីគសម្រាប់កីឡាករចូលនិវត្តន៍ឡើយ
12, Jul 2022 , 6:29 pm        
រូបភាព
រូបភាព Facebook ៖ Los Angeles Football Club
រូបភាព Facebook ៖ Los Angeles Football Club
Gareth Bale ថ្ងៃទី១១ ខែកក្កដា បានអះអាងថាលីគកំពូលអាម៉េរិក Major League Soccer មិនមែនជាលីគសម្រាប់កីឡាករចូលនិវត្តន៍ឡើយ។ ខ្សែប្រយុទ្ធសញ្ជាតិវែលស៍ ក៏សង្ឃឹមថាការចូលរួមជាមួយក្លិប Los Angeles FC នឹងជួយគេឱ្យមានទម្រង់លេងល្អឡើងវិញ។

 
ខ្សែប្រយុទ្ធវែលស៍ រូបនេះបានចុះកិច្ចសន្យាជាមួយក្លិប Los Angeles FC ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ ហើយអាចបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤។ ក្រោយពេលបានចុះកិច្ចសន្យាជាមួយក្រុម LAFC រួច ​Bale បានបង្ហាញក្តីសង្ឃឹមរបស់គេថា នឹងអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ ២០២៤ បាន។
 
Bale ចាកចេញពីក្លិប Real Madrid ពេលបញ្ចប់រដូវកាលក្នុងខែមិថុនា ក្រោយពេលកិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះបានផុតកំណត់។ Bale រួមរស់ជាមួយក្លិបយក្សអេស្ប៉ាញរយៈពេល ៨ឆ្នាំ ប៉ុន្តែរយៈពេល ៣រដូវកាលចុងក្រោយនាកីឡដ្ឋាន Santiago Bernabeu ​រូបគេបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ព្រោះតែមានបញ្ហារបួសជារឿយៗ។
 
ខណៈពេលស្ថិតនៅក្នុងប្រទេសអាម៉េរិក​ ហើយត្រៀមខ្លួនចូលលេងនៅក្នុងលីគកំពូល MLS ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំថា MLS មិនមែនជាលីគសម្រាប់ចូលនិវត្តន៍ឡើយ។ ការលើកឡើងរបស់ Bale នេះ ក្រោយមានពាក្យចចាមអារ៉ាមថា លីគកំពូល MLS ជាទីកន្លែងដែលកីឡាករពីតំបន់អឺរ៉ុបភាគច្រើន ចាប់អារម្មណ៍ទៅលេងមុនពេលចូលនិវត្តន៍ ។
 
«ដូចដែលខ្ញុំបាននិយាយ នេះគឺជាលីគមួយដែលបានរីកចម្រើន ហើយវាបានកើតឡើងមករយៈពេលជាង ១០ឆ្នាំមកហើយ។ ខ្ញុំមិនគិតថាមនុស្សគ្រប់គ្នាសម្លឹងឃើញថាជាលីគសម្រាប់ចូលនិវត្តន៍ឡើយ មនុស្សគ្រប់គ្នាបានគិតថា នេះជាលីគមួយដែលមានការរីកចម្រើនបំផុត។»។ Bale បាននិយាយប្រាប់គេហទំព័រផ្លូវក្លិប LAFC បែបនេះ។
 
មុនពេលផ្ទេរទៅកាន់ក្លិប​ LAFC នេះ Gareth Bale បានជួយក្រុមជម្រើសជាតិវែលស៍ ឈ្នះកៅអីទៅកាន់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា លើកដំបូងក្រោយរង់ចាំអស់ ៦៤ឆ្នាំ។ ព្រឹត្តិការណ៍ World Cup កាតានឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែវិច្ឋិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំ ២០២២ នេះ។
 
Los Angeles FC ដែល Bale បានចូលរួមគឺជាក្លិបទើបតែបង្កើតក្នុងឆ្នាំ ២០១៤ ហើយបានឡើងមកប្រកួតក្នុងលីគកំពូលអាម៉េរិកក្នុងឆ្នាំ ២០១៨។ ក្លិបបាល់ទាត់ថ្មីមួយនេះ បានធ្វើឱ្យអ្នកទស្សនាបាល់ទាត់នៅអាម៉េរិកមានការចាប់អារម្មណ៍ជាខ្លាំង ដោយបានប្រកួតឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ CONCACAF Champions League នៅឆ្នាំ ២០២០៕
 
 

Tag:
 Gareth Bale
© រក្សាសិទ្ធិដោយ thmeythmey.com