ជាតិ
សង្គមជាតិ
ចិន១១នាក់ ដែលលួចផលិតគ្រឿងញៀន ត្រូវចោទប្រកាន់តាមច្បាប់គ្រឿងញៀន និងច្បាប់សម្អាតប្រាក់
14, Jul 2022 , 4:39 pm        
រូបភាព
បុរសជនជាតិចិនទាំង១១នាក់ ត្រូវឃាត់ឃ្លួន ក្រោមការសង្ស័យថា លួចផលិតគ្រឿងញៀន និងរក្សាទុកសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
បុរសជនជាតិចិនទាំង១១នាក់ ត្រូវឃាត់ឃ្លួន ក្រោមការសង្ស័យថា លួចផលិតគ្រឿងញៀន និងរក្សាទុកសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
ដោយ៖ វ៉ន ស៊ីចេន
 
តំណាងអយ្យការអមតុលាការភ្នំពេញ បានបើកការសាកសួរលើសំណុំរឿងគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមានបុរសជនជាតិចិន១១នាក់ ជាជនសង្ស័យ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។ នេះបើតាមព័ត៌មានពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ ដែលផ្តល់ដល់ក្រុមអ្នកកាសែតក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម។

 
លោក ប្លង់ សុផល អះអាងថា តំណាងអយ្យការ បានសាកសួរជនសង្ស័យទាំងនោះ ក្រោមបទចោទមួយចំនួន រួមមាន បទផលិតគ្រឿងញៀន និងបទរក្សាទុកសារធាតុគីមីផ្សំ (សម្រាប់ផលិតគ្រឿងញៀន) តាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ បើតាមលោកអ្នកនាំពាក្យរូបនេះដដែល តំណាងអយ្យការ ក៏បានសួរពួកគេ ក្រោមបទចោទផ្សេងទៀតដែរ គឺបទសម្អាតប្រាក់ តាមច្បាប់ស្តីពីការប្រឆាំងការសម្អាត់ប្រាក់។ 
 
សូមរម្លឹកថា សមត្ថកិច្ចកម្ពុជា បានចុះធ្វើប្រតិបត្តិការបង្ក្រាបទីតាំង ដែលលួចផលិតគ្រឿងញៀន និងរក្សាទុកសារធាតុគីមីផ្សំ សម្រាប់កែច្នៃគ្រឿងញៀន ក្នុងរាជធានីភ្នំពេញ និងក្នុងខេត្តចំនួន៣ គឺស្វាយរៀង ព្រៃវែង និងកណ្តាល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។ សមត្ថកិច្ច ប្រើពេល៣ខែ ក្នុងការស៊ើបអង្កេតលើករណីលួចប្រព្រឹត្តបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនេះ មុនឈានដល់ការចុះធ្វើប្រតិបត្តិការបង្ក្រាប។ 
 
ជាលទ្ធផល សមត្ថកិច្ច  រកឃើញ៧ទីតាំង ដោយ១ទីតាំង ជារោងចក្រផលិតគ្រឿងញៀន ក្នុងខេត្តស្វាយរៀង ឯ៦ទីតាំងទៀត ជាកន្លែងស្តុកទុកសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន។ ក្នុងប្រតិបត្តិការនេះ ជនជាតិចិន១១នាក់ ត្រូវឃាត់ខ្លួន គ្រឿងញៀនជិត២តោន និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជិត៣០០តោន ត្រូវរកឃើញ៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com