ជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ ទូលព្រះមហាក្សត្រ​ថា ការកែធម្មនុញ្ញលើកទី១០ ពុំប៉ះពាល់ប្រជាធិបតេយ្យឡើយ
13, Jul 2022 , 3:28 pm        
រូបភាព
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នាពេលកន្លងមក។  (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នាពេលកន្លងមក។ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ទូលព្រះមហាក្សត្រ ពីការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ អាចធ្វើទៅបាន ដោយពុំមានប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ និងរបបរាជានិយមឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។

 
លោក អ៊ឹម ឈុនលឹម ប្រធានប្រឹក្សាធម្មនុញ្ញ ដែលបានដឹកនាំកិច្ចប្រជុំពេញអង្គ បានសម្រេចទូលថ្វាយ ព្រះមហាក្សត្រ នរោត្តម សីហមុនី ថា ការស្នើសុំធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ ចំនួន៨មាត្រា ធ្វើឡើងស្របតាមបរិបទនៃសភាការណ៍ជាក់ស្ដែង។ ក្រុមប្រឹក្សាធម្មនុញ្ញ បានពន្យល់ថា ការសម្រេចវិសោធនកម្មនេះ ធ្វើឡើងដោយផ្អែកលើមាត្រា១៥៣ថ្មី មាត្រា១៥៤ថ្មី និងមាត្រា១៥៥ថ្មី នៃរដ្ឋធម្មនុញ្ញ។
 
ក្នុងលិខិត ក្រុមប្រឹក្សាធម្មនុញ្ញបានបើអង្គប្រជុំពេញអង្គ ចុះថ្ងៃទី១៣ កក្កដានេះ បានអះអាងថា៖ «ការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ…»។ 
 
សូមជម្រាបថា មាត្រា១៩ថ្មី(មួយ) នៃរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រទ្រង់ជាអ្នកតែងតាំងនាយករដ្ឋមន្រី្ត និងតែងតាំងគណៈរដ្ឋមន្រី្ត។ ចំណែក មាត្រា១១៩ថ្មី(មួយ) ប្រធានរដ្ឋសភា ជាអ្នកស្នើសុំព្រះមហាក្សត្រ តែងតាំងនាយករដ្ឋមន្រី្តក្នុងចំណោមតំណាងរាស្រ្តនៃគណបក្ស ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ឲ្យទៅបង្កើតរាជរដ្ឋាភិបាល។ ប៉ុន្តែការស្នើសុំរបស់ប្រធានរដ្ឋសភានេះ គឺត្រូវមានការឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភាផងដែរ។ 
 
មាត្រា៩៨ថ្មីវិញ គឺរដ្ឋសភាមានសិទ្ធិទម្លាក់សមាជិកគណៈរដ្ឋមន្រី្ត ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដែលធ្វើឡើងតាមសំឡេងឆ្នោតភាគច្រើននៃសមាជិករដ្ឋសភាទាំងមូល។ ប៉ុន្តែ មុននឹងទម្លាក់ លុះត្រាតែ ញត្តិបន្ទោសរាជរដ្ឋាភិបាល ធ្វើឡើងដោយតំណាងរាស្រ្តចំនួន៥០នាក់ ដាក់ទៅរដ្ឋសភា ទើបរដ្ឋសភាអាចពិភាក្សាសម្រេចថា ទម្លាក់ឬមិនទម្លាក់។ 
 
មាត្រា៨៩ចែកថា សមាជិករដ្ឋសភា ១ភាគ១០យ៉ាងតិច អាចស្នើសុំឲ្យ រដ្ឋសភាកោះហៅឥស្សរជនណាមួយ ចូលបំភ្លឺក្នុងរដ្ឋសភាបាន ជុំវិញបញ្ហាដែលមានសារសំខាន់។ រីឯ មាត្រា១២៥ថ្មី បើតំណែងនាយករដ្ឋមន្រី្តទំនេរ ត្រូវតែងតាំងគណៈរដ្ឋមន្រី្តមួយជាថ្មី តាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ បើគ្រាន់តែទំនេរមួយគ្រា ត្រូវរៀបចំតែងតាំងរដ្ឋមន្រី្តស្ដីទី បណ្ដោះអាសន្ន។ ជាមួយគ្នាដែរ មាត្រា១០២ថ្មី កំណត់ថា នីតិកាលរបស់ព្រឹទ្ធសភាពមានរយៈពេល៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។ ទាំងអស់នេះ ជាមាត្រាចំនួន៦ ក្នុងចំណោម៨មាត្រា ដែលបានដាក់ស្នើសុំឲ្យកែប្រែរដ្ឋធម្មនុញ្ញ ហើយពីរមាត្រាទៀត គឺចែងបន្ថែម។ ប៉ុន្តែ ចំនួន៣មាត្រាដែលត្រូវបានសម្រេចអនុម័តកែប្រែ ក្នុងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលពុំទាន់បានបញ្ជាក់ជាសាធារណនោះទេ៕ 
 
 

Tag:
 រដ្ឋធម្មនុញ្ញ
  វិសោធនម្ម
© រក្សាសិទ្ធិដោយ thmeythmey.com