កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ថា ប្តូរគ្រូច្រើនពេកធ្វើឱ្យគេបាត់សមត្ថភាពនិងឱកាសជោគជ័យនៅអង់គ្លេស
13, Jul 2022 , 5:19 pm        
រូបភាព
ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ថ្ងៃទី១២​ ខែកក្កដា បង្ហាញការមិនពេញចិត្តចំពោះការប្ដូរគ្រូបបន្តបន្ទាប់នៅអង់គ្លេស។ Pogba ដែលត្រឡប់ទៅចូលរួមជាមួយ Juventus វិញ អះអាងថា ការប្ដូរគ្រូញឹកញាប់នៅក្រុម ​Manchester United បានធ្វើឱ្យរូបគេបាត់សមត្ថភាព និងភាពជោគជ័យនៅអង់គ្លេស។

 
Pogba វិលទៅទ្រនំចាស់ Juventus  ក្រោយពេលប្រកាសចាកចេញពីក្រុមបិសាចក្រហម។ កាលពីឆ្នាំ ២០១៦ ខែ្សបម្រើវ័យ ២៩ឆ្នាំរូបនេះ​ បានផ្លាស់ទៅ Man United ពីក្រុមសេះបង្កង់របស់អ៊ីតាលី ក្នុងនាមជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេប្រចាំនៅ Premier League​ ហើយបំបែកកំណត់ត្រាពិភពលោកទៀត។
 
និយាយក្នុងសន្និសីទកាសែតលើកដំបូងនាថ្ងៃទី១២ នៅក្លិបថ្មី Juventus ខ្សែបម្រើធ្លាប់ឈ្នះពាន World Cup រូបនេះបានប្រាប់ពីមូលហេតុដែលរូបគេសម្រេចចិត្តចាកចេញ និងបញ្ហាផ្សេងអំឡុងពេលស្នាក់នៅ Old Trafford ។
 
«ខ្ញុំរីករាយសម្រាប់ជម្រើសដែលបានរើសសម្រាប់ជីវិតខ្ញុំ។ ពេលខ្លះអ្នកបង្កើតជម្រើសតែវាមិនទទួលបានផលដូចអ្វីដែលយើងរំពឹង​ ប៉ុន្តែឆ្នាំដែលលេងនៅ Manchester ខ្ញុំបានរៀនច្រើន ហើយបានរីកចម្រើន។ ការផ្លាស់ប្តូរគ្រូបង្វឹកជារៀងរាល់ឆ្នាំ ធ្វើឱ្យខ្ញុំមានការលំបាកខ្លាំង ជាមួយការរងរបួសគួបផ្សំគ្នា។ រឿងនេះក៏ជាផ្នែកមួយដ៏សំខាន់ដែលរារាំងខ្ញុំពីភាពជោគជ័យ។» Pogba និយាយបែបនេះ។
 
នេះជាលើកទីពីរដដែល Pogba បានចូលរួមជាមួយ Juventus ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួនពីក្រុមបិសាចក្រហម Man United។ ចាប់ផ្តើមរដូវកាលថ្មីជាមួយក្លិបអ៊ីតាលី Pogba ក៏សង្ឃឹមថា នឹងអាចបង្ហាញទម្រង់លេងល្អឡើងវិញនៅក្នុងក្របខណ្ឌ Serie A៕
 
 
 

Tag:
 Paul Pogba
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com