កីឡាអន្តរជាតិ
អន្តរជាតិ
Man United បំបាក់ Liverpool ក្នុងជំនួបមិត្តភាពនៅថៃ ដោយលទ្ធផល ៤-០
12, Jul 2022 , 9:52 pm        
រូបភាព
រូបភាពគេហទំព័រ Telegraph
រូបភាពគេហទំព័រ Telegraph
ក្រុម Manchester United យកឈ្នះលើ Liverpool ក្នុងជំនួបមិត្តភាពត្រៀមបើករដូវកាលថ្មីដោយលទ្ធផល ៤-០ នៃពានរង្វាន់ Bangkok Century Cup 2022 នាកីឡដ្ឋាន Rajamangala Stadium ប្រទេសថៃ។



បិសាចក្រហម នៅវគ្គទីមួយបានបើកការនាំមុខរហូតដល់ទៅ ៣គ្រាប់ ដោយការវាយសម្រុកសន្ធាប់លើ Liverpool កីឡាករ Jadon Sancho រកបាននៅនាទី១២ ជាការបញ្ជូនពីខ្សែបម្រើ Bruno Fernandes, Fred នៅនាទី៣០ និង Antonia Martial នៅនាទី៣៣។ ការប្រកួតនេះទៀតសោតនៅដើមវគ្គទីមួយ ក្រុមហង្សក្រហមបានបើកការវាយសម្រុកខ្លាំងលើ Man United ប៉ុន្តែមិនមានឱកាសរកគ្រាប់បាល់បានឡើយ ដោយសារតែអ្នកចាំទី David De Gea បានជួយសង្រ្គោះបាល់ទាំងនោះ ហើយគ្រាប់បាល់ខ្លះមិនមានសំណាងដោយស៊ុតទៅត្រូវនឹងបង្គោលទី។
 
ជាការប្រកួតមិត្តភាពសាកល្បងកម្លាំង និងបច្ចេកទេស Liverpool ដែលដឹកនាំដោយលោក Jurgen Klopp បានផ្លាស់ប្តូរកីឡាករច្រើនរូបក្រោយពេលត្រូវក្រុមបិសាចក្រហមបើកការនាំមុខ ២គ្រាប់មុន ខណៈពេលលោក Erik ten Hag មិនបានផ្លាស់ជម្រើស១១នាក់ឡើយនៅវគ្គទីមួយ។ បញ្ចប់វគ្គទីមួយ Man United នាំមុខបណ្តោះអាសន្នលើ Liverpool ៣-០។
 
ឈានចូលវគ្គទីពីរក្រុមហង្សក្រហមបានបើកការវាយសម្រុកជាថ្មីម្តងទៀត លើក្រុមបិសាចក្រហមដែលបានផ្លាស់ប្តូរកីឡាករយុវជនជាច្រើនរូបឱ្យចូលលេង។ ការប្រកួតបានអូសបន្លាយដល់នាទី៦១ Liverpool បានផ្លាស់ប្តូរកីឡាករសំខាន់ៗ ដូចជាខ្សែការពារ Virgil Van Dijk, Trende Alexander Arnold, Anderson, ខ្សែបម្រើ Thiago Alcantara ខ្សែប្រយុទ្ធ Mohamed Salah និងកីឡាករចំណូលថ្មី Darwin Nunez ដើម្បីអាចមានឱកាសស្វែករកគ្រាប់បាល់មកវិញតាមក្រុមបិសាចក្រហម។ 
 
ទោះបីជាផ្លាស់ប្តូរកីឡាករល្អៗចូលច្រើននាក់ពីដើមវគ្គទីពីរមកក្តី Man United ដែលសម្បូរទៅដោយកីឡាករយុវជនអាចស្វែករកគ្រាប់ទី៤ ដោយកីឡាករវ័យក្មេង Facundo Pellistri នៅនាទី៧៦។ គ្រាប់ទី៤ នេះគឺការបញ្ជូនដោយកីឡាករ Amad Traore និងរួមចំណែកដោយខ្សែការពារ Eric Baily ដែលដណ្តើមបាល់បានពីការវាយបកក្រោយពេលការសម្រុករបស់ Liverpool ហើយរបូតបាល់។
 
លទ្ធផល ៤-០ បានរក្សាដល់នាទី៨២ ហង្សក្រហមទទួលបានបាល់ពិន័យ Freekick ដោយ Salah ជាអ្នករ៉ាប់រងការទាត់បាល់នេះ ប៉ុន្តែក្រុមបិសាចក្រហមស្ថិតក្រោមដឹកនាំរបស់លោក Ten Hag បានរៀបចំប្រព័ន្ធតំបន់ការពារបានយ៉ាងល្អ។ ក្រុម Liverpool បន្តដាក់សម្ពាធប៉ុន្តែគ្មានលទ្ធផលប្រែប្រួល រហូតការប្រកួតត្រូវបានបញ្ចប់ ដោយ Man United ឈ្នះដោយលទ្ធផល ៤-០ លើ Liverpool។

បិសាចក្រហមឈ្នះការប្រកួតក្នុងជំនួបដ៏សំខាន់មួយ ប៉ុន្តែទម្រង់លេងរបស់ក្រុមហាក់មិនទាន់មានភាពល្អប្រសើរខ្លាំងឡើងវិញនៅឡើយ ស្របពេលដែលក្រុមយក្សអង់គ្លេសមួយនេះត្រូវការពេលវេលាបន្ថែមដើម្បីហ្វឹកហាត់ សម្របខ្លួនក្រោមការគ្រប់គ្រងរបស់លោក Erik ten Hag ដែលជាអ្នកចាត់ការថ្មី។

សូមជម្រាបថាក្រោយបញ្ចប់ការប្រកួតមិត្តភាពក្នុងប្រទេសថៃនេះរួច Liverpool ត្រូវធ្វើដំណើរទៅកាន់ទឹកដីសិង្ហបុរីបន្តដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពទល់ក្រុម Crystal Palace នៅថ្ងៃទី១៦ ខែកក្កដា។ ចំណែកបិសាចក្រហម ត្រូវធ្វើដំណើរបន្តទៅអូស្ត្រាលីដើម្បីបន្តការប្រកួតលក្ខណៈមិត្តភាពដែលខ្លួនមានគ្រោងទុកសម្រាប់រដូវកាលថ្មីនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com