អន្តរជាតិ
អាមេរិកបង្កើនជំនួយទៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងនិងការទូត ខណៈចិនពង្រីកឥទ្ធិពលរបស់ខ្លួន
15, Jul 2022 , 10:29 pm        
រូបភាព
អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris ថ្លែងតាមអនឡាញក្នុងអំឡុងពេលនៃកិច្ចប្រជុំ Pacific Islands Forum នៅសណ្ឋាការ Grand Pacific Hotel ក្នុងក្រុង Suva ប្រទេសហ្វីជី ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris ថ្លែងតាមអនឡាញក្នុងអំឡុងពេលនៃកិច្ចប្រជុំ Pacific Islands Forum នៅសណ្ឋាការ Grand Pacific Hotel ក្នុងក្រុង Suva ប្រទេសហ្វីជី ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២។
ដោយ: VOA
អ្នកជំនាញនិយាយថា គំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកក្នុងការជំរុញការគាំទ្ររបស់អាមេរិកនៅប្រទេសប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង គឺជាប្រតិកម្មចំពោះការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិននៅក្នុងប្រទេសដែនកោះក្នុងតំបន់ត្រូពិចដ៏ធំ ដែលជាប្រវត្តិសាស្ត្រស្ថិតនៅក្រោមឥទ្ធិពលរបស់លោកខាងលិច។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបជាវិជ្ជមានកាលពីថ្ងៃពុធ ចំពោះគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏បានប្រយ័ត្នប្រយែងផងដែរ។


អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយក្នុងអំឡុងសន្និសីទព័ត៌មានដែលនៅទីក្រុងប៉េកាំងថា៖ «យើងរីករាយដែលឃើញបណ្តាប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកទទួលបានការគាំទ្របន្ថែមទៀត សម្រាប់ការអភិវឌ្ឍ និងការពង្រឹងពីបណ្តាប្រទេសដែលមានបំណងធ្វើដូច្នេះ។ នេះតែងតែជាជំហររបស់ចិន។ ទន្ទឹមនឹងនោះ យើងជឿជាក់ថា នៅពេលបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកនេះ។ ប្រទេសទាំងអស់ មិនគួរកំណត់គោលដៅ ឬប៉ះពាល់ផលប្រយោជន៍ភាគីទី ៣ ឡើយ»។
 
ប្រទេសប្រជុំកោះតូចៗនៅមហាសមុទ្រប៉ាស៊ីហ្វិកនេះភាគច្រើនក្រីក្រ ហើយពឹងផ្អែកលើជំនួយ និងពាណិជ្ជកម្មពីប្រទេសធំៗ។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានបំណងបង្កើតស្ថានទូតនៅក្នុងប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង គឺប្រទេសគីរីបាទី និងតុងហ្គា។ ការិយាល័យរបស់លោកប្រធានាធិបតី Joe Biden និយាយថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីស្នើសុំថវិកាពីសភាចំនួន ៦០ លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ទសវត្សរ៍ក្រោយ គឺស្មើបីដងនៃថវិកានាបច្ចុប្បន្ន ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចដែនសមុទ្រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com