ពីនេះ ពីនោះ
«អប្បបញ្ញា» ឬ «អាប់​ប្រាជ្ញា» មានន័យថា ប្រាជ្ញាតិច, ប្រាជ្ញាអន់
15, Jul 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
តាមវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «អប្បបញ្ញា» និង «អាប់ប្រាជ្ញា» មានន័យ​ថា ប្រាជ្ញា​តិច, ប្រាជ្ញាអន់ដូចគ្នា។

 
«បញ្ញា» ឬ «ប្រាជ្ញា» មានន័យថា សេចក្ដីដឹងទួទៅ; សេចក្ដីដឹងកើតអំពីការរៀន, ស្ដាប់, គិត, សួរ; ការដឹងច្បាស់នូវសេចក្ដីពិត រីឯ «អប្ប» និង «អាប់» ក៏មានន័យ​ប្រហាក់​ប្រហែល​គ្នា​ផងដែរ។
 
«អប្ប» [អានថា អ័ប-ប៉ៈ] មានន័យ​ថា តិច; តូច; ស្ដួចស្ដើងឬស្ដើងស្ដួច ។ ក្រៅពីពាក្យ «អប្បបញ្ញា» វចនានុក្រម​លើកយកពាក្យមួយចំនួន​ទៀតមកពន្យល់ មានដូចជា «អប្បពុទ្ធិ» ដែលមានសេចក្ដីចេះដឹងតិច; ដែលមិនឈ្លាស; ល្ងង់, «អប្បលាភ» លាភតិច; អ្នកដែលមានលាភតិច ជាដើម។
 
រីឯពាក្យ «អាប់» វិញ មានន័យថា ដែលអន់ឬតិចពន្លឺ, អន់សម្បុរ; ថយលម្អ, មិនរុងរឿង; ថោក, ថោកថយ; សាបរលាប, ទន់ទាប; ខ្សោយ, ទន់ខ្សោយ; តិច, តិចផ្លូវដឹង, យឺតក្រយល់; ដែលឥតគេរាប់, អាប់គំនិត ឬ គំនិតអាប់ ខ្សោយគំនិត ឬគំនិតខ្សោយ, គំនិតតិច ។ 
 
«អាប់ប្រាជ្ញា» ឬ «ប្រាជ្ញាអាប់» គឺ​សំដៅ​លើ ខ្សោយប្រាជ្ញា ឬប្រាជ្ញាខ្សោយ, ប្រាជ្ញាតិច, ប្រាជ្ញាអន់។ អាប់មុខ ដែលមានមុខអាប់អន់, មិនរីកមុខ (ព្រោះមានសេចក្ដីអៀនខ្មាសក្នុងកណ្ដាលជំនុំជាដើម) ។ អាប់រស្មី ទន់ខ្សោយថយរស្មី; អន់រស្មី ។ អាប់អន់ ឬ អន់អាប់ ទន់ខ្សោយថយលម្អ ។ អាប់អួ ឬ អួអាប់ សុកមម៉ុក ពុំស្អាត, ពុំស្រឡះ, កខ្វិកកខ្វក់, គគ្រិកគគ្រក់ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com