ជាតិ
សង្គមជាតិ
កម្ពុជា-ថៃ រកអំណះអំណាងរៀងខ្លួន ដើម្បីទាមទារយកបដិមា១នៅអាម៉េរិក
12, Jul 2022 , 6:10 pm        
រូបភាព
រូបពីសារព័ត៌មាន Thai PBS
រូបពីសារព័ត៌មាន Thai PBS
បុរាណវិទូថៃ បានប្រមូលភស្តុតាង ដើម្បីទាមទារយកបដិមា១នៅអាម៉េរិក ឯក្រសួងវប្បធម៌កម្ពុជា ក៏មិននៅស្ងៀមដែរ ដោយតាំងចិត្តតស៊ូយកបដិមានោះមកវិញឲ្យបាន។



ក្រោយផ្ទុះព័ត៌មានពីភាគីថៃថា បុរាណវិទូថៃម្នាក់ បានប្រមូលភស្តុតាង ដើម្បីទាមទារយកបដិមាបុរាណ១ ដែលកំពុងស្ថិតក្នុងសារមន្ទីរនៅសហរដ្ឋអាម៉េរិក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា ក៏ចាប់ផ្តើមប្រមូលភស្តុតាងដូចគ្នា ដើម្បីតទល់ជាមួយភាគីថៃ និងដើម្បីយកបដិមានោះមកកម្ពុជាវិញឲ្យបាន។ នេះជាការអះអាងរបស់លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

លោក ហាប់ ទូច ពន្យល់ថា ការទាមទារវត្ថុបុរាណខ្មែរពីបរទេសមកវិញ ត្រូវធ្វើទៅតាមច្បាប់និងនីតិវិធី។ មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌កម្ពុជា សង្កត់ធ្ងន់ដូច្នេះថា៖«[ករណីនេះ យើង] កំពុងស្រាវជ្រាវបន្តទៀត។ អ្វីដែលជារបស់យើង យើង នឹងទាមទារមកវិញ ហើយអ្វីដែលមិនមែនជារបស់យើង យើងក៏មិនចង់បានដែរ»។

បុរាណវិទូថៃម្នាក់ គឺលោក តាណុងសាក់ ហាន់វ៉ុង (Tanongsak Hanwong) អះអាងថា បដិមាដែលតម្កល់នៅសារមន្ទីររបស់សហរដ្ឋអាម៉េរិកនោះ ដើមឡើយ ត្រូវបានរកឃើញក្នុងប្រាសាទបានយ៉ាង (Ban Yang) នៃប្រទេសថៃ តែត្រូវបានឈ្មួញលួចនាំចេញទៅក្រៅប្រទេស។ សម្តីរបស់លោក ត្រូវបាន ស្រង់យកទៅចុះផ្សាយដោយសារព័ត៌មាន Thai PBS របស់ថៃ។ លោក ថែមទាំងបង្ហាញការយល់ដឹងរបស់ខ្លួនទៀតថា បដិមានោះ ត្រូវបានធ្វើឡើងក្នុងទម្រង់សិល្បៈភិម៉ៃ (Phimai)។ ប៉ុន្តែអ្វី ដែលគួរឲ្យងឿងឆ្ងល់ សារព័ត៌មាន Thai PBS បែរជាសរសេរថា បដិមានោះ ត្រូវគេជឿថា ជាបដិមាព្រះបាទ ជយវ្ម័នទី៦របស់ខ្មែរទៅវិញ។

លោក ហាប់ ទូច តបថា អ្វីដែលបុរាណវិទូថៃ លើកឡើង គ្រាន់តែជាការសន្និដ្ឋានផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោក មើលឃើញទៀតថា ព័ត៌មានអំពីបដិមានោះ ដែលបុរាណវិទូថៃរូបនេះទទួលបាន គឺមិនរឹងមាំឡើយ។ យ៉ាងណាក៏ដោយ លោក និយាយថា ក្រសួងវប្បធម៌កម្ពុជា ក៏មិនទាន់អាចធ្វើសេចក្តីសន្និដ្ឋានឲ្យលឿនពេកដែរ ជុំវិញករណីបដិមានេះ។ លោក បន្តថា ការទាមទារសម្បត្តិវប្បធម៌ណាមួយ មិនមែនជាការងាយស្រួល និងអាចសម្រេចបានភ្លាមៗនោះទេ ដ្បិតមានលក្ខណៈស្មុគស្មាញ ដែលតម្រូវឲ្យមានការស្រាវជ្រាវច្រើន និងការពិនិត្យលើទិដ្ឋភាពច្បាប់ ជាដើម។

បន្ថែមពីលើការបកស្រាយតាមទូរស័ព្ទ លោក ហាប់ ទូច បានផ្ញើសារតាមបណ្តាញតេឡេក្រាម មកកាន់សារព័ត៌មានថ្មីៗ ជុំវិញបដិមានេះ។ សាររបស់លោក បានឲ្យដឹងថា បដិមានោះ ត្រូវបានតម្កល់នៅសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក។ សារដដែល មិនបានបញ្ជាក់ថា បដិមានោះ ជាបដិមាព្រះបាទ ជយវ័្មនទី៦ ដូចសារព័ត៌មានថៃឡើយ តែបញ្ជាក់ថា បដិមានោះ «ប្រាកដណាស់ជាសិល្បៈខ្មែរ» ដែលត្រូវធ្វើឡើងតាមរចនាបថបាពួន ក្នុងសម័យអង្គរ នាសតវត្សទី១១។

សូមរម្លឹកថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរ មានការភ្ញាក់ផ្អើលដោយសារភាគីថៃម្តងរួចមកហើយ ដោយកាលនោះ មានការផ្សព្វផ្សាយលើបណ្តាញសង្គមអំពីរូបភាពសំណង់ថ្មថ្មី ដែលស្ថិតក្នុងដំណើរការសាងសង់លើទឹកដីថៃ ដោយសំណង់ថ្មនោះ ត្រូវគេមើលឃើញថា ចម្លងតាមរចនាបថប្រាសាទអង្គរវត្តរបស់ខ្មែរ។ មកដល់ពេលនេះ គេ មិនដឹងថា ថៃ បញ្ឈប់ការសាងសង់ប្រាសាទថ្មដែលមានរូបរាងដូចប្រាសាទអង្គរវត្តនោះ ឬក៏បន្តសាងសង់នោះទេ៕

Tag:
 កម្ពុជា
  ថៃ
  បដិមា
© រក្សាសិទ្ធិដោយ thmeythmey.com