ជាតិ
ពីនេះ ពីនោះ
ភ្លៀង នឹងបន្តធ្លាក់មួយសប្ដាហ៍ទៀត ឯតំបន់មាត់សមុទ្រ មានរលកធំៗ និងជំនន់ទឹកភ្លៀង
13, Jul 2022 , 7:59 am        
រូបភាព
ជំនន់ទឹកភ្លៀងបណ្ដាលឱ្យលិចផ្ទះពលរដ្ឋ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម។
ជំនន់ទឹកភ្លៀងបណ្ដាលឱ្យលិចផ្ទះពលរដ្ឋ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម។
ភ្នំពេញ៖ ភ្លៀងនឹងបន្តធ្លាក់មួយសប្ដាហ៍ទៀត ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែកក្កដា។ ឯតំបន់មាត់សមុទ្រ អាចនឹងមានជំនន់ទឹកភ្លៀង និងរលកសមុទ្រធំៗនៅថ្ងៃទី១៣ និងទី១៤វិញ។  ស្ថានភាពបែបនេះបណ្ដាលមកពីកម្ពុជារងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ និងជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង។

 
យោងតាមការព្យាការណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងអំឡុងមួយសប្ដាហ៍នេះ កម្ពុជានឹងរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង នៅថ្ងៃទី១៣-១៤ ខែកក្កដា។ 

តាមការព្យាករណ៍ដដែល ចាប់ពីថ្ងៃទី១៥ ដល់ទី១៩កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងក្នុងកម្រិតខ្សោយទៅមធ្យម។តាមរយៈស្ថានភាពទាំងពីរខាងលើនេះបណ្ដាលឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាបនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ 


រលកសមុទ្រធំៗ នៅក្រុងព្រះសីហនុ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម។

ដោយឡែកតំបន់មាត់សមុទ្រ នៅថ្ងៃទី១៣ និងទី១៤វិញនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រខេត្តកោះកុងនិងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រវិញ នឹងមានភ្លៀងធ្លាក់ ខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់។ ចំណែកចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដានឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យមផងដែរ។ 
ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១១ ម្សិលមិញនេះបានផ្អាកសកម្មភាពអាជីវករចេញទៅកោះ ដោយសារស្ថានភាពខ្យល់ និងរលកធំៗនិងហាមមិនឱ្យចេញទូក និងហាមទេសចរលេងទឹក ក្នុងករណីអាកាសធាតុមិនល្អ។ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឱ្យ ម្ចាស់ទូកអាជីវកម្មប្រជានេសាទ ប្រុងប្រយ័ត្នខ្ពស់ ទាំងប្រព័ន្ធបច្ចេកទេស និងសម្ភារៈសុវត្ថិភាពផ្សេងៗផងដែរនិងភ្ញៀវទេសចរ ត្រូវពាក់អាវពោងជានិច្ច អំឡុងពេលធ្វើដំណើរតាមទូក និងលេងទឹក៕
 
 
 

Tag:
 ThmeyThmey25
  អាកាសធាតុ
  ជំនន់ទឹកភ្លៀង
  ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com