កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ច្រានចោលការរិះគន់ ក្រោយពេលកាន់តំណែងគ្រូបង្វឹក DC United
14, Jul 2022 , 9:39 am        
រូបភាព
អតីតខ្សែប្រយុទ្ធ Manchester United លោក Wayne Rooney ថ្ងៃទី១២ ត្រូវបានក្លិប DC United ប្រកាសតែងតាំងជាគ្រូបង្វឹកផ្លូវការហើយ។ Rooney បានបដិសេធការរិះគន់ដែលថា ការវិលត្រលប់ដឹកនាំក្លិបអាម៉េរិកនេះ ជាការបរាជ័យក្នុងអាជីពជាគ្រូបង្វឹក ក្រោយពេលដឹកនាំក្លិប Derby County ធ្លាក់ទីលីគទី៣ អង់គ្លេស។

 
មុនពេលសម្រេចទទួលការងាររបស់ក្លិប DC United គ្រូបង្វឹកវ័យ៣៦ឆ្នាំ រូបនេះបានបង្ហើបថា ក្រោយពេលប្រកាសលាលែងពីក្រម Derby ក៏មានក្រុមមួយចំនួននៅអង់គ្លេស និងក្នុងតំបន់អឺរ៉ុបបានទាក់ទងឱ្យទៅដឹកនាំដែរ។ Rooney បានឆ្លើយតបទៅក្លិបទាំងនោះថា រូបគេចង់សម្រាកមួយរយៈពេល។
 
ចាប់តាំងពីមានព័ត៌មានថា Rooney វិលត្រលប់ទៅដឹកនាំក្លិបចាស់នៅអាម៉េរិកនោះ ស្រាប់តែមានរិះគន់យ៉ាងខ្លាំងលើអតីតខ្សែប្រយុទ្ធ Man Utd រូបនេះ ពីសំណាក់អ្នកទស្សនាបាល់ទាត់អង់គ្លេស ។ ពួកគេរិះគន់ថា ការវិលត្រឡប់ក្លិបចាស់វិញនេះ ដោយសារតែ Rooney បរាជ័យក្នុងអាជីពដឹកនាំនៅអង់គ្លេស។ ក្រោយកាន់តំណែងជាគ្រូបង្វឹកនៅ DC United, Rooney បានឆ្លើយតបថាការទៅដឹកនាំក្លិបនៅអាម៉េរិកមិនមែនជាការបរាជ័យនៃអាជីពឡើយ។
 
«ខ្ញុំបានឃើញអត្ថបទមួយចំនួន ប្រាកដណាស់នៅអង់គ្លេស ក្នុងនោះបាននិយាយថាអាជីពការដឹកនាំរបស់ខ្ញុំបរាជ័យ ហើយខ្ញុំគិតថានេះជារឿងដែលមិនគោរពមួយដល់លីគអាម៉េរិកមួយនេះ។ ខ្ញុំបានដឹកនាំ Derby រយៈពេលជាង ១៨ខែ ខ្ញុំមានអារម្មណ៍ទទួលបានបទពិសោធន៍ច្រើនពីការបង្វឹកនេះ ក្នុងនាមជាអ្នកចាត់ការ ហើយការវិលមកអាម៉េរិកជាការប្រកួតប្រជែងដ៏អស្ចារ្យ។»។ Rooney និយាយបែបនេះ ក្នុងសន្និសីទកាសែតរបស់ក្លិបតាមបណ្តាញ Youtube។
 
អំឡុងនៅជាកីឡាកររបស់ Man United លោក Rooney បានជួយរកគ្រាប់បាល់រហូតដល់ទៅ ២៥៣គ្រាប់ដល់ក្រុម ហើយជួយបិសាចក្រហមឈ្នះពានរង្វាន់ Premier League ៥លើក និង ​Champions League ១លើក។
 
Rooney វ័យ៣៦ឆ្នាំ ធ្លាប់ជាកីឡាករក្លិប DC United អំឡុងឆ្នាំ ២០១៨ និង ២០១៩ មុនពេលចាកចេញទៅចូលរួមជាមួយក្លិប Derby County របស់អង់គ្លេសវិញនៅឆ្នាំ ២០២០ ក្នុងនាមជាកីឡាករ និងជាគ្រូបង្វឹក។ ​អតីតកីឡាករក្លិប Manchester United កាលពីដើមខែមិថុនា បានប្រកាសលាលែងពីតំណែងក្លិប Derby County ក្រោយរួមរស់រយៈពេល ១៨ខែ ហើយក្លិប Derby County នេះបានជួបបញ្ហាហិរញ្ញវត្ថុត្រូវបានកាត់ឱ្យទៅលេងនៅក្របខណ្ឌលំដាប់ទី៣នៅអង់គ្លេស។ 
 
បច្ចុប្បន្នក្លិប DC United កំពុងជាក្រុមស្ថិតនៅលំដាប់ទី១៤ បាតតារាង ដោយមានត្រឹមតែ ១៧ពិន្ទុពីការប្រកួតចំនួន ១៧ ហើយជំនួបចុងក្រោយគេបង្អស់កាលសប្តាហ៍មុន ​DC United បានចាញ់ក្រុម Philadelphia Union រហូតដល់លទ្ធផល ៧-០៕
 
 

Tag:
 Wayne Rooney
  DC United
© រក្សាសិទ្ធិដោយ thmeythmey.com