ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីការងារ៖ ប្រាក់សោធននិវត្តន៍ ជាផ្នែកមួយជួយបង្កើនផលិតភាពការងាររបស់សហគ្រាសឯកជន
14, Jul 2022 , 9:59 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ រូបថត៖ ក្រសួងការងារ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ រូបថត៖ ក្រសួងការងារ
ដោយ: ថ្មីៗ
ភ្នំពេញ៖ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន រួមចំណែកយ៉ាងសំខាន់បំផុតក្នុងការបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំបំពេញការងារប្រកបដោយស្ថិរភាព និងភាពយូរអង្វែងរបស់កម្មករនិយោជិត ឈានដល់ការបង្កើតផលិតភាពជូនសហគ្រាស គ្រឹះស្ថានរបស់ខ្លួន។ នេះជាការលើកឡើងរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 
រដ្ឋាភិបាល ចាប់ផ្ដើមអនុវត្តប្រាក់សោធននិវត្តន៍ ដល់វិស័យឯកជន ចាប់ពីខែកក្កដា ឆ្នាំ២០២២តទៅ។ របបសន្ដិសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យកម្មករនិយោជិតទាំងអស់ក្នុងវិស័យឯកជនទទួលបានប្រាក់ចូលនិវត្តន៍នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។ 
 
បើតាម លោក អ៊ិត សំហេង  ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ គឺជាការយកចិត្តទុកដាក់ខ្ពស់មួយរបស់រដ្ឋាភិបាលលើជីវភាពរស់នៅដោយផ្តោតលើកាត់បន្ថយភាពក្រីក្រ និងធានានូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។ លោកបានបញ្ជាក់ដូច្នេះ៖«របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នឹងជួយបង្កើតស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារ និងបង្កើនផលិតភាពក្នុងសហគ្រាស»។ 
 
ចំពោះការចុះឈ្មោះចូលជាសមាជិកប.ស.ស. ផ្នែកប្រាក់សោធន គឺមិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីនិយោជិត ត្រូវអនុវត្តស្របទៅតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រីក្រសួងការងារនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានសង្កត់ធ្ងន់បែបនេះ ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ទៅដល់ថ្នាក់ដឹកនាំសហជីព និងក៏ជាកិច្ចប្រជុំលើកទី៣ នៃយុទ្ធនាការ៩០ថ្ងៃ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី នារសៀលថ្ងៃទី១៤កក្កដា។ នេះបើតាមក្រសួងការងារ។
 
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឱ្យអនុវត្តរបបសន្តិសុខផ្នែកប្រាក់សោធន នៅថ្ងៃទី១ ខែកក្កដា ដែលស្របតាមមាត្រា ៣៩ នៃអនុក្រឹត្យចុះថ្ងៃទី ៤មីនា ឆ្នាំ២០២១ ដែលបានចែងពីការបរិច្ឆេទនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធននិវត្ត សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ នៃច្បាប់ស្ដីពីការងារ ត្រូវកំណត់ដោយប្រកាសរួម រវាងក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
កន្លងមក លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់សារព័ត៌មានថ្មីៗ ងថា បុគ្គលដែលស្ថិតនៅក្រោមបញ្ញតិនៃច្បាប់ស្តីពីការងារ ក្នុងនោះមានអ្នកធ្វើការវិស័យឯកជន អង្គការ និងគ្រឹះស្ថាន ដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម នឹងទទួលបានប្រាក់សោធននិវត្តន៍។ ប៉ុន្តែអង្គការ និងស្ថាប័នទាំងនោះ ត្រូវចុះបញ្ជីការងារផ្នែកសោធននិវត្តន៍ឱ្យបានត្រឹមត្រូវ ទើបអាចទទួលបានប្រាក់ចូលនិវត្តន៍ទាំងនោះ។
 
 «អ្នកដែលទទួលបានប្រាក់សោធននិវត្តន៍ ត្រូវចុះបញ្ជីកាផ្នែកប្រាក់សោធន ហើយត្រូវបង់ភាគទានយ៉ាងតិច ១២ខែ និងមានអាយុយ៉ាងតិច ៦០ឆ្នាំ»។ នេះបើតាមលោក ហេង សួរ៕
 

Tag:
 សោធននិវត្តន៍
  លោក អ៊ិត សំហេង
© រក្សាសិទ្ធិដោយ thmeythmey.com